សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 30, 2013

អតីត​អ្នក​បឹងកក់​បន្ត​បិទផ្លូវ​ចូល​សាលា​រាជធានី​ភ្នំពេញខណៈ​ស្ត្រី​មួយចំនួន​ធ្លាក់ខ្លួន​ឈឺ

bkl-complain-at-city-hall-sreyleak
អតីតអ្នក​បឹងកក់​​តវ៉ានៅ​មុខ​សាលា​រាជ​ធានី​ភ្នំ​ពេញ 
អតីត​អ្នក​បឹងកក់​ជិត​​៥០​​នាក់ នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ បាន​​បន្ត​​កូដ​កម្ម​​បិទ​ផ្លូវ​​ចូល​​ក្នុង​​សាលា​​រាជ​ធានី​​ភ្នំពេញ  បន្ទាប់​ពី​ពួក​​គេ​រង​ការ​បង្ក្រាប​ពី​​សមត្ថ​​កិច្ច​​​កាល​ពី​​ម្សិល​ម៉ិញ ដែល​ពួកគេ​អះអាង​ពេលនេះ​កំពុង​ធ្លាក់​ខ្លួន​​ឈឺ​។​
អ្នកស្រី ស៊ា​ង ណា​រ៉េត អះអាង​ជា​តំណាង​អតីត​អ្នក​បឹងកក់ ​ដែល​ទទួល​សំណង​ហើយ​នោះ ថ្លែង​នៅ​កន្លែង​តវ៉ា​ព្រឹក​​នេះ​​ថា មូល​ហេតុ​​​ដែល​​​ពួក​គាត់​ តវ៉ា​​ម្តង​​ហើយ​​ម្តង​ទៀត​​នេះ ដោយសារ​អភិបាល​​រាជ​ធានី​​ថ្មី ​លោក​ ប៉ា សុជាតិ​​វង្ស មិន​​ព្រម​​ចេញ​​មក​​ដោះ​ស្រាយ​​​បញ្ហា​ឲ្យ​ពួក​គាត់​។ អ្នក​ស្រី​ថា សំណង​ដែល​ពួក​គាត់​​ទទួល​បាន​ ពី​ក្រុមហ៊ុន​មិន​បាន​​ធ្វើឲ្យ​ជីវភាព​គាត់​ ដូច​ដើម​នោះ​ទេ។
កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ស្នងការ​នគរបាល​រាជធានី​​ភ្នំពេញ បាន​ប្រើ​ឡានទឹក​​ចំនួន​​៣គ្រឿង​ បាញ់​បង្ក្រាបប្រជា​សហគមន៍ ជិត​​២០០​​នាក់ មកពីបឹងកក់ អតីត​អ្នក​បឹងកក់ អ្នក​​បុរី​​កីឡា និង​អ្នក​ថ្មគោល ដែល​​ព្យាយាម​​បិទ​មហា​វិថីព្រះ​មុន្នី​​វង្ស ខាង​មុខ​សាលា​​រាជធានី​ភ្នំពេញ​ ដើម្បី​ជំរុញ​អភិបាល​ថ្មី​ ចេញមុខ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​ តាម​ការសន្យា​។ ក្នុង​ការបង្ក្រាប​​នោះ ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​៣​នាក់​សន្លប់ អ្នក​ខ្លះ​របូត​​សម្លៀក​​បំពាក់ និង​អ្នកខ្លះ​ទៀត​រង​​ការ​ឈឺចាប់ ​ដោយ​សារ​​រង​​កម្លាំង​​ទឹក​។​

អ្នកស្រី អោ ស៊ី​ហ៊ាង អាយុ​​៦០​​ឆ្នាំ ​ដែល​​អះ​អាង​ថា មាន​ជំងឺ​ផង​​នោះ បានឲ្យដឹងថា ការបង្ខំ​ឲ្យ​ពួក​គាត់​​ចាកចេញ​ ដោយ​សំណង​បន្តិច​​បន្តួច ​កន្លងមក​នេះ ធ្វើឲ្យ​ពួកគាត់រ​ស់​ដូចស្លាប់​។​
 មិនអាច​សុំ​ការអធិប្បាយ​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បានទេ ដោយ​លោក​ប្រាប់​ថា​​ជាប់​​ប្រជុំ​។
​សម្រាប់​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៏​នៅ​ថ្ងៃនេះ ដោយថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ហៅ​ទង្វើ​របស់​កងកម្លាំង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ថា ជាអំពើ​ព្រៃផ្សៃ​បំផុត​ ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ ហើយ​មាន​តែ​របប​កម្មុយ​​នី​ស្ត ​ទើប​មាន​ទង្វើ​បែបនេះ​។​
​អតីត​អ្នក​បឹងកក់​ជិត​​ ៥០​នាក់ ដែល​ទទួល​សំណង ចំនួន​៨០០០​​ដុល្លារ និង​២​លាន​រៀល កាល​ពី​ឆ្នាំ​២០០០។
តំណាងឲ្យ​ជាង​៣០០​គ្រួសារ ចាប់ផ្តើម​តវ៉ា​តាំង​ពី​ម្សិលមិញ និង​បាន​ចង​តង់​ដេក​ នៅ​មុខ​​សាលា​រាជធានី រហូតដល់​ម៉ោង​ប្រមាណ​​ជា​៨​យប់​ទើប​ទៅផ្ទះ​វិញ  តែ​ដោយសារ​មិន​ទាន់​ទទួលបាន​ដំណោះស្រាយ​ ទើប​ពួកគេ​បន្ត​រហូត​មកដល់​ថ្ងៃនេះ​៕ ​

No comments:

Post a Comment

yes