សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 9, 2013

ស្ត្រី​តំបន់​បឹងកក់​ក្លាយ​ជា​អ្នក​តវ៉ា​សកម្ម​ជាង​មុន​ក្រោយ​ពី​ចាប់​ឃុំ

130509_07a
អ្នក​ស្រី​សុង ស្រី​លាភ (ឆ្វេង)នៅ​ពេល​ទៅ​ដាក់​ញត្តិ​នៅ​​ស្ថាន​ទូត​កូរ៉េ​​​ខាង​ជើង​ម្សិល​មិញ​
នៅ​ពេល​ក្រុម​អ្នក​តវ៉ា​នៅ​តំបន់​បឹង​កក់​មក​ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជធានី​កាល​ពី​ខែ​មុន​ដើម្បី​ទាម​ទារ​យុត្តិធម៌​សម្រាប់​អ្នក​ស្រី យ៉ោម បុប្ផា ដែល​កំពុង​ជាប់​ពន្ធនាគារ ការ​ប្រឈម​ស្រដៀង​គ្នា​ដូច​ពេល​មុនៗ បាន​កើត​ឡើង​ចំពោះ​ពួក​គេ។
សកម្មជន​ដែល​ទាមទារ​ដោះ​លែង​អ្នក​ស្រី​បុប្ផា បាន​សូត្រ​ធម៌ លែង​ចាប បន្ទាប់​មក​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ប៉ុន្តែ អ្នក​នាង​សុង ស្រីលាភ អាយុ ២៧ឆ្នាំ​មិន​ត្រឡប់​ទៅ​ផ្ទះ​ភ្លាមៗ​ទេ គឺ​នៅ​ឈរ​មុខ​ច្រក​ទ្វារ​តុលាការ​។ អ្នក​ស្រី​ស្រែក​រក​យុត្តិធម៌​ទាំង​ទឹក​ភ្នែក​ខណៈ​នគរបាល​ដែល​ទំនង​ជា​ស្គាល់​មុខ​នាង​ពី​មុន​មក​បាន​សម្លឹង​មើល​រាល់​សកម្មភាព​របស់​នាង​។ កាល​ពី​១ឆ្នាំ​មុន អ្នក​នាង ស្រីលាភ មិន​មែន​ជា​សកម្មជន​ដី​ធ្លី​ចេញ​តវ៉ា​ជាមួយ​អ្នក​ភូមិ​បឹង​កក់​ដទៃ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​នោះ​ទេ​គឺ​ម្តាយ​របស់​នាង ជា​អ្នក​ចេញ​មុខ​តវ៉ា។
អ្នក​នាង​និយាយ​ថា​៖ «ពេល​ខ្លះ​ខ្ញុំ​គ្រាន់​តែ​ចូល​រួម​តវ៉ា​ដូច​ជា​នៅ​ចុង​សប្តាហ៍​និង​ពេល​ខ្ញុំ​មិន​ជាប់​ធ្វើ​ការងារ។ តែ​ខ្ញុំ​មិន​ដែល​បាន​និយាយ​ជាមួយ​នគរបាល​ទេ​។ ខ្ញុំ​គ្រាន់​តែ​មើល​តែ​ប៉ុណ្ណោះ»។ ប៉ុន្តែ​ជា​អកុសល​អ្នក​នាង​ស្រីលាភ ក្រោយ​មក​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​នឹង​ស្រ្តី​បឹង​កក់ ១២នាក់​ផ្សេង​ទៀត​ខណៈ​កំពុង​ធ្វើ​ការ​តវ៉ា​មួយ​។ ក្រុម​នេះ​ភ្លាមៗ ត្រូវ​គេ​ស្គាល់​ថា​ជា​«សកម្មជន​ស្រ្តី​បឹង​កក់​១៣នាក់​» ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​តែ​ក្នុង​រយៈ​ពេល​បី​ម៉ោង​ប៉ុណ្ណោះ ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​កន្លះ​ហើយ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាមៗ​នៅ​ពន្ធនាគារ​ព្រៃ​ស​។

អ្នក​នាង ស្រីលាភ បាន​បន្ត​ឲ្យ​ដឹង​អំពី​ព្រឹត្តិការណ៍ ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​នាង​ថា​៖ «នៅ​ក្នុង​ការ​តវ៉ា​នា​ថ្ងៃ​មួយ ស្រ្តី​មួយ​ចំនួន​បាន​ត្រឡប់​មក​ភូមិ​វិញ​ហើយ​បាន​និយាយ​ថា​នគរបាល ទទួល​បញ្ជា​តាម​អាយ​កូម​ឲ្យ​ចាប់​ខ្លួន​ក្រុម​ស្រ្តី។ ខ្ញុំ​ឮ​ដូច​នេះ​ក៏​បាន​ទៅ​កន្លែង​តវ៉ា​ជិត​នោះ​ដើម្បី​ប្រាប់​អ្នក​ទាំង​នោះ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​»។ ភ្លាមៗ​នោះ នាង​ត្រូវ​ឃាត់​ខ្លួន​នៅ​លើ​ពំនូក​ខ្សាច់​បឹង​កក់​ខណៈ​កំពុង​ទៅ​ផ្ទះ​ជាមួយ​អ្នក​ស្រី ផាន់ ឈុន​រ៉េត ដែល​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាមួយ​គ្នា​ដែរ​។
បើ​ទោះ​បី​ជា​ស្ត្រី​ទាំង​នេះ ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​សាលា​ឧទ្ធរណ៍​បន្ទាប់​ពី​ការ​ជាប់​ឃុំ​ចំនួន ៣៤ ថ្ងៃ​ពាក់ព័ន្ធ​នឹង​បទ​រំលោភ​បំពាន​លើ​ទ្រព្យ​សម្បត្តិ​ឯកជន​និង​រារាំង​អាជ្ញាធរ​ក៏​ដោយ ក៏​ការ​កាត់​ទោស​ស្រ្តី​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​នៅ​តែ​ជាប់​ប្រវត្តិ​ធ្លាប់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ដដែល។
ស្រី​លាភ​បន្ត​ថា៖ «​ខ្ញុំ​ខឹង​នឹង​អាជ្ញាធរ​យ៉ាង​ខ្លាំង»​។ ខ្ញុំ​មាន​ប្អូន​ប្រុស​ពៅ​អាយុ​១៣ឆ្នាំ​។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​។ ខ្ញុំ​បាន​ព្យាយាម​ពន្យល់​នគរបាល​ពេល​ខ្ញុំ​ត្រូវ​ចាប់​ខ្លួន​ប៉ុន្តែ​ពួក​គេ​មិន​ស្តាប់​ខ្ញុំ​ទេ​»។ «​ក្នុង​អំឡុង​សវនាការ​៣ម៉ោង​ខ្ញុំ​ត្រូវ​សួរ​ចម្លើយ​តែ ២នាទី​ប៉ុណ្ណោះ​ហើយ​សំណួរ​បាន​បញ្ចប់​នៅ​ត្រឹម​ពេល​ក្រឡាបញ្ជី​និយាយ​ថា នគរបាល​នឹង​មិន​ចាប់​ខ្លួន​ខ្ញុំ​ទេ ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស»។
ការ​ប្រព្រឹត្ត​ពី​សំណាក់​តុលាការ​ទៅ​លើ​ស្រ្តី​បឹង​កក់​ទាំង​នេះ​និង​ស្រ្តី​ពីរ​នាក់​ទៀត​ដែល​ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​។ ក្រុម​អ្នក​រិះ​គន់​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា បាន​ព្យាយាម​បំបិទ​សំឡេង​អ្នក​តវ៉ា​ដែល​ជា​ប្រជា​ពលរដ្ឋ​ក្រីក្រ ហើយ​បាន​ធ្វើ​មិន​ដឹង​មិន​ឮ ចំពោះ​ឈ្មួញ​មាន​ប្រាក់​ដែល​រំលោភ​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ទាំង​នេះ។
អ្នក​ស្រី ស្រី​ភាព ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ដែល​មក​ពន្ធនាគារ​ពី​មុន​ទេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ជីវិត​របស់​ខ្ញុំ ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ខ្ទាំ។ នៅ​ជុំវិញ​ខ្ញុំ​ព័ទ្ធ​ទៅ​ដោយ​មនុស្ស​ដូច​ជា​អ្នក​លួច​ឆក់​កាបូប​គេ ហើយ​ពួក​គេ​ជាប់​ពន្ធនាគារ​ពី​៣​ទៅ ៥ ឆ្នាំ​។ ជាង​នេះ​ទៀត យើង​បាន​ដឹង​ពី​មន្រ្តី​ពុក​រលួយ​ដែល​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ប៉ុន្តែ​ពួក​គេ បែ​ជា​នៅ​ក្រៅ​ពន្ធនាគារ។
អ្នក​ស្រី​បាន​បន្ត​ថា​៖ «នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​អាច​ចេញ​ក្រៅ​ខ្ញុំ​នឹង​ធ្វើ​ផែនការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​សហគមន៍​របស់​យើង»។
ចាប់​តាំង​ពី​ការ​ដោះលែង​ពី​ពន្ធនាគារ​មក អ្នក​នាង ស្រីលាភ មាន​វត្តមាន​ស្ទើរ​គ្រប់​ការ​តវ៉ា​របស់​អ្នក​បឹង​កក់​ហើយ​ជា​ញឹក​ញាប់​នៅ​មុខ​គេ​។ ម្តាយ​របស់​អ្នក​នាង គឺ​អ្នក​ស្រី អៀង បុណ្ណារី ធ្វើ​សកម្មភាព​តវ៉ា​តិច​ជាង​មុន ហើយ​ផ្តោត​ច្រើន​ទៅ​លើ​ការ​រក​ប្រាក់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​និង​ទុក​ឲ្យ​កូន​ស្រី​ធ្វើ​ជា​អ្នក​តវ៉ា​ស្ទើរ​ក្លាយ​ជា​សកម្មជន​តវ៉ា​ពេញ​ម៉ោង​គ្មាន​បាន​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ។
ស្រ្តី​វ័យ​២៧ឆ្នាំ រូប​នេះ​បាន​ដើរ​តួ​ដូច​ជា​មន្រ្តី​ទំនាក់​ទំនង​សម្រាប់​សហគមន៍​បឹង​កក់​ហើយ​ពេល​នាង​កំពុង​ធ្វើការ​តវ៉ា​នាង​តែង​តែ​ច្នៃ​ប្រឌិត​វិធី​ល្អៗ​ទាក់​ទាញ​ជាង​មុន​សម្រាប់​ការ​តវ៉ា​នោះ។ អ្នក​នាង​បន្ត​ថា​៖ «​ខ្ញុំ​តវ៉ា​គឺ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ខ្ញុំ​មិន​មែន​តវ៉ា​ដោយ​សារ​ខឹង​អាជ្ញាធរ​ទេ។ ពិត​ណាស់ ខ្ញុំ​ខឹង​អាជ្ញាធរ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​សង​សឹក​ទេ​។ ខ្ញុំ​ចង់​បាន​ដំណោះ​ស្រាយ​មួយ​សម្រាប់​ប្រជាជន​ខ្ញុំ​នៅ​បឹង​កក់​ »។ អ្នក​ស្រី​បន្ត​ថា​៖ «ការ​តវ៉ា​វា​មិន​មែន​សម្រាប់​តែ​តំបន់​បឹង​កក់​សម្រាប់​ខ្ញុំ​ទេ​។ យើង​ចង់​ឲ្យ​តុលាការ​បញ្ឈប់​មិន​ឲ្យ​មាន​អំពើ​ពុករលួយ​និង​បញ្ឈប់​មិន​ឲ្យ​អ្នក​មាន​អំណាច​គ្រប់​គ្រង​ពួក​គេ​។ ពួក​យើង​ត្រូវ​ការ​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​គ្នា​»។
លោក សៀ ភារម្យ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បាន​ថ្លែង​ថា ប្រសិន​បើ​ការ​ចាប់​ខ្លួន​ស្រ្តី​១៣នាក់​នេះ​ជា​ការ​ប៉ុន​ប៉ង​បំបិទ​សំឡេង​សហគមន៍​បឹងកក់​អ្នក​នាង លាភ ជា​ឧទាហរណ៍​មួយ។ លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​បាន​ផ្តល់​បទ​ពិសោធ​ដល់​ពួក​គេ​។ បន្ទាប់​ពី​ពួកគេ​ជាប់​ពន្ធនាគារ​ពួក​គេ​បាន​ឃើញ​ភាព​អយុត្តិធម៌​ជុំវិញ​ពួក​គេ»។ លោក​បញ្ជាក់​ថា​៖«​យើង​បាន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​អ្វី​ច្រើន​ជាង​មុន​បន្ទាប់​ពី​ការ​ជាប់​ពន្ធនាគារ​។ ជា​ពិសេស​អ្នក​នាង​ស្រីលាភ បាន​ក្លាយ​ជា​អ្នក​សកម្ម​ជាង​មុន។ អ្នក​នាង​ដេក​មិន​លក់​អ្នក​នាង​គិត​ថា បញ្ហា​នៅ​ជុំវិញ​ខ្លួន​អ្នក​នាង គឺ​សំខាន់​ខ្លាំង​ណាស់​»។​
មន្រ្តី​រដ្ឋាភិបាល​និង​មន្រ្តី​តុលាការ​បាន​ច្រាន​ចោល​ជា​ដដែលៗ​ចំពោះ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​របស់​ពួក​គេ​ដោយ​ពួក​គេ​ថ្លែង​ថា កម្ពុជា​គោរព​តាម​នីតិរដ្ឋ​។ មន្រ្តី​ទាំង​នោះ​ក៏​បាន​អះ​អាង​ផង​ដែរ​ថា ពួក​គេ​ធ្វើ​តាម​ច្បាប់​ចំពោះ​ករណី​ជម្លោះ​ដី​ធ្លី​នៅ​បឹង​កក់​បើ​ទោះ​បី​ជា​ក្រុម​អ្នក​ភូមិ​បាន​ដាក់​ពាក្យ​ប្តឹង​ម្តង​ហើយ​ម្តង​ទៀត​ប្រឆាំង​នឹង​ក្រុមហ៊ុន ដែល​បាន​បូម​ខ្សាច់​កប់​ពន្លិច​ផ្ទះ​និង​វាយ​កម្ទេច​ផ្ទះ​របស់​ពួក​គេ​និង​ប្តឹង​មន្ត្រី​សមត្ថកិច្ច​ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ពួក​គេ ហើយ​តុលាការ​តែង​តែ​ច្រាន​ចោល​បណ្តឹង​របស់​អ្នក​ភូមិ​ទាំង​នេះ​ក្តី​៕ 

No comments:

Post a Comment

yes