៨-កុម្ភៈ-២០១៣៖ ទីស្នាក់ការក្រុមហ៊ុនប៊ូរូខេមបូឌាន (BURUH CAMBODIAN)
ប្រចាំនៅខេត្តពោធិ៍សាត់
ក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅមួយឈ្មោះ ប៊ូរូ ខេមបូឌាន (BURUH CAMBODIAN) កំពុងរងការចោទប្រកាន់ពីពលករថា បានយកពួកគាត់ទៅលក់ពលកម្មឲ្យថៅកែនៅប្រទេសថៃ។ ពលករទាំងនោះបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ឬអង្គការក្រៅរដ្ឋាភិបាល ជួយយកពួកគាត់ត្រឡប់មកស្រុកវិញផង។
ប្រជាពលរដ្ឋចំនួន ១២នាក់ ដែលបានធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ ដោយស្របច្បាប់ តាមរយៈក្រុមហ៊ុន ប៊ូរូ ខេមបូឌាន បានចោទប្រកាន់ថា ក្រុមហ៊ុនបានប្រព្រឹត្តខុសកិច្ចសន្យាក្នុងការបញ្ជូនពួកគាត់ទៅធ្វើការ។
បុរសអ្នកភូមិឈ្មោះ តូច សារ៉េត ជាប្រជាពលរដ្ឋនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ថា គាត់បានមកធ្វើការនៅប្រទេសថៃ រយៈពេលជិត ៥ខែហើយ តែគាត់ពុំបានបើកប្រាក់ខែឡើយ ដោយខាងថៅកែថៃ ប្រាប់ថាគេបានប្រគល់ប្រាក់ឲ្យក្រុមហ៊ុនដែលបញ្ជូនពួកគាត់មកនេះចំនួន ២ម៉ឺន ២ពាន់បាត។ គាត់ត្រូវធ្វើការរំលោះប្រាក់នេះ ទើបគេបើកប្រាក់ខែឲ្យ៖«គេយកខ្ញុំមកលក់។ ខាងថៃ គេប្រាប់ពួកខ្ញុំថា ក្រុមហ៊ុនខ្មែរបានយកលុយពីគេក្នុងពលករម្នាក់ ២ម៉ឺន ២ពាន់បាត។ គេយកពួកខ្ញុំមកទុកចោលនៅទីនេះ ដោយគេគ្មានមកមើល ឬសួរអីពីពួកខ្ញុំទេ។ លំបាកណាស់នៅកណ្ដាលទឹក កណ្ដាលភក់។ ប៉ាសស្ព័រក៏គេដកយកទៅបាត់...»។
ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ ទាំង ១២នាក់ ក្នុងនោះមាន ៥នាក់នៅខេត្តពោធិ៍សាត់ និង ៧នាក់ទៀត មកពីខេត្តផ្សេង ដូចជាបាត់ដំបង កំពង់ធំ និងកំពង់ចាម ជាដើម ដែលក្នុងនោះមានស្ត្រី ៣នាក់ផង។ ពួកគេបានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ឬអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារខាងជួយសង្គ្រោះពលករ ជួយសង្គ្រោះពួកគាត់ផង ព្រោះពួកគាត់កំពុងរងការលំបាកយ៉ាងខ្លាំង ទាំងផ្នែកការងារ និងការរស់នៅប្រចាំថ្ងៃ។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ តំណាងក្រុមហ៊ុន ប៊ូរូ ខេមបូឌាន លោក ភោគ បឿន ពន្យល់ថា ក្រុមហ៊ុនមិនដែលបានប្រព្រឹត្តដូចការចោទប្រកាន់របស់ពលករនោះទេ។ យ៉ាងនេះក្ដី លោកបានសន្យាថានឹងពិនិត្យបញ្ហានេះឡើងវិញ បន្ទាប់ពីទទួលបានព័ត៌មាននេះ៖ «អត់អីទេបង! ឥឡូវ ខ្ញុំកំពុងឲ្យខាងថៃ គេឆែកមើល។ ធម្មតាយើងរកស៊ី វាតែងតែមានគេរករឿងអ៊ីចេះអ៊ីចុះ ដើម្បីបង្កាច់បង្ខូចឈ្មោះខ្ញុំ។ បើសិនជាព័ត៌មានទាំងអស់នេះវាជាការពិត ខ្ញុំពេញចិត្តនឹងដោះស្រាយជូនពួកគាត់...»។
ទាក់ទិនចំពោះករណីនេះ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ករណីប្រហាក់ប្រហែលគ្នានេះបានកើតឡើងជាញឹកញាប់លើពលករពលការិនីខ្មែរដែលធ្វើការនៅប្រទេសក្រៅ ជាពិសេស គឺនៅប្រទេសថៃ។ លោកថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គួរតែត្រួតពិនិត្យលក្ខខណ្ឌនានានៃកិច្ចសន្យារវាងក្រុមហ៊ុន ជាមួយពលករ ព្រមទាំងជួយការពារផលប្រយោជន៍ជូនពលករផង ទើបប្រសើរ។
លោក មឿន តុលា៖ «អាហ្នឹងវាជាកង្វះខាតរបស់ក្រសួងការងារក្នុងការគ្រប់គ្រងក្រុមហ៊ុនបញ្ជូនពលករ។ ធម្មតា ក្រុមហ៊ុនគេរកស៊ីគេចង់បានចំណេញ គេអត់ចង់ចំណាយច្រើនទេ។ ដូច្នេះ គេចេះតែរាយការណ៍ថាល្អ ជួនកាលគេអត់បានទៅមើលពលករទេ តែគេរាយការណ៍មកឲ្យក្រសួងថា គេបានតាមមើលកម្មករជាប្រចាំអីអ៊ីចឹង...»។
មន្ត្រីផ្នែកអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តពោធិ៍សាត់ កញ្ញា មិត្ត សាមួន មានប្រសាសន៍ថា យោងតាមច្បាប់ស្ដីពីកិច្ចសន្យា ភាគីក្រុមហ៊ុនត្រូវតែផ្ដល់សំណងរាល់ការខូចខាតដែលកើតចេញពីការធ្វើខុសកិច្ចសន្យានេះ៕
No comments:
Post a Comment
yes