សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 9, 2013

អ្នក​បឹងកក់​សូម​ឲ្យ​កូរ៉េ​ខាង​ត្បូង​ជួយ

130509_03a
អ្នក​ភូមិ​បឹង​កក់ នៅ​មុខ​ស្ថានទូត​កូរ៉េ​ខាង​ត្បូងកាល​ពី​ម្សិល​មិញ​
អ្នក​ភូមិ​បឹង​កក់ កាល​ពី​ម្សិលមិញ បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ នៅ​ស្ថានទូត​កូរ៉េ​ខាង​ត្បូង ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​សេរី​មួយ​នេះ ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គេ។
ការ​ដាក់​ញត្តិ​របស់​អ្នក​ភូមិ​បឹង​កក់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​កូរ៉េ​ខាង​ត្បូង បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា នៅ​ខាង​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សេអ៊ូល ធ្វើ​ការ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រញាប់​ដោះស្រាយ​បញ្ចប់​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​តំបន់​បឹង​កក់​ឲ្យ​បាន​ឆាប់ និង​ឲ្យ​មាន​ភាព​យុត្តិធម៌ ចំពោះ​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​ទទួល​រងគ្រោះ​ពិត​ប្រាកដ ដោយ​សារ​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន របស់​លោក​ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​។
បើ​ទោះ​បី​ជា មាន​ការ​រារាំង​ខ្លះៗ ពី​សមត្ថកិច្ច​ដូច​ពេល​មុនៗ​ក្តី ក៏​ក្រុម​អ្នក​ភូមិ​បឹង​កក់ ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​ភូមិ​សហគមន៍​បុរី​កីឡា សរុប​ប្រមាណ ៥០នាក់ បាន​សម្រុក​ចូល​ទៅ​អង្គុយ​នៅ​មុខ​ស្ថានទូត​កូរ៉េ និង​បាន​ធ្វើ​ការ​ស្រែក​អំពាវនាវ​សូម​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​មាន​សម្ព័ន្ធភាព​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា សូម​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​។
ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី ក្រុម​អ្នក​ភូមិ​ក៏​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ស្រី យ៉ោម បុប្ជា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ផង​ដែរ។ អ្នក​ភូមិ​បាន​កាន់​រូប​ថត អ្នក​ស្រី​យ៉ោម បុប្ជា ដែល​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ហៅ​ថា ជា​អ្នក​ទោស​មនសិការ។
បើ​តាម​តំណាង​អ្នក​ភូមិ​បឹង​កក់ មន្ត្រី​ស្ថានទូត​កូរ៉េ​ខាង​ត្បូង បាន​ទទួល​យក​ញត្តិ​របស់​ពួក​គាត់។
បញ្ហា​ជម្លោះ​ដីធ្លី នៅ​ក្នុង​តំបន់​បឹង​កក់ និង​បុរី​កីឡា ត្រូវ​បាន​លោក​ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ជំនួស​លោក​កែប ជុតិមា កាល​ពី​ថ្ងៃ​សុក្រ បាន​ប្រាប់​អ្នក​ភូមិ នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​ធ្វើ​ការ​ប្រជុំ​និង​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​លើ​ដី​ជម្លោះ ហើយ​នឹង​ធ្វើ​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​៕

No comments:

Post a Comment

yes