តំបន់ភូមិមានជម្លោះដីធ្លី នៅក្នុងខេត្តពោធិ៍សាត់
ពលរដ្ឋចំនួន ១០គ្រួសារនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភាពីម៉ិចគ្រុបដែលទទួលប្លង់កម្មសិទ្ធិពីក្រុមយុវជនស្ម័គ្រចិត្តហើយនោះ កំពុងរកកិច្ចអន្តរាគមន៍ជាថ្មីបន្ទាប់ពីក្រុមហ៊ុននេះហាមមិនឲ្យពួកគាត់ធ្វើចម្ការនៅលើដីចេញប្លង់ឲ្យគាត់ហើយនោះ។
លោក លឿង ថូ អាយុ ៤៤ ឆ្នាំ ដែលមានជម្លោះដីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនភាពីម៉ិចគ្រុប បានប្រាប់ថា ដីចម្ការគាត់ជាង ៣ហិកតា ក្រុមនិស្សិតនិងមន្ត្រីជំនាញបានចុះមកវាស់វែងត្រឹមត្រូវ និងបានផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យរួចហើយ។ ប៉ុន្តែឥឡូវអាជ្ញាធរបែរជាមកចោទគាត់ថា គាត់រំលោភយកដីក្រុមហ៊ុនទៅវិញ។ លោកសុំឲ្យរដ្ឋាភិបាលជួយរកយុត្តិធម៌ឲ្យគាត់និងអ្នកភូមិផង ព្រោះពួកគាត់អស់ជំនឿលើអាជ្ញាធរដែនដីដែលលម្អៀងតែទៅខាងក្រុមហ៊ុននេះហើយ។
លោក ថូ និយាយថា៖ «ពួកខ្ញុំសប្បាយចិត្តណាស់ដែលរដ្ឋាភិបាលឲ្យក្រុមនិសិ្សតចុះវាស់វែងដីហើយចេញប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ ប៉ុន្តែពេលពួកខ្ញុំបានប្លង់ហើយ បែរជាអត់បានដីទៅវិញ មានតែសម្ដេចទេ ដែលជួយអន្តរាគមន៍បាន»។
លោកឲ្យដឹងទៀតថា ខែនេះគឺដល់ខែបង្កបង្កើនផលធ្វើស្រែចម្ការប៉ុន្តែពួកគាត់គ្មានដីធ្វើទេ ដោយខាងក្រុមហ៊ុនចេះតែរារាំងមិនឲ្យពលរដ្ឋធ្វើបើទោះយើងបង្ហាញប្លង់ដីឲ្យពួកគេមើលក៏ដោយ។ លោកថា៖ «ខ្ញុំកំពុងតែគិតថា សព្វថ្ងៃនេះប្លង់ដែលអាជ្ញាធរចេញឲ្យនោះគឺគ្មានប្រសិទ្ធភាពអ្វីទេ ពីព្រោះក្រុមហ៊ុនមិនទទួលស្គាល់ផង»។
ចំណែកលោក ហ៊ុល ថៃ ពលរដ្ឋរស់នៅភូមិក្រឡាញ់ បានឲ្យដឹងថា ពួកគាត់នាំគ្នាទៅធ្វើរោងលើដីនោះស្រាប់តែមេការក្រុមហ៊ុននាំកម្មករមកបំផ្លិចបំផ្លាញរឹបអូសយកទៅក្រុមហ៊ុនអស់ហើយគំរាមមិនឲ្យចូលដាំដុះទៀតទេ ព្រោះជាដីក្រុមហ៊ុន។ លោកត្អូញត្អែរថា៖ «មិនដឹងជាសង្ឃឹមអីទេ ពីមុនសង្ឃឹមថាយុវជនចុះមកវាស់ដីឲ្យនឹងបញ្ចប់ជម្លោះបាន តែឥឡូវ ជម្លោះនៅតែជាជម្លោះអាជ្ញាធរមិនអើពើដដែលបើទោះជាគាត់មានប្លង់ហើយក៏ដោយ»។
លោក ទឹម សារិន អភិបាលស្រុកក្រគរបានថ្លែងថា នៅក្នុងតំបន់នោះលោកចុះដោះស្រាយបីដងហើយតែពលរដ្ឋគាត់ចេះតែបែបហ្នឹង។ គាត់ត្រូវយកប្លង់មកឲ្យមន្ត្រីជំនាញចុះចុចGPS ថា តើក្បាលដីគាត់នៅត្រង់ណាកុំចេះតែថាផ្តេសផ្តាស។ លោកបន្តថា៖ «អាជ្ញាធរណាហ៊ានមិនទទួលស្គាល់ប្លង់កម្មសិទ្ធិនេះគឺជាច្បាប់បើអាជ្ញាធរមិនទទួលស្គាល់ប្តឹងទៅតុលាការទៅ។ ខ្ញុំមិនហ៊ានធ្វើអ្វីឲ្យវាហួសទៅនឹងច្បាប់បានទេ»។
ក្រុមហ៊ុនភាពីម៉ិច គ្រុប ជាកម្មសិទ្ធិរបស់លោកស្រី ជឹង សុភាព ភរិយាព្រឹទ្ធសមាជិកលោកឡាវ ម៉េងឃីន ពីគណបក្សប្រជាជនកម្ពុជា។ ក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលលើផ្ទៃដី៣១៥.០២៨ហិកតា នៅក្នងខេត្តពោធិ៍សាត់និងខេត្ត កំពង់ឆ្នាំង សម្រាប់ដាំដើមអាកាស្យា ដំឡូងមី និងដំណាំកសិ-ឧស្សាហ៍កម្មដទៃទៀតប៉ុន្តែ គម្រោងអភិវឌ្ឍន៍នេះបានធ្វើឲ្យប៉ះពាល់ដីពលរដ្ឋ៨.២០០គ្រួសារនៅក្នុងខេត្តពោធិ៍សាត់និងប្រជាពលរដ្ឋ៣.៨០០ គ្រួសារនៅក្នុងខេត្តកំពង់ឆ្នាំង។
លោក ចេង ឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់មិនអាចទំនាក់ទំនងបានទេកាលពីថ្ងៃម្សិលមិញ។
លោក ភួង សុធា មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកខេត្តនេះបានឲ្យដឹងថា លោកបានទទួលពាក្យសុំអន្តរាគមន៍ពីពលរដ្ឋទាំង១០គ្រួសារនោះហើយ អាជ្ញាធរគួរចុះទៅត្រួតពិនិត្យ ហើយឲ្យពលរដ្ឋចង្អុលថា តើព្រំដីគាត់នៅឯណាហើយក្រុមហ៊ុននៅឯណា។លោកថា បើភាគីមានទំនាស់ពុំកំណត់ព្រំដីគ្នាឲ្យច្បាស់លាស់ទេបញ្ហានឹងកើតមានដដែលៗ ហើយក៏មិនអាចបញ្ចប់ទំនាស់ដែរ»៕
No comments:
Post a Comment
yes