សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 14, 2013

អាង​ទឹក​កំពីងពួយ​ប្រឈម​​​បញ្ហា​រីងស្ងួត​និង​ហិនហោច​ត្រី

អាង​ទឹក​កំពីងពួយ ឬ​ហៅ​ថា រមណីយដ្ឋាន​កំពីងពួយ មាន​ទទឹង​ប្រវែង​ជិត ៧​គីឡូម៉ែត្រ 
និង​បណ្ដោយ​ជិត ១០​គីឡូ​ម៉ែត្រ។ អាង​នេះ ស្ថិត​នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់
 ខេត្ត​បាត់ដំបង។ ទឹក​នៅ​ក្នុង​អាង​នេះ​ បច្ចុប្បន្ន​កំពុង​រីង​ស្ងួត ដោយសារ​តែ​ការ​​បើក​ទ្វារ​
ទឹក​យក​ទឹក​ទៅ​ស្រោចស្រព​ស្រូវ​ប្រាំង​ជា​ច្រើន​ពាន់​ហិកតារ​នៅ​តាម​ឃុំ​ចំនួន ៥ 
ក្នុង​ស្រុក​ចំនួន​បី​របស់​ខេត្ត​បាត់ដំបង។

ត្រី​ពូជ​ជា​ច្រើន​ប្រភេទ​​ដែល​រស់​​នៅ​ក្នុង​អាង​​កំពីងពួយ កំពុង​​ហិន​ហោច​ ដោយសារ​តែ​ការ​ចូល​ទៅ​នេសាទ​របស់​ប្រជាពលរដ្ឋ ទាំង​នៅ​ពេល​យប់ និង​នៅ​ពេល​ថ្ងៃ។ ចំណែក​ឯ​អាជ្ញាធរ​មូលដ្ឋាន ស្រុក​ ខេត្ត និង​ស្ថាប័ន​ជំនាញ​នៅ​ពុំ​ទាន់​មាន​វិធាន​ការ​ទប់​ស្កាត់​ចំពោះ​ការ​វិនាស​ហិនហោច​ពូជ​ត្រី​នេះ​ទេ។
នៅ​ក្នុង​ផ្ទៃ​បឹង​ គេ​សង្កេត​ឃើញ​មាន​ការ​ដាក់​មង ការ​បង់​សំណាញ់​ និង​មាន​ការ​លួច​ឆក់​ត្រី​នៅ​ពេល​យប់ ចាប់​យក​ត្រី​តូច​ធំ​ស្ទើរ​គ្មាន​សល់​តែ​ក្នុង​រយ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ។
ក្រុម​អ្នក​នេសាទ​ថ្លែង​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា ការ​សម្រុក​ទៅ​ចាប់​ត្រី​នេះ កើត​មាន​ឡើង​ខណៈ​ដែល​ទឹក​នៅ​ក្នុង​អាង​នោះ​ បាន​ស្រក​ចុះ​ស្ទើរ​ដល់​បាត​បឹង ដោយសារ​តែ​ការ​បើក​ទ្វារ​ទឹក និង​លូ​សម្ងាត់​ យក​ទឹក​ទៅ​ស្រោច​ស្រូវ​ប្រាំង​ជា​ច្រើន​ពាន់​ហិកតារ​នៅ​តាម​ឃុំ​នានា ​ក្នុង​ស្រុក​បាណន់ ​ស្រុក​ថ្មគោល​ និង​នៅ​ជាយ​ក្រុង​បាត់ដំបង៖ «ប៉ុន្មាន​ថ្ងៃ​មុន​គេ​បាន ១៥​គីឡូ ត្រី​ឆ្កោក ត្រី​ដូច​ត្រី​ត្រសក់ ក៏​បាន​ដែរ ១០​គីឡូ​ទៅ ១៥​គីឡូ មង​គេ​មាន​ព័ន្ធ​ជុំវិញ​ហើយ​បង់​សំណាញ់ ផ្អើល ឮ​តែ​សំណង់​កំពីង ពួយ​រីង​អ្នក​ណា​ក៏​មក​ដែរ»

ត្រី​ដែល​គេ​នេសាទ​បាន​នោះ​ មាន​ដូច​ជា​ត្រី​ឆ្ដោរ ត្រី​រ៉ស់ ត្រី​ដំរី ត្រី​ខ្មាន់ ត្រី​ឆ្លាត ត្រី​ស្ពិន​ ត្រី​ឆ្កោក ជា​ដើម​ ត្រូវ​បាន​គេ​នេសាទ​បាន​ ហើយ​មាន​ម៉ូយ​ទិញ​ត្រី​ទៅ​ចាំ​ទទួល​ទិញ​ដល់​កន្លែង​ ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ មាន​វិធាន​ការ​ទប់​ស្កាត់​នោះ​ឡើយ៖ «យក​មក​អ្នក​បាត់ដំបង ទិញ​យក​អស់​រលីង គេ​លើក​យក​ទៅ អ្នក​ចាំ​ទិញ​វាស់​ល្ងាច អ្នក​ណា​រក​បាន​ថ្លឹងៗ គេ​បង់​បាន​ណាស់។ សំបូរ​ជាង​គេ​នេះ​ត្រី​ប្រា ជលផល​គេ​យក​មក​លែង​ត្រី​ស្ពិន ត្រី​តានិល»
មេ​ឃុំ​តាគ្រាម លោក អឹម ប៊ុនយូ បញ្ជាក់​ថា ការ​បើក​បង្ហូរ​យក​ទឹក​ពី​អាង​កំពីងពួយ​យក​ទៅ​ស្រោចស្រព​ស្រែ​ប្រាំង​នេះ កើត​មាន​អស់​រយៈ​ពេល​ជាង ១​ខែ​ ដោយ​មាន​ការ​ឯកភាព​ពី​សហគមន៍​ប្រើ​ប្រាស់​ទឹក និង​កសិករ​ចំនួន ៥​ឃុំ។ ដូច​ជា​ឃុំ​អូរតាគី ឃុំ​ជ្រៃ ឃុំ​ភ្នំសំពៅ ឃុំ​អូរម៉ាល់ និង​ឃុំ​តាគ្រាម។ ឃុំ​ទាំង​នេះ​ស្ថិត​នៅ​ស្រុក​ថ្មគោល ក្រុង​បាត់ដំបង និង​ស្រុក​បាណន់។ លោក​ថា ស្រែ​ប្រាំង​ទាំង​នោះ​ខ្វះ​ទឹក​ដោយសារ​តែ​ការ​ធ្វើ​ស្រែ​ប្រាំង​នៅ​ឆ្នាំ​នេះ​លើស​ផែន​ការ។ តាម​ផែនការ​មាន​​ជាង ៤​ពាន់​ហិកតារ ប៉ុន្តែ​ការ​ធ្វើ​លើស​ផែន​ការ​រហូត​ទៅ​ដល់​ជាង ១.០០០​ហិកតារ។ ទាក់ទិន​ទៅ​ការ​រីង​ទឹក​នៅ​ក្នុង​អាង​ ដែល​អាច​នាំ​ទៅ​រក​ការ​ហិន​ហោច​ពូជ​ត្រី និង​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នៅ​ឃុំ​តាគ្រាម​នេះ។
លោក​មេ​ឃុំ​បញ្ជាក់​ថា ខណ្ឌ​ជលផល​ដាក់​ចេញ​គោលការណ៍​ណែនាំ​ឲ្យ​បិទ​លូ​បង្ហូរ​ទឹក​សម្ងាត់​នោះ​វិញ៖ «បិទ​លូ​សម្ងាត់​វិញ​ដើម្បី​រក្សា​ទឹក​ រក្សា​ពូជ​ត្រី​ឲ្យ​នៅ​ខ្លះ។ ទទួល​សារាចរ​ណែនាំ​ពី​ម្សិលមិញ ហើយ​ក៏​យើង​ត្រូវ​តែ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ការ​ធ្វើ​នេសាទ​ត្រី រង់ចាំ​ឲ្យ​មាន​ការ​ធ្លាក់​ភ្លៀង​ច្រើន​ចាំ​យើង​ធ្វើ​ការ​នេសាទ​តទៅ​ទៀត»
ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី​ ពិនិត្យ​ឃើញ​លូ​បង្ហូរ​ទឹក​សម្ងាត់​នោះ​នៅ​ពុំ​ទាន់​បាន​បិទ ហើយ​សកម្មភាព​នេសាទ​ត្រី​នៅ​តែ​បន្ត​នៅ​ក្នុង​ផ្ទៃ​បឹង​ដដែល។
នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង លោក ជួង សុភា​ថ្លែង​ថា ខណ្ឌ​រដ្ឋបាល​ជលផល​នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ចុះ​ទៅ​ពិនិត្យ​បញ្ហា​នេះ​ ដើម្បី​បិទ​លូ​សម្ងាត់​ ព្រោះ​លូ​សម្ងាត់​នោះ​អាច​ហូរ​ទឹក​ចេញ​អស់​ពី​បឹង៖ «ព្រោះ​លូ​ហ្នឹង​វា​នៅ​ខាង​ក្រោម​ហើយ​ខ្ញុំ​នឹង​ឲ្យ​សង្កាត់​ទៅ​ពិភាក្សា​ជាមួយ​មេ​ឃុំ សហការ​ជា​បន្ទាន់ ចេញ​សេចក្ដី​ជូន​ដំណឹង​មក​ផ្សព្វផ្សាយ​ជូន​ដំណឹង​ឲ្យ​បាន​គ្រប់គ្នា សុំ​ឲ្យ​ផ្អាក​មួយ​រយៈ​សិន​ការ​នេសាទ​ហ្នឹង»
អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ​ ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង បាន​លើក​គម្រោង​ស្នើ​សុំ​ទៅ​ថ្នាក់​ជាតិ​ដើម្បី​យក​ទីតាំង​កណ្ដាល​អាងទឹក​កំពីងពួយ​ទំហំ ២គីឡូម៉ែត្រ​គុណ​នឹង ៣​គីឡូម៉ែត្រ ដើម្បី​អភិរក្ស​ពូជ​ត្រី។ គម្រោង​នោះ​ស្ងាត់​រហូត​មក​បច្ចុប្បន្ន​ ប៉ុន្តែ​​រាល់​ឆ្នាំ​ អាជ្ញាធរ​ខេត្ត​ និង​ជំនាញ​ជលផល​បាន​យក​ពូជ​ត្រី ​ទៅ​ដាក់​នៅ​ក្នុង​អាង​ទឹក​កំពីងពួយ​នោះ។ គេ​កត់សម្គាល់​ឃើញ​ថា ការ​បើក​បង្ហូរ​ទឹក​ពី​អាង​យក​ទៅ​ស្រោច​ស្រូវ​ប្រាំង​ ប្រៀប​បាន​ទៅ​នឹង​ការ​បូម​ទឹក។ នៅ​ពេល​ទឹក​នៅ​ក្នុង​អាង​រីង​រាក់​ ហើយ​ក៏​នាំ​គ្នា​ចាប់​ត្រី៕

No comments:

Post a Comment

yes