ជំទាវធំរបស់លោក ហ៊ុន សែន ទទួលបានគោរមងារទៀតហើយ បងប្អូន !!!
ព្រះរាជក្រឹត្យ របស់ព្រះករុណាព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានគោរមងារ ជូនដល់លោកជំទាវធំ ជាសម្តេច បានធ្វើឡើងចំថ្ងៃដែលកាកបាទក្រហមកម្ពុជា បានប្រារព្ធទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ខួបលើកទី១៥០ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣។
ព្រះករុណា ព្រះមហាក្សត្រ បានលើកឡើងក្នុងព្រះរាជក្រឹត្យថា ការប្រោសព្រះរាជទានគោរមងារ ជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ដោយព្រះអង្គទ្រង់យល់ថា លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានគាំទ្រសម្តេច ហ៊ុន សែន តាំងពីដើមរហូតមក ក្នុងការដឹកនាំយ៉ាងអង់អាច និងដោយស្វាមីភ័ក្តិ ជាអ្នករំដោះប្រទេសជាតិ ស្នេហាជាតិ ការពារជាតិ និងសាសនា គាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀង តាមមាគ៌ានយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ដើម្បីជាតិ មាតុភូមិកម្ពុជា។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានបន្តថា ព្រះអង្គបានទ្រង់យល់ថា លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុនរ៉ានី ហ៊ុនសែន ជាអគ្គមគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រ បានដឹកនាំកសាង និងគោរពព្រះពុទ្ធសាសនា ឲ្យមានការអភិវឌ្ឍន៍រីកចំរើន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានទ្រង់យល់ថា លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុនរ៉ានី ហ៊ុនសែន ជាអគ្គមគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រ មានស្វាមីភ័ក្តិដ៏ជ្រាលជ្រៅ ចំពោះព្រះរាជបល្ល័ង្គ បានចូលរួមដង្ហែព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាំងពីដើមរហូតដល់ព្រះអង្គយាងសោយព្រះទិវង្គត។ ទន្ទឹមនេះ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុនរ៉ានី ហ៊ុនសែន បានដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានការគាំទ្រ ក្នុងសង្គមជាតិ និងអន្តរជាតិ មានសមត្ថភាព ជួយជនរងគ្រោះ ដោយគ្រោះមហន្តរាយនានា បានទាន់ពេលវេលា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
No comments:
Post a Comment
yes