សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 18, 2013

រឿង​ខ្លោច​ផ្សា​ដែល​នាយក​រដ្ឋ​មន្ត្រី​មិន​គួរ​មើល​រំលង

130418_02a
អ្នក​ស្រី​ង៉ែត ឃុន ដែល​ត្រូវ​នគរ​បាល​វាយ​ដំ​ជា​ញឹក​ញាប់​
អ្នក ស្រី​ង៉ែត ឃុន អ្នក​ស្រី​យ៉ោម​បុប្ផា និង​លោក ឈូក បណ្ឌិត​មនុស្ស​ទាំង​បី​នាក់​នេះ គឺជា​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ ក្រោម​អភិបាល​កិច្ច នៃ​រាជ​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​សម្តេច ហ៊ុន​សែន​។
តាំង​ពី​ដើម​រៀង​មក ស្ត្រី​ជរា​ម្នាក់ ដែល​មាន​ឈ្មោះ​ង៉ែត ឃុន អាយុ​ជាង​៧០​ឆ្នាំ​ទៅ​ហើយ​នោះ តែង​តែ​ខិត​ខំ​ចេញ​មុខ​តស៊ូ ធ្វើ​ការ​តវ៉ា ទាម​ទារ​រក​យុត្តិធម៌ ជាមួយ​អស់​ទាំង​ស្រ្តី​ដទៃ​ទៀត​នៅ​ម្តុំ​បឹង​កក់​ដែល​ស្ថិត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដោយ​សារ​តែ​ពួក​គាត់​ត្រូវ​បាន​ទទួល​ការ​បៀត​បៀន​ក្នុង​ជីវិត​រស់​នៅ​ពី​សំណាក់​មនុស្ស​ខ្លាំង តែ​ចិត្ត​មិន​សឿង ហើយ​ក៏​មិន​មែន​ជា​មនុស្ស​ខ្លាំង​ពិត​ប្រាកដ​នោះ​ទេ​។ ពួក​គេ​ខ្លាំង​ដៃ​ទៅ​លើ​តែ​ស្ត្រី​ភេទ​ខ្មែរ​ដែល​ទន់​ខ្សោយ ដៃ​ទទេ​តែ​ប៉ុណ្ណោះ​។​ជា​ពួក​មនុស្ស​ខ្លាំង​តែ​ឈរ​ពួន​ពី​ក្រោយ​ខ្នង​ពួក​ជន​ប្រដាប់​អាវុធ ហើយ​ក៏​ពុំ​មាន​ការ​ខ្មាស​អៀន​ក្នុង​សតិ​សម្បជញ្ញៈ​របស់​ខ្លួន​សោះ​ឡើយ ក្នុង​ការ​ធ្វើ​ព្រងើយ​កន្តើយ ចំពោះ​ទុក្ខ​សោក​និង​ទារុណកម្ម​ទាំង​ផ្លូវ​ចិត្ត​ទាំង​ផ្លូវ​កាយ​ដែល​ខ្លួន​បាន​បង្កើត​ឲ្យ​មាន​ទុក្ខ​សោក​ដល់​ជីវិត​រស់​នៅ​របស់​មនុស្ស​មួយ​ចំនួន​ធំ នៅ​ម្តុំ​បឹង​កក់​និង​បុរី​កីឡា។

តើ​ពួក​មនុស្ស​ខ្លាំង​ដែល​ចិត្ត​មិន​សឿង​ទាំង​នោះ​ជា​នរណា? គឺជា​រដ្ឋាភិបាល​និង​អស់​ទាំង​មនុស្ស​ពាក់​ព័ន្ធ ក្នុង​រឿង​បង្ក​ទុក្ខ​សោក ក្នុង​ជីវិត​រាស្ត្រ​ខ្មែរ​ក្នុង​ករណី​នេះ​។
ខ្ញុំ​នៅ​នឹក​ឃើញ​ជានិច្ច​រូប​ថត​មួយ​សន្លឹក ដែល​គេ​ថត​បាន​ហើយ​ចុះ​ផ្សាយ ក្នុង​សារ​ព័ត៌មាន​គឺជា​រូប​ថត​អ្នក​ស្រី​ង៉ែត ឃុន​ដែល​នគរបាល​វ័យ​ក្មេង​ចិត្ត​សាមាន្យ​វាយ​គាត់​បែក​ក្បាល​ហូរ​ឈាម​ក្នុង​គ្រា​បាតុកម្ម​តវ៉ា​មួយ​។ គាត់​យក​ដៃ​ទ្រ​ក្បាល ដែល​របួស​ហូរ​ឈាម​រហាម​ហើយ​គាត់​យំ...គាត់​យំ​ដោយ​ក្តី​ឈឺចាប់ និង​ដោយ​ចិត្ត​សង្វេគ​កណ្តោច​កណ្តែង...ប្រហែល​ជា​គាត់​មិន​នឹក​ស្មាន​ដល់​ទេ​ថា គ្មាន​នរណា​នឹង​ហ៊ាន​លើក​ដៃ វាយ​គាត់​ដូច្នោះ​ឡើយ​។ ទឹក​ភ្នែក​គាត់​ហូរ ហើយ​ឈាម​ក៏​ហូរ​ចេញ​ពី​មុខ​របួស ក្បែរ​បន្ទូល​ក្បាល​របស់​គាត់​។ ខ្ញុំ​នឹក​អនិច្ចា​ក្នុង​ចិត្ត អាណិត​អាសូរ​គាត់​ជា​ពន់​ពេក​។ គាត់​មាន​ភ្នែក​ស្រវាំង​ល្អក់ ដែល​មើល​ទៅ​ដូច​ភ្នែក​ម្តាយ​របស់​ខ្ញុំ​ដែល​បាន​ចែក​ឋាន យូរ​យារ​ទៅ​ហើយ​នោះ​ដែល​រូបភាព​នេះ ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​កាន់​តែ​ខ្លាំង​។
ខ្ញុំ​គិត​ថា សម្តេច​តេជោ​ហ៊ុន​សែន គួរ​តែ​មាន​ដួង​វិញ្ញាណ​នៃ​សេចក្តី​ក្លាហាន និង​សន្តាន​ចិត្ត​សប្បុរស​កោះ​អញ្ជើញ​ឲ្យ​អ្នក​ស្រី​ង៉ែត ឃុន បាន​មក​ជួប ហើយ​ឱប​ក្រសោប​គាត់ និង​សុំ​អភ័យទោស​ពី​គាត់ ដែល​ជា​ស្ត្រី​ចាស់​ទន់​ខ្សោយ​មួយ​រូប ដែល​ត្រូវ​នគរបាល​ខ្មែរ​វាយ​ឲ្យ​របួស​។ លើស​ពី​នេះ អ្នក​ស្រី​ង៉ែត ឃុន គួរ​ត្រូវ​បាន​ទទួល​សំណង​ជំងឺ​ចិត្ត​នឹង​មុខ​របួស ពី​រដ្ឋាភិបាល​ខ្មែរ​ផង​ដែរ​។
តើ​សម្តេច​តេជោ ហ៊ុន សែន អាច​នឹង​សម្តែង​ឲ្យ​យើង​ជា​រាស្ត្រ​ខ្មែរ​រាល់​គ្នា​ឃើញ​នូវ​វីរភាព​សឿង​បឿង​នេះ​ឬ​ទេ​?
ករណី​នាង យ៉ោម បុប្ផា និង​ករណី​លោក ឈូក បណ្ឌិត ជា​ករណី​ដែល​រដ្ឋាភិបាល​សម្តេច​ហ៊ុន សែន គួរ​មាន​ការ​ខ្មាស​អៀន​ខ្លាំង ចំពោះ​អស់​ទាំង​ភ្នែក​នៃ​មនុស្ស​ចេះ​ដឹង​ធំៗ​នៅ​លើ​ពិភពលោក ដែល​គេ​បាន​និង​កំពុង​តែ​សម្លឹង​មើល... តាមដាន ហើយ​គេ​ដឹង​រឿង​ទាំង​ពីរ​នេះ ថា​ជា​រឿង​ក្នុង​សតវត្សរ៍​ដើម​នៃ​មនុស្ស​ជាតិ តែ​មិន​មែន​ជា​រឿង​ដែល​គួរ​កើត​មាន​ក្នុង​សង្គម​មនុស្ស នា​សម័យ​វិទ្យាសាស្ត្រ​ជឿន​លឿន​នេះ​ទេ​។ រឿង​ទាំង​នេះ វា​បាន​ឆ្លុះ​បញ្ចាំង​ថា មេ​ដឹក​នាំ​ខ្មែរ​បច្ចុប្បន្ន នៅ​មាន​ចំណុច​អន់​ថយ​ច្រើន​ប្រការ​ណាស់​។ តើ​នាង យ៉ោម បុប្ផា បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ខ្លះ​? រឿង​នេះ​មាន​ដើម​ទង​យ៉ាង​ណា​ខ្លះ ដែល​ឈាន​ទៅ​ដល់​រឿង​ស្ត្រី​តូច​ល្អិត​ម្នាក់ ហ៊ាន​ទៅ​វាយ​តប់​អ្នក​រត់​ម៉ូតូ​ឌុប​នោះ​?
ការ​ពិត​ជាក់​ស្តែង​នៃ​ករណី​នោះ​វា​យ៉ាង​ណា​ខ្លះ? ចុះ​អន្ទិត​ឈូក​បណ្ឌិត ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ខុស​ច្រងាង​នោះ យ៉ាង​ម៉េច​ដែរ​ហើយ​? តើ​រដ្ឋាភិបាល​ខ្មែរ អាច​នឹង​តទល់​ករណី​ទាំង​ពីរ​នេះ នៅ​តុលាការ​អន្តរជាតិ​ដែរ​ឬ​ទេ​?
បាន​ជា​ខ្ញុំ​លើក​យក​តុលាការ​អន្តរជាតិ​មក​និយាយ ព្រោះ​យុត្តិធម៌​ល្អ​គឺ​ពិត​ជា​មាន​នៅ​ទីនោះ​៕
ដោយ ជូ លាង​ហាក់ នៅ​ស្រុក​អាមេរិក អ៊ីមែល hakchou@hotmail.com

No comments:

Post a Comment

yes