សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 12, 2013

ស្ថានភាព​រស់នៅ​លំបាក​របស់​ពលរដ្ឋ​ជាង​៧០​គ្រួសារ​នៅ​សៀមរាប

ជម្លោះ​ដី សៀមរាប ៣០៥
ខ្ទម​របស់​ប្រជាពលរដ្ឋ​ចំណូល​ថ្មី​ត្រូវ​គេ​ដុត​បំផ្លាញ នៅ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប 
កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​២០១៣

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​២ ក្នុង​ខេត្ត​សៀមរាប បាន​ព្រួយ​បារម្ភ​ថា ប្រជាពលរដ្ឋ​ចំនួន​ជាង ៧០​គ្រួសារ ដែល​ទើប​តែ​ទៅ​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​ដើម្បី​សង់​ទី​លំនៅ​ក្នុង​ស្រុក​វ៉ារិន អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​នៅ​ពេល​ខាង​មុខ។
ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​តែ​អាជ្ញាធរ​ចាប់​តាំង​ពី​ថ្នាក់​ភូមិ ឃុំ រហូត​ដល់​ស្រុក បាន​បដិសេធ​មិន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ទាំង​នោះ ថា​មិន​មែន​ជា​អ្នក​ភូមិ​ដែល​ធ្លាប់​រស់នៅ​ទី​នោះ​ឡើយ។
តើ​បញ្ហា​អ្វី​ខ្លះ​ដែល​កំពុង​ប្រឈម​មុខ​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​នោះ?
ប្រជាពលរដ្ឋ​ចំនួន ៧៩​គ្រួសារ បាន​ចោទ​ប្រកាន់​មេ​ក្រុម ព្រម​ទាំង​មេ​ភូមិ​គោកស្រុក នៃ​ឃុំ​វ៉ារិន និង​បក្ខពួក​មួយ​ចំនួន​ទៀត ថា​ជា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​កាប់ និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ​អស់​ជាច្រើន​ខ្នង។
ក្រុម​អ្នក​ភូមិ​បាន​ធ្វើ​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ដាក់​ជូន​ទៅ​មេ​ឃុំ​វ៉ារិន មេ​ឃុំ​ល្វាក្រាំង និង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដើម្បី​ឱ្យ​ជួយ​ស៊ើប​អង្កេត និង​អន្តរាគមន៍​ផ្លូវ​ច្បាប់​ចំពោះ​ករណី​នោះ។

បុរស​ឈ្មោះ សួន សុផល បាន​ចេញ​មុខ​ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ និង​ផ្ដិត​មេដៃ​ទទួល​ខុស​ត្រូវ​លើ​ពាក្យ​បណ្ដឹង​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា រូប​លោក និង​ប្រជាពលរដ្ឋ​ចំនួន ៧៩​គ្រួសារ កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​សកម្មភាព​កាប់ និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ដូច្នេះ​ទេ។
តំណាង​ប្រជាពលរដ្ឋ​រូប​នោះ​បាន​អះអាង​ថា កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ អាជ្ញា​ភូមិ​គោកស្រុក បាន​ចែក​ដី​ព្រៃ​ខ្លះ​មក​ឱ្យ​ពួក​គាត់​ចំនួន ៧៩​គ្រួសារ​រស់នៅ ក៏ប៉ុន្តែ បន្ទាប់​ពី​អ្នក​ភូមិ​បាន​កាប់​ឆ្ការ​ព្រៃ​ស្រឡះ​សង់​ជា​ខ្ទម​រស់នៅ​មក គេ​ដឹង​ថា មាន​អ្នក​ចង់​ទិញ​យក​ដី​ទាំង​នោះ៖ «ក្រោយ​មក លោក តាំង គឹមហឿន ហ្នឹង ចាប់​ផ្ដើម​ដេញ​ប្រជាជន ថា​ប៉ះ​ដី​បង​ប្អូន​ខ្លួន​គាត់។ ដល់​ពេល​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៣ លោក តាំង គឹមហឿន បាន​ហៅ​ឈ្មោះ ញ៉ ជា​អ្នក​ម៉ៅការ​ចម្ការ​កៅស៊ូ ទៅ​មើល​ដី​ហ្នឹង។ ពេល​ទៅ​កាប់​រើ​ដុត​អស់ ៧​ខ្ទម លុះ​រំលង​បាន ២​ថ្ងៃ​ក្រោយ គ្នា ១៥​នាក់​មក​ដល់​កាប់​រើ​ប្រាវ អា​ក្រោយ ៤-១០​ទៀត»
ក្នុង​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​ចោទ​ប្រកាន់​លោក តាំង គឹមហឿន ជា​មេ​ក្រុម​ទី៨ និង​អ្នកស្រី មុន យ៉េន ជា​មេ​ភូមិ​គោកស្រុក ព្រម​ទាំង​បក្ខពួក​ចំនួន ១៥​នាក់​ទៀត ថា​ជា​អ្នក​ពាក់ព័ន្ធ​ចំពោះ​រឿង​កាប់ និង​ដុត​បំផ្លាញ​ខ្ទម​របស់​ប្រជាពលរដ្ឋ​នោះ។
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក តាំង គឹមហឿន និង​អ្នកស្រី មុន យ៉េន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​យ៉ាង​ណា​បាន​ទេ។
ក៏ប៉ុន្តែ អាជ្ញាធរ​បាន​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ​ថា គឺ​ជា​រឿង​មិន​ពិត។ អនុប្រធាន​ភូមិ​គោកស្រុក លោក ព្រំ សុភាព បាន​មាន​ប្រសាសន៍​ថា តាម​ពិត​ខ្ទម​ទាំង​នោះ​គឺ​ឆេះ​បំផ្លាញ​ដោយសារ​ភ្លើង​ព្រៃ​ដែល​រាល​មក​ដល់។ អនុប្រធាន​ភូមិ​ដដែល​បាន​បញ្ជាក់​ថា មេ​ឃុំ​វ៉ារិន និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន បាន​ចុះ​ពិនិត្យ​ស្ថានភាព​ខ្ទម​ទាំង​នោះ ហើយ​ឃើញ​ថា មិន​មែន​មេ​ក្រុម មេ​ភូមិ និង​បក្ខពួក​ទៅ​ដុត​បំផ្លាញ​ដូច​ការ​ចោទ​ប្រកាន់​ទេ។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​ទៅ​សង់​ខ្ទម​រស់នៅ​ទី​នោះ​ទៀត​សោត ក៏​អាជ្ញាធរ​មិន​ដែល​ស្គាល់​ទេ គឺ​សុទ្ធ​តែ​ជា​ជន​ចំណូល​ថ្មី។
លោក ព្រំ សុភាព៖ «ថា​ឆេះ​ឯ​ណា ៧​ខ្ទម ប៉ុន្តែ​គេ​ធ្វើ​នោះ គឺ​ដើម្បី​ច្បាម​យក​ដី​ធ្វើ​ខ្ទម​សម្រាប់​សង់​យក​ដី ហើយ​ដែល​មាន​ដាក់​ពាក្យ​បណ្ដឹង មិន​មែន​ជា​ប្រជាពលរដ្ឋ​ខ្ញុំ​នេះ​ទេ គឺ​គ្រាន់​តែ​ដាក់​ភូមិ​គោកស្រុក ក៏ប៉ុន្តែ​ភូមិ​នោះ​នៅ​ឆ្ងាយ​រាប់​សិប​គីឡូ​ពី​ភូមិ​គោកស្រុក ទៅ។ ឈ្មោះ សួន សុផល នេះ គឺ​មក​ស្នាក់​នៅ​ប្រៀប​ដូច​ចោរ​ព្រៃ។ កន្លង​មក ខ្ញុំ​ក៏​មិន​ដែល​បាន​ឃើញ​បាន​ស្គាល់​រូប ទើប​តែ​ឃើញ​ដែល​ថា​ដាក់​ពាក្យ​បណ្ដឹង​នេះ​ឯង។ បើ​ខ្ញុំ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ភូមិ​គោកស្រុក អត់​បាន​ឃើញ​លិខិត​ផ្លាស់​ប្ដូរ​ទី​លំនៅ​ពី​ឆ្នាំ​ណា​មក​ឆ្នាំ​ណា។ នៅ​ក្នុង​ភូមិ​គោកស្រុក ៣៩៧​គ្រួសារ អត់​មាន​ឈ្មោះ សួន សុផល នោះ​ទេ»
កាល​ពី​ពេល​ថ្មីៗ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប បាន​សហការ​គ្នា​ចុះ​ទៅ​ជួប​អ្នក​ភូមិ ដើម្បី​ស៊ើប​អង្កេត​ស្វែង​រក​ការ​ពិត​នៃ​ករណី​នោះ។
អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា កន្លង​ទៅ គឺ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ដោយសារ​តែ​អាជ្ញាធរ​ឆ្លើយ​ថា ការ​ខូចខាត​ជម្រក​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នោះ គឺ​បំផ្លាញ​ដោយសារ​ភ្លើង​ព្រៃ។
លោក សួស ណារិន បាន​បញ្ជាក់​ថា ទោះ​យ៉ាង​ណា តាម​ការ​ស៊ើប​អង្កេត​បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន ៧៩​គ្រួសារ​នោះ គឺ​បាន​ចូល​ទៅ​កាប់​រាន​ព្រៃ​រស់នៅ​ថ្មី​ជាប់​ដី​របស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​សំរោង រូប៊ើ ចន្លោះ​ភូមិសាស្ត្រ​ឃុំ​វ៉ារិន ឃុំ​ល្វាក្រាំង និង​ឃុំ​ស្រែណូយ៖ «យើង​រក​ឃើញ​ថា ការ​ចូល​កាន់​កាប់​ថ្មី​ក្រោយ​ច្បាប់​ភូមិបាល ជា​ការ​ខុស​ច្បាប់ ប៉ុន្តែ​គាត់​កាន់​កាប់​មុន​បទ​បញ្ជា​០១ របស់​រដ្ឋាភិបាល។ ឃើញ​ថា ការ​កាប់​រាន​នេះ មិន​មាន​លិខិត​ស្នាម​អី​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ដែល​អនុញ្ញាត​ឱ្យ​ទេ គឺ​ជា​ការ​ចូល​ទៅ​កាន់​កាប់​ក្រោយ​ច្បាប់​ភូមិបាល ប៉ុន្តែ​គាត់​បាន​អះអាង​ថា ដោយសារ​ពួក​គាត់​ហ្នឹង​ចំណាក​ស្រុក​មក​ពី​ឆ្ងាយ គាត់​អត់​មាន​ដីធ្លី​នៅ គាត់​ក៏​ចូល​ទៅ​កាន់​កាប់​តំបន់​នោះ។ គាត់​បាន​សង់​ខ្ទម​ធ្វើ​ជា​លំនៅឋាន​ហ្នឹង ៧៩​គ្រួសារ»
អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​រក​ឃើញ​ថា ក្រុម​អ្នក​ភូមិ​ទាំង​នោះ​បាន​នាំគ្នា​ចំណាក​ស្រុក​ចេញ​ពី​ក្រុង​ប៉ៃលិន ទៅ​រស់នៅ​តំបន់​ព្រៃ​នៃ​ស្រុក​វ៉ារិន ហើយ​អង្គការ​សិទ្ធិ​មនុស្ស ព្រួយ​បារម្ភ​ថា​ប្រជាពលរដ្ឋ​ទាំង​នោះ​អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​នៅ​ពេល​ណា​មួយ។
ក្នុង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចំនួន ៧៩​គ្រួសារ បាន​អះអាង​ថា ការ​ដែល​មេ​ក្រុម​ទី៨ និង​បក្ខពួក​នៅ​ភូមិ​គោកស្រុក បាន​នាំគ្នា​ទៅ​ដុត​បំផ្លាញ​ខ្ទម​អ្នក​ភូមិ​ចំណូល​ថ្មី​នោះ គឺ​ធ្វើ​ឱ្យ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ប្រមាណ ១.៥០០​ដុល្លារ លុយ​ខ្មែរ​ប្រមាណ ២​លាន​រៀល មាស ១​ជី ព្រម​ទាំង​សម្លៀកបំពាក់ និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត។
ក្រុម​ប្រជាពលរដ្ឋ​ចំណូល​ថ្មី​ទាំង​នោះ​កំពុង​ប្ដឹង​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ២០​លាន​រៀល ព្រម​ទាំង​ទាមទារ​ឱ្យ​ច្បាប់​ផ្ដន្ទាទោស​ទៅ​លើ​មេ​ក្រុម​ទី៨ ឈ្មោះ តាំង គឹមហឿន និង​បក្ខពួក​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​ដុត​បំផ្លាញ​ខ្ទម​ពួក​គេ​នោះ៕

No comments:

Post a Comment

yes