សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 18, 2013

កម្ពុជា​លើក​ពី​ករណី​ថៃ​មិន​គោរព​ដីកា ICJ

130418_01
ភ្ញៀវ​ទេសចរក្នុង​ស្រុក​ (ឆ្វេង)​ ប្រើ​កែវ​យឹតនៅ​ឯ​ប្រាសាទ​ព្រះ​វិហារ​នៅ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​
សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ​ដើម្បី​មើល​​ទាហាន​ថៃ​ដែល​បោះ​ជំរំ​នៅ​ជិត​ព្រំ​ដែន​​

លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ដែល​ស្ថិត​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទីក្រុង​ឡាអេ ពី​ថ្ងៃ​ទី​១៥ មេសា ដើម្បី​ចូល​រួម​សវនាការ (ផ្ទាល់​មាត់​)​បាន​លើក​ពី​អំណះ​អំណាង​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌ អន្តរជាតិ (ICJ) ថា ប្រទេស​ថៃ​ខក​ខាន​មិន​គោរព​តាម​ដីកា​ថ្ងៃ​ទី​១៨ កក្កដា ២០១១ ដែល ICJ បង្គាប់​ឲ្យ​កង​ទ័ព​ដក​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​និង​ឲ្យ​មាន​ការ​បញ្ជូន​ក្រុម​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​ទៅ​តំបន់​នោះ​ដើម្បី​ធានា​លើ​បទ​ឈប់​បាញ់​។
លោក​រដ្ឋ​មន្ត្រី ហោ ណាំហុង សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ចំនួន​៧​ទំព័រ​ថ្លែង​ទៅ​ចៅ​ក្រម​នៅ ICJ ថា​ ៖ «​ថៃ​តែង​តែ​រិះ​រក​វិធី​គេច​វេះ​មិន​គោរព​សេចក្តី​សម្រេច​របស់​អង្គ​តុលាការ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១​។ អាកប្បកិរិយា​បែប​នេះ​របស់​ថៃ បាន​កើត​មាន​ឡើង​នៅ​ក្នុង​ឱកាស​ប្រជុំ​ក្រុម​ការ​ងារ​រួម​នោះ​ចំនួន​បី​លើក​នៅ​ក្នុង​ចន្លោះ​ពី​ខែ​មេសា ដល់​ខែ​ធ្នូ ២០១២​»។ «អាស្រ័យ​ហេតុ​នេះ​ការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ការ​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ក្រោម​ការ​គាំពារ​របស់​អាស៊ាន​ពុំ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដើម្បី​ត្រួត​ពិនិត្យ​ការ​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ក្នុង​ដំណាក់​កាល​រង់​ចាំ​ការ​កាត់​ក្តី​ជា​ស្ថាពរ​របស់​អង្គ​តុលាការ​»។​
កម្ពុជា​ធ្វើ​ការ​ស្នើ​សុំ​តុលាការ ICJ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១ ធ្វើ​ការ​បក​ស្រាយ​សាល​ក្រម​ថ្ងៃ​ទី​១៥​ខែ​មិថុនា ឆ្នាំ​១៩៦២​ក្នុង​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ​ដោយ​សារ​ថៃ​បាន​ចូល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់ ២០១១​ហើយ​ថៃ​​អះ​អាង​ថា ដី​៤,៦​គីឡូម៉ែត្រ​ការ៉េ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្លួន។
លោក ហោ ណាំហុង បាន​ថ្លែង​ថា​៖ «ការ​ពិត​គឺ ថៃ​លែង​ដឹង​ថា តើ​ត្រូវ​ការ​ពារ​គោល​ជំហរ​ដែល​មាន​ភាព​ផ្ទុយ​គ្នា​និង​មិន​អាច​ទ្រាំ​ទ្រ​រួច​បែប​ណា​ហើយ​ថៃ​ខិតខំ​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​អូស​បន្លាយ​ការ​កាត់​សេចក្តី​ដែល​ផ្ទុយ​ទៅ​វិញ​កម្ពុជា​ចង់​បាន​ឆាប់​ដើម្បី​បំភ្លឺ​សភាព​ការណ៍»។
កាល​ខែ​កក្កដា ឆ្នាំ​២០១១ ICJ បាន​បញ្ជា​ឲ្យ​កម្ពុជា​និង​ថៃ​ត្រូវ​តែ​ដក​ទ័ព​ជា​បន្ទាន់​ចេញ​ពី​តំបន់ គ្មាន​យោធា​១៧,៣ គីឡូម៉ែត្រ​ការ៉េ​ជុំវិញ​ប្រាសាទ​ដែល​កំណត់​ដោយ​តុលាការ​ដើម្បី​ធានា​បទ​ឈប់​បាញ់​គ្នា​។
លោក ហោ ណាំហុង បាន​ថ្លែង​ថា​កម្ពុជា​ចាំ​បាច់​ត្រូវ​បញ្ចប់​វិវាទ​ដី​ព្រំដែន​ជុំវិញ​ប្រាសាទ​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​។
លោក ហោ ណាំហុង បាន​ថ្លែង​បន្ត​ថា​៖ «ខ្ញុំ​សូម​ស្នើ​ឲ្យ​តុលាការ​ចេញ​សាល​ដីកា​មួយ​ដែល​នឹង​បញ្ចប់​ជា​ស្ថាពរ​វិវាទ​នេះ​ដែល​បាន​ធ្វើ​ឲ្យ​ល្អក់​ខ្វល់​ដល់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ជិត​ខាង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ គឺជា​ការ​ដល់​ពេល​វេលា​ហើយ​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​សន្តិភាព និង​ពោរ​ពេញ​ទៅ​ដោយ​ស្មារតី​ស្ថាបនា។ កម្ពុជា​ចង់​បាន​ខ្លាំង​ណាស់​»។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ថ្លែង​ពី​ម្សិល​ថា មាន​តែ​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង ម្នាក់​គត់​ដែល​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។
លោក កុយ គួង អ្នក​នាំ​ពាក្យ​របស់​លោក ហោ ណាំហុង មិន​អាច​ទាក់​ទង​បាន​ទេ​ពី​ថ្ងៃ​ពុធ​។
ICJ បាន​ផ្តល់​ប្រាសាទ​ព្រះវិហារ​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២​ប៉ុន្តែ​ថៃ នៅ​តែ​អះ​អាង​ភាព​ជា​ម្ចាស់​លើ​ដី ៤,៦ គីឡូ​ម៉ែត្រ​ការ៉េ​ជិត​នោះ។
ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​កម្ពុជា​និង​ថៃ កើត​ឡើង​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨​នៅ​ពេល​អង្គការ​យូណេស្កូ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​បាន​បង្ក​ជា​ការ​ប្រយុទ្ធ​គ្នា​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ខែ​កុម្ភៈ និង​មេសា ឆ្នាំ​២០១១​ក្នុង​ការ​គ្រប់​គ្រង​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ អាភីស៊ី វេចាជីវ៉ា។
បើ​ទោះ​ជា​កង​ទ័ព​នៅ​បណ្តោយ​ព្រំដែន​កម្ពុជា‑ថៃ​នៅ​មាន​សភាព​ស្ងប់​ស្ងាត់​ភាគី​ទាំង​ពីរ​មាន​ការ​ប្រុង​ជើង​ការ​ថ្ងៃ​ទី​១៥​ខែ​មេសា ខណៈ​ដែល​ទាហាន​កម្ពុជា​ស្រវឹង​ស្រា​ម្នាក់​បាន​បាញ់​កាំភ្លើង AK-47 ឡើង​លើ​ពីរ​បង់​នៅ​យប់​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ នេះ​បើ​យោង​តាម​មន្រ្តី​យោធា​ម្នាក់​ដែល​ប្រចាំ​ការ​នៅ​ឯ​បរិវេណ​ប្រាសាទ​ព្រះ​វិហារ ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​។
លោក​បន្ត​ថា​៖ «វា​ជា​លើក​ទី​១​ហើយ​ដែល​ទាហាន​របស់​យើង​បាញ់​ឡើង​លើ​ដោយ​សារ​ស្រវឹង​ស្រា និង​ការ​ខក​ចិត្ត​មិន​មាន​ការ​ផ្តល់​អំណោយ​អ្វី​បន្តិច​សោះ​ដែល​បាន​ធ្វើ​ឲ្យ​ទាហាន​ភាគី​ទាំង​ពីរ​មាន​ការ​ភ្ញាក់​ផ្អើល​ហើយ​ភ្លាមៗ​បាន​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​សួរ​ព័ត៌មាន​អំពី ការ​បាញ់​នេះ​ប៉ុន្តែ​យើង​បាន​ជម្រាប​ទៅ​ខាង​ថៃ​ថា ទាហាន​ស្រវឹង​ស្រា​ម្នាក់​បាន​បាញ់​ឡើង​លើ​។ វា​ជា​ការ​ល្អ​ដែរ​ដែល​ខាង​ថៃ​មិន​បាន​ប្រតិកម្ម​តប​ត​អំពី​ការ​បាញ់​នេះ​យើង​សន្យា​រក្សា​ភាព​ស្ងប់​ស្ងាត់​និង​ជម្រាប​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់​ពេល បើ​មាន​អ្វី​កើត​ឡើង​»។
លោក ស្រី ឌឹក មេ​បញ្ជា​ការ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​អះអាង​ថា ស្ថានភាព​ទូទៅ​របស់​កង​ទ័ព​កម្ពុជា​និង​ថៃ​នៅ​ព្រំដែន​នៅ​តែ​មាន​សភាព​ស្ងប់​ស្ងាត់​ដូច​ធម្មតា​ប៉ុន្តែ​បដិសេធ​ថា​ពុំ​មាន​ទាហាន​ស្រវឹង​ណា​បាញ់​ឡើង​លើ​ទេ​។
លោក Virachai Plasai ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ទីក្រុង​ឡាអេ​បាន​ប្រាប់​តុលាការ​ម្សិល​មិញ​ថា៖ «កម្ពុជា​មិន​គោរព​ការ​កាត់​ក្តី​និង​ឯកសារ​ទាំង​អស់​នៅ​ក្នុង​វិវាទ​ដើម​ដំបូង​ហើយ​ទាំង​អស់​ខាង​លើ​នេះ​មិន​គោរព​ការ​សន្យា​របស់​ខ្លួន​»។ លោក​បន្ថែម​ថា​ជម្លោះ​បច្ចុប្បន្ន​មិន​មាន​អ្វី​ពាក់​ព័ន្ធ​នឹង​ភាព​ជា​កម្មសិទ្ធិ​នៃ​ប្រាសាទ​ព្រះ​វិហារ​ទេ​ប៉ុន្តែ​វា​កើត​ចេញ​ពី​ផែន​ទី​ដែល​ដាក់​បង្ហាញ​ដើម្បី​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​ដែល​បាន​រំលោភ​លើ​ដី​ថៃ​។
លោក​បន្ត​ថា​៖ «នេះ​គឺជា​បុព្វហេតុ​ពិត​ប្រាកដ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​បច្ចុប្បន្ន​ដែល​ទាំង​អស់​គឺ​បង្ក​ឡើង​ដោយ​កម្ពុជា​។ ថៃ​ធ្វើ​អ្វីៗ​គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​ការ​ពារ​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ​»។
មេធាវី​ថៃ​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​៖«ការ​ស្នើ​សុំ​គួរ​ឲ្យ​ចម្លែក​នេះ​ដែល​ស្នើ​តុលាការ​ធ្វើ​ការ​សន្មត​លើ​អ្វី​ដែល​តុលាការ​សម្រេច​រួច​ហើយ​គឺជា​សំណើ​មិន​គួរ​គប្បី»៕ 

No comments:

Post a Comment

yes