អ្នកភូមិបឹងកក់ លើកបង្ហាញអនុក្រឹត្យរបស់រដ្ឋាភិបាល
ប្រជាពលរដ្ឋបឹងកក់ បុរីកីឡា និងថ្មគោលបានប្រមូលផ្ដុំគ្នាសាជាថ្មីនៅមុខសាលារាជធានីកាលពីព្រឹកម្សិលមិញដើម្បីស្នើសុំនិងជំរុញឲ្យអភិបាលរាជធានីថ្មីលោក ប៉ា សុជាតិវង្ស ជួយដោះស្រាយបញ្ហាដីធ្លីរបស់គាត់ឲ្យបានឆាប់។
នេះជាលើកទីពីរ ហើយដែលក្រុមអ្នកភូមិរងគ្រោះក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុងរាជធានីទាំងនេះ បាននាំគ្នាមកប្រមូលផ្ដុំនៅមុខសាលារាជធានីចាប់តាំងពី លោក ប៉ា សុជាតិវង្ស បានឡើងកាន់តំណែងជាអភិបាលរាជធានីជំនួសលោក កែប ជុតិមា កាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ្នកភូមិបឹងកក់ បាននាំគ្នាលាតបដា ដែលមានបោះពុម្ព នូវឯកសារថតចម្លងអនុក្រឹត្យលេខ១៨៣ស្ដីពី«ការកែសម្រួលក្រឡាផ្ទៃដីតំបន់អភិវឌ្ឍបឹងកក់»ដាក់បង្ហាញជាសាធារណៈ នៅមុខច្រកទ្វារចូលសាលារាជធានីនិងបានស្រែកអំពាវនាវសូមឲ្យអាជ្ញាធរជាពិសេសលោកអភិបាលរាជធានីដែលទើបឡើងកាន់តំណែងថ្មីជួយពន្លឿនការដោះស្រាយនូវបញ្ហាវិវាទរបស់ពួកគេ។
ប៉ុន្មាននាទីក្រោយមក តំណាងអ្នកភូមិ ត្រូវបានលោក ប៉ា សុជាតិវង្ស អនុញ្ញាតឲ្យចូលជួប ដើម្បីពិភាក្សា។ តាមការអះអាងរបស់តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា នៅចុងខែឧសភានេះលោកអភិបាលរាជធានី នឹងចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ដែលមានជម្លោះ ដើម្បីសិក្សាស្វែងយល់ពីការរស់នៅពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីចាត់វិធានការដោះស្រាយ។
តំណាងម្នាក់ក្នុងចំណោម ៥នាក់ មកពីសហគមន៍បឹងកក់ អ្នកស្រី ហុង សុខហេង បាននិយាយថា៖«នៅក្នុងជំនួបនោះ លោក ប៉ា សុជាតិវង្ស បានសន្យាថា លោកនឹងខិតខំធ្វើការដោះស្រាយរាល់វិវាទទាំងអស់របស់យើងខ្ញុំ។ ជាមួយគ្នានេះ លោកបានស្នើសុំឲ្យយើងខ្ញុំ ធ្វើការសហការឲ្យបានល្អនិងផ្ដល់ការគាំទ្រចំពោះគាត់នៅក្នុងការងារនេះ»។ អ្នកស្រីហុង សុខហេង ដែលអតីតដី និងលំនៅឋានរបស់អ្នកស្រី ស្ថិតក្នុងភូមិមួយ ត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីន បូមខ្សាច់កប់លុបតាំងពីចុងឆ្នាំ ២០១០ ដោយគ្មានសំណងនោះ បានថ្លែងថា៖ «លោក អភិបាលរាជធានីបានយល់ព្រមនឹងពួកគាត់ថា នឹងចាប់ផ្ដើមដំណើរការងារដោះស្រាយបញ្ហាវិវាទរបស់ពួកគាត់ចាប់ពីចុងខែនេះ»។
លោកប៉ា សុជាតិវង្ស មិនអាចទំនាក់ទំនងសុំការបញ្ចាក់អំពីការលើកឡើងរបស់អ្នកភូមិទាំងនេះបានទេ កាលពីម្សិលមិញ។
លោក សៀ ភារម្យ ប្រធានលេខាធិការដ្ឋានសិទ្ធិលំនៅឋាន បានថ្លែងថា៖«នេះជាពេលវេលាមួយដែលលោកអភិបាលរាជធានីថ្មីត្រូវបង្ហាញពីសមត្ថភាពនិងឆន្ទៈរបស់លោក ក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងរាជធានីភ្នំពេញពិសេស នៅក្នុងតំបន់បឹងកក់ បុរីកីឡា និងថ្មគោល ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ»៕
No comments:
Post a Comment
yes