សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 12, 2013

ពលរដ្ឋ​បឹងកក់ ប្រារព្ធ​ទិវា​រម្លឹក​គុណ​អ្នក​ម្តាយ នៅមុខ​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​

​ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ បាន​ប្រារព្ធ​ទិវា​រម្លឹក​គុណ​អ្នក​ម្តាយ នៅមុខ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៣​។ ក្រុម​អ្នក​ភូមិ បាន​រៀបចំ​បាយទឹក សម្រាប់​កុមារ​តូចៗ និង​មនុស្ស​ចាស់ ទទួលទាន​នៅមុខ​ស្នងការ​ប៉ូលិស ជាមួយនឹង​ការស្រែក​ទាមទារ​ឲ្យមាន​ការដោះលែង​អ្នកស្រី យ៉ោម បុប្ផា ចេញពី​ពន្ធនាគារ PJ​។​

​ក្នុង​ពិធី​ជួបជុំ​នោះ កូនប្រុស​របស់​អ្នកស្រី យ៉ោម បុប្ផា ក៏​បាន​ចូលរួម​ក្នុង​ពិធី​ជួបជុំ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ម្តាយ​របស់​ខ្លួន​ផង​ដែរ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។ នេះ​បើ​តាម​ស្ត្រី​តំណាង​អ្នក​ភូមិ​បឹងកក់​។​

​ក្រុម​អ្នក​ភូមិ​បឹងកក់ ដែល​ភាគច្រើន​ជា​ស្ត្រី ក៏​បាន​ស្រែក​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ ព្រះរាជទាន​ការលើកលែងទោស​ដល់​អ្នកស្រី យ៉ោម បុប្ផា ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា គម្រប់ ៦០ ព្រះវស្សា យាង​ចូល ៦១ ព្រះវស្សា របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​ឧសភា ឆ្នាំ​២០១៣​។​



​សូម​រម្លឹកថា ស្ត្រី​អ្នកភូមិ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៣ ត្រូវបាន​គេ​ប្តូរ​ពី​ការឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ទៅកាន់​ពន្ធនាគារ PJ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​។ មូលហេតុ ត្រូវបាន​អ្នកគ្រប់គ្រង​ពន្ធនាគារ លោក គុយ ប៊ុនសន ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ របស់​ក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា មកពី​នៅ​ពន្ធនាគារ​ព្រៃ​ស ម​២ ចង្អៀត​ខ្លាំងពេក​។​

​អ្នកស្រី យ៉ោម បុប្ផា ជា​សកម្មជន អ្នក​តវ៉ា​ដីធ្លី​ដ៏​សកម្ម នៅ​តំបន់​ភូមិ​បឹងកក់ អាយុ ២៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពី​បទ​ចោទប្រកាន់​ថា អ្នកស្រី បាន​ចូលរួម​ប្រើ​អំពើហិង្សា ដោយ​ចេតនា តាមរយៈ​ការ​វាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់ ឲ្យ​រងរបួស​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ ឆ្នាំ និង​តម្រូវឲ្យ​បង់​លុយ ជំងឺ​ចិត្ត ទៅ​បុរស​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់ សរុប ៦០ លាន​រៀល​។ មកដល់ពេលនេះ សំណុំរឿង​ក្តី​អ្នកស្រី យ៉ោម បុប្ផា ស្ថិត​នៅ​តុលាការ​សាលាឧទ្ធរណ៍​។​

​ករណី​តុលាការ​កាត់ទោស​លើ​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ក៏​មាន​ក្រុម​ស្ត្រី​អ្នកភូមិ​បឹងកក់ និង​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ធ្វើ​ការប្រមូលផ្តុំ គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា​។​

​ក្រុមអ្នកតវ៉ា និង​អង្គការ​សិទ្ធិមនុស្ស បាន​ចាត់ទុកថា អ្នកស្រី យ៉ោម បុប្ផា ជា​សកម្មជន​តវ៉ា​ដីធ្លី ហើយ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន យក​ទៅ​កាត់ទោស​នោះ គឺ​ដើម្បី​បំបាក់ស្មារតី​អ្នក​តវ៉ា​ដីធ្លី នៅ​បឹង​កក់​។​

​ក៏​ប៉ុន្តែ​ក៏​មាន​ក្រុម​អ្នករត់ម៉ូតូឌុប តែងតែ​បាន​ប្រមូលផ្តុំ លើក​បដា ទាមទារ​ឲ្យ​តុលាការ ផ្តន្ទាទោស​លើ​អ្នកស្រី យ៉ោម បុប្ផា ដោយ​ពួកគេ​សំអាងថា អ្នកស្រី យ៉ោម បុប្ផា ជា​អ្នកចូលរួម​វាយ​ទៅលើ​អ្នក​រត់​ម៉ូតូ​ពីរ​នាក់ ឲ្យ​រងរបួស កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១២​។ សំណុំរឿង​ក្តី​នោះ ជា​រឿង​ព្រហ្មទណ្ឌ ល្មើសច្បាប់ មិនមែន​ជា​ករណី​ជម្លោះដីធ្លី​ទេ​។​

​នៅ​ចុងក្រោយ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ជា​សាធារណៈ​ថា ករណី​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ជា​រឿង​ក្តី​ព្រហ្មទណ្ឌ នៅ​តុលាការ តែ​បែរជា​ត្រូវបាន​គេ​បង្វែ​ជា​រឿង​ដីធ្លី ហើយ​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​ទៅ​វិញ​៕​

No comments:

Post a Comment

yes