សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 17, 2013

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​សន្និសីទកាសែត បង្ហាញ​ពី​ការរារាំង មិន​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​លេង​ស្រុកកំណើត​

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថា​កន្លងមក​ថ្មីៗ​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងខណៈ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​នៅ​កម្ពុជា​ក្រោម ត្រូវបាន​អាជ្ញាធរ​វៀតណាម​នៅ​ច្រក​ព្រំដែន​ហាមឃាត់ មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​នៅ​កម្ពុជា​ក្រោម​។ បញ្ហា​នេះ នឹង​ត្រូវ​លើក​បង្ហាញ ក្នុង​សន្និសីទកាសែត នា​ថ្ងៃ​អាទិត្យ ទី​២១ ខែ​មេសា​ខាង​មុខ​។​

​សេចក្តីប្រកាស​លើក​ឡើង​ថា ខ្មែរ​កម្ពុជា​ក្រោម​ខ្លះ ត្រូវបាន​ឃាត់ខ្លួន​អស់​រយៈពេល ៤៨ ម៉ោង ត្រូវបាន​ពិន័យ​ជា​ទឹកប្រាក់​រាប់សិប​លាន​ដុង ត្រូវ​បាន​ឆែកឆេរ​ឥ​វ៉ាន់ ត្រូវបាន​សួរចម្លើយ និង​គម្រាមកំហែង បំផិតបំភ័យ ហើយ​ត្រូវបាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​។ រី​ឯ​អ្នកខ្លះ​ទៀត ពេល​ទៅដល់​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម ត្រូវបាន​អាជ្ញាធរ​វៀតណាម​នៅ​ទីនោះ រឹតត្បិត​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើ​ដំណើរ ដូច​ជា​ការ​ហៅ​ទៅ​សួរចម្លើយ​នៅ​ទីស្នាក់ការ​នគរបាល​ឃុំ ស្រុក និង​ខេត្ត​ជា​ញឹកញាប់​។​


 
​សេចក្តីប្រកាស​ដដែល បង្ហាញថា អ្នកខ្លះ​ទៀត ត្រូវបាន​នគរបាល​វៀតណាម​ពី​ថ្នាក់​ស្រុក​ដល់​ថ្នាក់​ខេត្ត ចុះ​មក​សួរចម្លើយ គម្រាមកំហែង បំផិតបំភ័យដ​ល់​គេហ​ដ្ឋា​ន​តែម្តង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកខ្លះ​ទៀត ក៏​ត្រូវបាន​អាជ្ញាធរ​វៀតណាម​រឹបអូស​យក​លិខិត​ឆ្លងដែន ព្រមទាំង​ចាប់បង្ខំ​ឲ្យធ្វើ​ជា​កិ​ញ​សម្ងាត់ ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​ខ្មែរក្រោម ឲ្យ​អាជ្ញាធរ​វៀតណាម​ទៅវិញ​។​
        
​សេចក្តីប្រកាស លើកឡើងថា ដោយ​សម្លឹង​ឃើញ​ថា នេះ​ជា​ទង្វើ​រំលោភ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម មកលើ​ខ្មែរ​កម្ពុជា​ក្រោម ទើប​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​អង្គ​សន្និសីទ​សារព័ត៌មាន ស្ដីពី “​សេរីភាព​ដើរហើរ​របស់​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ត្រូវបាន​រំលោភ ពី​សំណាក់​អាជ្ញាធរ​វៀតណាម​” ដើម្បី​ជា​ការអំពាវនាវ​សូមឲ្យ​អាជ្ញាធរ​វៀតណាម ត្រូវតែ​បញ្ឈប់​រាល់​ទង្វើ​រំលោភ​សិទ្ធិ​ខ្មែរក្រោម​។​

​មិនទាន់​មាន​ប្រតិកម្ម​បែបណា​ពី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ជុំវិញ​ការលើកឡើង​ខាងលើ​នៅ​ឡើយ​ទេ​។

សន្និសីទកាសែត​នោះ នឹង​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២១ ខែ​មេសា ឆ្នាំ​២០១៣ នៅវេលា​ម៉ោង ៩ ដល់​ម៉ោង ១០ ព្រឹក នៅ​សាលប្រជុំ នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ឋិត​ក្នុង​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕

No comments:

Post a Comment

yes