ស៊ីមកាតរបស់ក្រុមហ៊ុន Metfone
ប្រជាពលរដ្ឋកម្ពុជាមួយចំនួន បានសម្តែងភាពងឿងឆ្ងល់ ដោយសារពួកគេបានឃើញស៊ីមកាតប្រព័ន្ធទូរស័ព្ទMetfone ដែលគ្រប់គ្រងដោយវៀតណាម ត្រូវបានដាក់ស្លាកសញ្ញារូបប្រាសាទអង្គរវត្តរបស់កម្ពុជាពីលើ។
ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ ជាសិស្ស-និស្សិត និងអាជីវករ បានបង្ហាញទស្សនៈស្រដៀងគ្នា លើការដាក់រូបប្រាសាទអង្គរវត្តនៅលើស៊ីមទូរស័ព្ទ Metfone របស់វៀតណាមថា ក្រុមហ៊ុនទូរស័ព្ទនេះ ជារបស់វៀតណាម ដូច្នេះមិនគួរយកប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក មកដាក់ដូច្នេះទេ ។
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ប្រទេសកម្ពុជា មិនទាន់មានច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីការពារមិនឲ្យអ្នកណាម្នាក់ យកប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ ទៅផ្សព្វផ្សាយលើផលិតផលអ្វីមួយ ។
VOD មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនទូរស័ព្ទ Metfone នៅកម្ពុជា ដើម្បីអធិប្បាយលើបញ្ហានេះបាននៅឡើយទេ។ តែបុគ្គលិកផ្នែកបម្រើសេវាទូរស័ព្ទម្នាក់ បានប្រាប់VODថា ក្រុមហ៊ុនតែងតែផ្លាស់ប្តូររូបនៅលើស៊ីមកាតពីមួយរដូវកាលទៅមួយរដូវកាល។
សម្រាប់អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា នេះជាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនណាមួយ ស្របពេលកម្ពុជា មិនទាន់មានច្បាប់គ្រប់គ្រងការផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ។ លោកបន្តថា កម្ពុជាមិនទាន់មានការរៀបចំឲ្យបានច្បាស់លាស់ទេ ពីការយកនិមិត្តសញ្ញាបេតិកភណ្ឌរបស់ប្រទេស ទៅផ្សាយពាណិជ្ជកម្មអ្វីមួយ៖
គួរបញ្ជាក់ថា កន្លងទៅ មានការរិះគន់ជាបន្តបន្ទាប់ លើការយករូបប្រាសាទអង្គរទៅដាក់ លើស្បែកជើង ចានឆ្នាំង និងចានគោះបារីជាដើម ដែលផលិតផលទាំងនោះ ភាគច្រើនមកពីប្រទេសវៀតណាម៕
No comments:
Post a Comment
yes