សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 20, 2013

"សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នក​នយោបាយ​ប្រឆាំង​រង​ការ​គំរាម​ធ្ងន់ធ្ងរ"

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​បក្ស​នយោបាយ​របស់​បក្ស​ប្រឆាំង មេធាវី និង​ពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​ផង បាន​ក្លាយ​​ជា​គោលដៅ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ធ្ងន់ធ្ងរ និង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​រដ្ឋាភិបាល។


សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ចុះ​ថ្ងៃ​ទី​១៩ មិថុនា ឲ្យ​ដឹង​ថា ការ​គំរាម​កំហែង និង​ការ​បង្ក្រាប​សកម្មជន​នយោបាយ និង​សកម្ម​ជន​​សិទ្ធិ​មនុស្ស រួម​ទាំង​អ្នក​តស៊ូ​មតិ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុនៗ។
បន្ថែម​លើ​នេះ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ឃើញ​ថា ការ​បំបិទ​សិទ្ធិ​សេរីភាព ការ​សម្លុត គំរាម​កំហែង និង​បំភិតបំភ័យ​ផ្នែក​នយោបាយ នឹង​មិន​បាន​ថមថយ​នោះ​ឡើយ ជា​ពិសេស គឺ​នៅ​មុន​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ខាង​មុខ​នេះ។
លោក អ៊ូ វីរៈ៖ «នៅ​ក្នុង​ហ្នឹង​យើង​ឃើញ​ថា សកម្មជន​មូលដ្ឋាន គឺ​គាត់​ប្រឈម​ជាង​គេ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​សូវ​ជា​ប្រឈម​ណាស់​ណា​ទេ ប៉ុន្តែ​អ្នក​ធ្វើ​ការ​រឿង​ដីធ្លី រឿង​មូលដ្ឋាន​ហ្នឹង គឺ​គាត់​ជា​អ្នក​ប្រឈម​ជាង​គេ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ យើង​អត់​ទាន់​ឃើញ​អង្គការ​សិទ្ធិ​មនុស្ស ឬ​មួយ​ក៏​ម្ចាស់​ជំនួយ ហើយ​និង​អង្គការ​អន្តរជាតិ​ចូល​រួម​ការពារ​ពួកគាត់​បាន​ល្អ​នៅ​ឡើយ​ទេ។ យើង​សូម​អំពាវនាវ​សូម​ឲ្យ​ពួកគាត់​ពង្រឹង​នៅ​ការ​ជួយ​សកម្មជន​សិទ្ធិ​មនុស្ស​មូលដ្ឋាន​បន្ថែម»

ក៏​ប៉ុន្តែ​លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ច្រាន​ចោល​ការ​រក​ឃើញ​នេះ ដោយ​ចាត់​ទុក​ថា ជា​របាយការណ៍​មួយ​ដែល​ព្យាយាម​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល ដោយ​ពុំ​មាន​មូលដ្ឋាន​ពិតប្រាកដ។
លោក​អះអាង​ថា នោះ​គឺ​ជា​ទង្វើ​របស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​បង្ហាញ​យ៉ាង​ច្បាស់​ពី​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ អភិវឌ្ឍន៍​ប្រទេស​របស់​រដ្ឋាភិបាល៖ «ក្រុម​ប្រឆាំង រួម​ទាំង​អ្នក​នយោបាយ​ប្រឆាំង​ហ្នឹង​ឯង​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​មហាជន​ដែល​មហាជន​គេ​មិន​សប្បាយ​ចិត្ត ហើយ​គេ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ជាមួយ​សកម្មភាព​ទាំង​ឡាយ​ណា ទាំង​នៅ​ភ្នំពេញ​ក្ដី ទាំង​នៅ​តាម​បណ្ដា​ខេត្ត​ក្ដី នេះ​គឺ​ជា​រឿង​សកម្មភាព​របស់​ក្រុម​ប្រឆាំង​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដែល​បាន​កើត​មាន​ឡើង។ដូច្នេះ​កុំ​បង្វែរ​បញ្ហា ទម្លាក់​កំហុស​នានា​មក​លើ​រដ្ឋាភិបាល​ថា​រឿង​នេះ​មាន​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​ណា​មួយ​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង គឺ​ជា​រឿង​មួយ​ប្រាសចាក​ពី​ការ​ពិត​ទាំង​ស្រុង»
លោក យឹម សុវណ្ណ ហៅ​ការ​ថ្លែង​របស់​​រដ្ឋាភិបាល​នេះ​ថា គឺ​លេស​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។ លោក​អះអាង​ថា រដ្ឋាភិបាល​តែង​ចាត់​ទុក​អ្នក​ដែល​មាន​គំនិត​ផ្ទុយ​ពី​គោល​នយោបាយ ឬ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ថា​ជា​ក្រុម​ប្រឆាំង៖ «អ្នក​ណា​ក៏ដោយ​ដែល​គេ​និយាយ​ការ​ពិត​ណាស់ គេ​ចង់​ឲ្យ​សង្គម​ខ្មែរ​មាន​ប្រជាធិបតេយ្យ មាន​ការ​គោរព​សិទ្ធិ​មនុស្ស សុទ្ធតែ​គណបក្ស​ប្រឆាំង​ទាំង​អស់។ សូម្បី​តែ​លោក អូបាម៉ា ប្រធានាធិបតី​អាមេរិក ក៏​គេ​ថា ជា​អ្នក​នាំ​ពាក្យ​ឲ្យ​គណបក្ស​ប្រឆាំង​ដែរ។ អង្គការ​សហប្រជាជាតិ លោក ស៊ូប៊ែឌី ក៏​គេ​ថា អ្នក​នាំ​ពាក្យ​ឲ្យ​គណបក្ស​ប្រឆាំង​ដែរ»
របាយការណ៍​ដដែល​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ឆ្លើយ​តប​ដោយ​តម្លាភាព​ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ការពារ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ៕

No comments:

Post a Comment

yes