សកម្មជនបក្សសង្គ្រោះជាតិ អ្នកស្រី យិន លី អ្នកភូមិដំណាក់កី ខេត្តកំពង់ឆ្នាំង
ថ្លែងក្នុងកិច្ចពិភាក្សាពីបញ្ហាស្ត្រីរបស់អង្គការ អ៊ិន.ឌី.អាយ (NDI) កាលពីថ្ងៃទី៣
ខែឧសភា ឆ្នាំ២០១៣
ប្រធានភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រងការចោទប្រកាន់ពីសមាជិកគាំទ្រគណបក្សសង្គ្រោះជាតិ ថាបានគំរាម និងហាមឃាត់ពួកគេមិនឲ្យចូលរួមស្ដាប់ការផ្សព្វផ្សាយពីគោលនយោបាយ ៧ចំណុចរបស់គណបក្សនេះ។
ស្ត្រីអ្នកភូមិឈ្មោះ យិន លី ជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ នៅភូមិដំណាក់កី។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែឧសភា ថា មេភូមិដំណាក់កី ឈ្មោះ កុយ បានមកដល់គេហដ្ឋាន និងបានហាមឃាត់គាត់មិនឲ្យចូលរួមស្ដាប់ការចុះមកសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង នោះទេ។
ស្ត្រីរូបនេះបន្តថា ការហាមឃាត់របស់អាជ្ញាធរភូមិ ធ្វើឲ្យសមាជិកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើននាក់ក្នុងភូមិនេះមានការភ័យខ្លាច មានអ្នកខ្លះមិនហ៊ានទៅចូលរួមកម្មវិធីសំណេះសំណាលនេះឡើយ៖ «បានជាគាត់ធ្វើអ៊ីចឹង និយាយរួមគឺគាត់អត់ចង់ឲ្យមានគណបក្សណានៅក្នុងភូមិនេះក្រៅពីគណបក្សប្រជាជនកម្ពុជា នោះទេ ហើយអ្នកភូមិខ្ញុំអត់ហ៊ានទៅចូលរួមប្រជុំព្រឹកមិញនេះ គឺដោយសារខ្លាចគេ។ ចំណែកខ្ញុំ ខ្ញុំគិតថា បើគ្រាន់តែទៅប្រជុំហើយត្រឡប់មកវិញ គេចាប់ដាក់គុកក៏ចាប់ទៅចុះ...»។
មេភូមិដំណាក់កី ឈ្មោះ កុយ ទទួលស្គាល់ថា លោកពិតជាបានហាមឃាត់ និងដកហូតខិត្តប័ណ្ណពីប្រជាពលរដ្ឋក្នុងភូមិលោកខ្លះមែន។ ដោយលោកបញ្ជាក់ថា ការចុះសំណេះសំណាលនេះ ពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដី។
មេភូមិរូបនេះបន្តថា ចំពោះការដកយកខិត្តប័ណ្ណនោះគឺមកពីគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តខុសច្បាប់បោះឆ្នោត។ ពោលគឺគណបក្សនេះបានដើរចែកខិត្តប័ណ្ណមុនដំណាក់កាលឃោសនាបោះឆ្នោត៖ «បើសិនជាមានការអនុញ្ញាតពីមេឃុំ ឬពីថ្នាក់លើនោះ ខ្ញុំក៏មិនដកហូតពីពួកគាត់អ៊ីចឹងទេ។នេះគេធ្វើដោយមិនមានការអនុញ្ញាតហើយ ខ្ញុំមិនដែលស្គាល់គណបក្សសង្គ្រោះជាតិអីនោះដែរ។ ខ្ញុំធ្លាប់តែស្គាល់គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដល់ខ្ញុំអត់ស្គាល់ ខ្ញុំក៏ហាមមិនឲ្យអ្នកភូមិចូលរួមប្រជុំដែរ...»។
ប៉ុន្តែជំទប់ទី២ ឃុំជើងគ្រាវ មកពីគណបក្សប្រឆាំង អ្នកស្រី ទឹម ស៊ីឡាត់ មានប្រសាសន៍ថា កន្លងទៅការជួបសំណេះសំណាលរបស់មន្ត្រីគណបក្សកាន់អំណាច ពុំដែលមានការហាមឃាត់ និងបំភិតបំភ័យអ្វីទេ។
អ្នកស្រីថា គណបក្សប្រឆាំងចូលរួមការបោះឆ្នោតក្នុងបរិយាកាសខ្វះភាពយុត្តិធម៌៖ «ខ្ញុំបានដើរចែកខិត្តប័ណ្ណតាមភូមិចំនួន ៥ ឲ្យសមាជិកបក្ស តែមេភូមិដំណាក់កី គាត់បែរជាប្រមូលខិត្តប័ណ្ណ ហើយហាមមិនឲ្យសមាជិកបក្សខ្ញុំចូលរួមស្ដាប់ឯកឧត្ដម គី វណ្ណារ៉ា ចុះមកសំណេះសំណាលជាមួយសមាជិកគណបក្សទៀតដូចជាមិនត្រឹមត្រូវសោះ...»។
ទាក់ទងចំពោះបញ្ហានេះ នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) បណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្សនយោបាយនៅកម្ពុជា មិនថាគណបក្សកាន់អំណាច ឬគណបក្សប្រឆាំង សុទ្ធតែបានរំលោភច្បាប់បោះឆ្នោតដូចគ្នា ដោយបាននាំគ្នាធ្វើការឃោសនាមុនដំណាក់កាលដែលច្បាប់អនុញ្ញាត។
ចំពោះការចែកខិត្តប័ណ្ណគោលនយោបាយគណបក្សវិញ ប្រសិនបើចែកក្នុងរង្វង់សមាជិកគណបក្សនោះ គឺពុំមានការខុសច្បាប់ឡើយ។ យ៉ាងនេះក្ដី លោកថា ការគំរាមកំហែង ឬការហាមឃាត់របស់អាជ្ញាធរភូមិមិនឲ្យសមាជិកគណបក្សណាមួយទៅចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់លើរបស់គណបក្សនោះ គឺជាសកម្មភាពខុសច្បាប់ហើយ៕
No comments:
Post a Comment
yes