លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរដ៏ក្រាញ់អំណាច
លោក ហ៊ុន សែន ព្រមានរាស្រ្តខ្មែរទៀតហើយ ព្រោះខ្លាចចាញ់ឆ្នោត
នាយករដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ
បានព្រមានម្ចាស់ឆ្នោតថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ឲ្យលោកអាចបន្តដឹកនាំប្រទេស ដើម្បីចៀសផុតពីសង្គ្រាម
និងអាចរស់នៅមានជីវិតបាន ប្រកបដោយការអភិវឌ្ឍ។
នាយករដ្ឋមន្ត្រីថ្លែងបែបនេះ ជាការឃោសនា រកសំឡេងឆ្នោត
មុនយុទ្ធនាការបោះឆ្នោត នៅចុងខែមិថុនា មកដល់
និងខណៈការបោះឆ្នោតថ្នាក់ជាតិខិតជិតមកដល់ នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣នេះ។
ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅស្រុកថ្ពង
ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៩ ខែមេសានេះ នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា
បើជឿទុកចិត្ត ហ៊ុន សែន ដែលដឹកនាំប្រទេសដោយមានការអភិវឌ្ឍ
សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យលោកបន្តដឹកនាំ
គឺបោះដើម្បីប្រជាជនខ្លួនឯង។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត
មានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យបោះឆ្នោតហើយ សោកស្តាយមួយជីវិត ៖ “ការបោះឆ្នោតជូនគណបក្សប្រជាជន មានតម្លៃស្មើនឹងការបោះឆ្នោត
ឲ្យខ្លួនឯងតែប៉ុណ្ណោះ ព្រោះបោះដើម្បីអ្វី? បោះដើម្បីរស់រានមានជីវិត
បោះដើម្បីចាកផុតពីសង្គ្រាម បោះដើម្បីសន្តិភាព បោះដើម្បីការអភិវឌ្ឍ
ដូច្នេះបោះឲ្យគណបក្សប្រជាជន
ហើយឲ្យខ្ញុំព្រះករុណាខ្ញុំបន្តតំណែងជានាយករដ្ឋមន្ត្រី
មានតម្លៃបោះស្មើជូនប្រជាជនខ្លួនឯងតែប៉ុណ្ណោះ
ព្រោះបោះខុសជាការបំផ្លាញខ្លួនឯងទេ គេហៅថា សម្រេចមួយថ្ងៃ ចង្រៃមួយជីវិត
រឿងធ្វើរដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តម
នោះហើយសម្រេចចិត្តខុសមួយថ្ងៃ ចង្រៃមួយជីវិត
ករណីដូចគ្នានឹងកើតឡើងនៅពេលខាងមុខ”។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ធ្លាប់ព្រមានថា
គម្រោងអភិវឌ្ឍន៍មួយចំនួន នឹងត្រូវបង្កក ប្រសិនបើគណបក្សប្រជាជនកម្ពុជា
មិនបានឈ្នះការបោះឆ្នោតនៅខែកក្កដា ខាងមុខ។ នៅថ្ងៃសុក្រនេះ
លោកនាយករដ្ឋមន្ត្រី ក៏បានព្រមានថា ក្រុមនិស្សិត
នឹងឈប់វាស់វែងដីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់
ប្រសិនបើគណបក្សប្រជាជនកម្ពុជា
មិនទទួលបានជ័យជម្នះជារដ្ឋាភិបាលដឹកនាំប្រទេស ៖ “ដូច្នេះសូមបញ្ជាក់ជូនឲ្យហើយ គឺថាបើចង់ឲ្យយុវជនត្រឡប់មកវិញគឺ
វិធីតែមួយគត់គឺបោះឆ្នោតឲ្យគណបក្សប្រជាជន នោះនឹងមកវិញវាស់ហើយ”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
ដែលកើតចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស លោក យឹម សុវណ្ណ
មានប្រសាសន៍ថា សាររបស់នាយករដ្ឋមន្ត្រី ជាការភ័យខ្លាចចាញ់ការបោះឆ្នោត
និងជាសារគំរាមមួយ តែអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋ យល់ដឹងពីបញ្ហានេះ
៖ “ខ្ញុំយល់ថា គណបក្សណាជាប់ឆ្នោត ក៏មានសន្តិភាពដែរ
ពីព្រោះប្រជាពលរដ្ឋខ្មែរស្អប់សង្គ្រាម សហគមន៍អន្តរជាតិខំប្រឹងអស់លុយ
រាប់ពាន់លានដុល្លារដើម្បីសន្តិភាព តែប្រសិនជាដើរទៅបង្កើតសង្គ្រាម
គឺអ្នកនោះជាឧក្រិដ្ឋជន”។
សម្រាប់ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ
វីរៈ មានប្រសាសន៍ថា នាយករដ្ឋមន្ត្រីជាអ្នកបញ្ចប់សង្គ្រាមជាមួយខ្មែរក្រហម
ដែលបណ្តាលឲ្យនាយករដ្ឋមន្ត្រីលើកឡើងបែបនេះ។ លោកថា
ការចាញ់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា អាចប៉ះពាល់ដល់មន្ត្រី
ឬអ្នកដែលមានទ្រព្យសម្បតិ្តច្រើន ៖ “ខ្ញុំអត់យល់ថា
គណបក្សប្រជាជន នឹងបង្កើតសង្គ្រាមបើគាត់ចាញ់ឆ្នោតទេ នេះខ្ញុំមិនជឿទេ
បើសិនគាត់ធ្វើអញ្ចឹងប្រវត្តិសាស្ត្រនឹងជេរគាត់
ហើយប្រជាពលរដ្ឋនឹងជេរគាត់ងាប់ហើយ។ បើរឿងអស្ថិរភាពសង្គម
នឹងប៉ះពាល់អ្នកមានៗជាច្រើន នៅពេលបច្ចុប្បន្ននេះ អញ្ចឹងរឿងអស្ថិរភាព
រឿងសង្គ្រាមអីនេះ វានឹងប៉ះពាល់មន្ត្រីបច្ចុប្បន្ន
ដែលកំពុងតែមានលុយច្រើនណាស់ មានវីឡាច្រើន មានដីច្រើនគឺប៉ះពាល់។
ដូច្នេះពួកគាត់មិនហ៊ានបង្កសង្គ្រាម គាត់មិនចង់ទេបង្កសង្គ្រាមនោះ
ខ្ញុំមិនជឿទេបាទ”។
គួរបញ្ជាក់ថា គណបក្សកាន់អំណាច និងគណបក្សប្រឆាំង
កំពុងតែបង្កើតការឃោសនានានា បង្ហាញពីគោលនយោបាយរបស់ខ្លួន
ដើម្បីទទួលបានការគាំទ្រពីម្ចាស់ឆ្នោត នៅថ្ងៃទី២៨ខែកក្កដា ខាងមុខ៕
No comments:
Post a Comment
yes