លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងកម្មវិធីវេទិកា
អ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រតិកម្មទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការចុះបញ្ជីគណបក្ស និងបេក្ខជន ថាទទួលបានព័ត៌មានភូតកុហក និងកំពុងបារម្ភចាញ់ការបោះឆ្នោតសភាអាណត្តិទី៥ នេះ។
លោក ហ៊ុន សែន រិះគន់ថា ការដែលគណបក្សប្រឆាំងអូសបន្លាយចុះបញ្ជីបក្សនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសារតែមានទំនាស់ក្នុងការបែងចែកបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ។
គ.ជ.ប បានបង្ហាញថា មានគណបក្សនយោបាយចំនួន៥ បានមកចុះបញ្ជីបក្ស និងបេក្ខជន ប៉ុន្តែក្នុងពេលនេះ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការចំនួន ៣គណបក្ស។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នឹងអាចចុះបញ្ជីគណបក្ស និងបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅចុងសប្ដាហ៍នេះ។
លោកបានថ្លែងបញ្ជាក់ថា ការដែលគណបក្សសង្គ្រោះជាតិ មិនទាន់ទៅចុះបញ្ជីបក្សនៅ គ.ជ.ប ព្រោះរង់ចាំមើលស្ថាប័ន គ.ជ.ប ធ្វើការកែសម្រួលនូវអនុសាសន៍បោះឆ្នោតមួយចំនួន ដែលបក្សប្រឆាំង និងសង្គមស៊ីវិល បានស្នើឲ្យមានការផ្លាស់ប្ដូរ គឺមិនមែនដោយសារតែមានទំនាស់ផ្ទៃក្នុងធ្ងន់ធ្ងរនោះទេ។
លោក កឹម សុខា សង្កត់ធ្ងន់ថា អ្វីដែលលោក ហ៊ុន សែន បានដឹង ឬទទួលព័ត៌មានជុំវិញការចុះបញ្ជីគណបក្ស ឬបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ ជារបាយការណ៍ភូតកុហក។ លោកបន្តថា គណបក្សសង្គ្រោះជាតិ បានរៀបចំឯកសារចុះបញ្ជីគណបក្ស ឬបេក្ខជនរួចហើយ និងរង់ចាំទៅចុះឈ្មោះនៅ គ.ជ.ប ចុងសប្ដាហ៍នេះ ឬដើមសប្ដាហ៍ក្រោយ ដោយគ្មានជម្លោះផ្ទៃក្នុងនោះទេ។
លោក កឹម សុខា៖ «គាត់ទទួលព័ត៌មានពីអ្នកបោកប្រាស់គាត់។ មានអ្នកផ្តល់ព័ត៌មានឲ្យគាត់សុទ្ធតែជាព័ត៌មានមិនពិត ដើម្បីបោកគាត់យកលុយ។ ពួកអ្នកដែលស៊ីឈ្នួលគាត់ថាខ្លួនឯងជាផ្ទៃក្នុង ប៉ុន្តែព័ត៌មានហ្នឹងវាអត់ពិតទេ។ ដូច្នេះហើយ គាត់កំពុងតែចាញ់បោកអ្នកផ្តល់ព័ត៌មានហើយ។ ជាក់ស្តែង គឺយើងអត់មានបញ្ហា យើងបានដោះស្រាយហើយអស់។ យើងគ្រាន់តែដូរអ្នកនេះទៅកន្លែងនោះ ទៅតាមអ្វីដែលយើងមើលពីបញ្ជីរបស់គណបក្សដទៃ ដើម្បីយើងដាក់គូប្រកួតឲ្យត្រូវ ដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណឹងទេ»។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែឧសភា មានប្រសាសន៍ថា មូលហេតុនៃការពន្យារពេលចុះបញ្ជីរបស់គណបក្សប្រឆាំង ដោយសារបក្សនេះមានបញ្ហាដាក់ឈ្មោះបេក្ខជនឈរឈ្មោះតំណាងរាស្ត្រតាមខេត្តមួយចំនួន។ លោកចំអកថា បក្សប្រឆាំងមានបញ្ហាផ្ទៃក្នុងខ្លួនឯង មិនអាចដោះស្រាយបាន បែរជាទៅស្តីបន្ទោសស្ថាប័ន គ.ជ.ប ឬទាមទារឲ្យ គ.ជ.ប ពន្យារពេលបោះឆ្នោត និងសម្រួលបញ្ជីឈ្មោះអ្នកបោះឆ្នោតទៅវិញ៖ «ឥឡូវហ្នឹង គេថាគេមិនទាន់ដាក់បេក្ខភាពទៅទេ។ គេនៅរង់ចាំតស៊ូជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៀត។ ប៉ុន្តែ សូមអស់លោកកុំលាក់លៀម។ អស់លោកមិនទាន់រៀបចំបេក្ខភាពត្រូវគ្នា។ ជាពិសេស បេក្ខភាពនៅខេត្តកំពង់ធំ សៀមរាប។ ហើយទាក់ទងនឹងតាកែវ ដែរ ដែលត្រៀមបញ្ជូនបម្រុងដាក់បេក្ខភាពលេខ២ នៅតាកែវ ឲ្យទៅឈរនៅកំពង់ធំ ប៉ុន្តែមិនឯកភាពគ្នា។ ហើយកំពង់ស្ពឺ ក៏អត់ទាន់ឯកភាពគ្នាដែរ។ អស់លោកអត់ទាន់ឯកភាពគ្នាលើបញ្ជីខ្លួនឯងសោះ»។
លោក ហ៊ុន សែន បានថ្លែងទៀតថា ការពន្យារពេលបោះឆ្នោត ឬសើរើបញ្ជីឈ្មោះបោះឆ្នោត មិនអាចធ្វើទៅបានទេ ព្រោះច្បាប់កំណត់ថា នៅសប្ដាហ៍ទី៤ ក្នុងខែកក្កដា រៀងរាល់ ៥ឆ្នាំម្តង ត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ លោកបន្តថា បើចង់ពន្យារពេលបោះឆ្នោត ត្រូវកែច្បាប់បោះឆ្នោត និងត្រូវកោះប្រជុំសភា ប៉ុន្តែបញ្ហានេះ គណបក្សប្រឆាំងមិនមានកូរ៉ុមគ្រប់គ្រាន់ទេ។ លោកបានចំអកទៅបក្សប្រឆាំងថា បក្សនេះមានលទ្ធភាពយកឈ្នះគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតកន្លងមក តែបែរជាទៅរករឿងអាជ្ញាកណ្ដាលទៅវិញ។
លោក កឹម សុខា ឆ្លើយតបវិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងភ័យស្លន់ស្លោ និងបារម្ភពីការចាញ់ឆ្នោតអាណត្តិទី៥ ខែកក្កដា ខាងមុខទៅវិញទេ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ រីឯការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជន មានរយៈពេល ១៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។
ទាក់ទិនបញ្ហានេះ គ.ជ.ប បានប្រកាសថា គិតមកដល់ថ្ងៃទី៨ ខែឧសភា មានគណបក្សចំនួន៥ បានមកចុះបញ្ជីឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅទីស្ដីការ គ.ជ.ប រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ក្នុងចំណោមគណបក្សទាំង៥ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការគណបក្សចំនួន៣ រួចហើយ គឺមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ រីឯគណបក្សពីរទៀត គ.ជ.ប កំពុងពិនិត្យ និងមិនទាន់មានឯកសារបានគ្រប់ចំនួន៕
No comments:
Post a Comment
yes