សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 20, 2013

អ្នកស្រីទេពវន្នីស្នើ​ឲ្យ​អន្តរជាតិ​ជួយ​អ្នក​បឹងកក់

ទេព វន្នី ៦១០
សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែង​ក្នុង​អង្គ​ប្រជុំ​របស់​អង្គការ​អន្តរជាតិ​
ឈ្មោះ​អាយហ្វិក (IFEX = International Freedom of Expression Exchange) នា​សណ្ឋាគារ​
អាំងទែ​កុងទីណង់តាល់ (Intercontinental Hotel) នៅ​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ​២០១៣

អ្នកស្រី ទេព វន្នី តំណាង​ប្រជាពលរដ្ឋ​បឹងកក់ ដែល​ត្រូវ​ក្រុមហ៊ុន ស៊ូកាគូ (Shukaku) និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​បណ្ដេញ​ចេញ​ពី​ដី និង​លំនៅឋាន បាន​អំពាវនាវ​ឲ្យ​អង្គ​ប្រជុំ​របស់​អង្គការ​អន្តរជាតិ​ឈ្មោះ​អាយហ្វិក ឲ្យ​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅឋាន។

នៅ​ក្នុង​អង្គ​ប្រជុំ​របស់​អង្គការ​អន្តរជាតិ អាយហ្វិក (IFEX = International Freedom of Expression Exchange) មាន​សមាជិក​ចូលរួម​ជិត ២០០​នាក់ មក​ពី​ប្រទេស​ចំនួន​៦៧ ដែល​កំពុង​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ។
ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​អង្គ​ប្រជុំ​ជិត ២០០​នាក់ ដែល​មាន​សញ្ជាតិ​ខុស​គ្នា​មក​ពី​ជិត ៧០​ប្រទេស នៅ​ថ្ងៃ​ទី១៩ មិថុនា អ្នកស្រី ទេព វន្នី បាន​លើក​ឡើង​ថា អ្នកស្រី​រួម​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ បាន​ធ្វើ​ការ​តស៊ូ​មតិ ដើម្បី​ការពារ​ដីធ្លី ផ្ទះ​សម្បែង ចំនួន ៧​ឆ្នាំ​មក​ហើយ កុំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដណ្ដើម​យក​ដី និង​លំនៅឋាន។

អ្នកស្រី ទេព វន្នី បាន​លើក​ឡើង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​រដ្ឋាភិបាល មិន​បាន​ជួយ​ក្រុម​អ្នកស្រី​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ទេ គឺ​បាន​ចូល​ដៃ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដើម្បី​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដើម្បី​យក​ដី ហើយ​បាន​ចាប់​អ្នក​តវ៉ា​ដាក់​គុក​ទៀត​ផង៖ «នៅ​ពេល​ពួក​ខ្ញុំ​មិន​ទាន់​មាន​ការ​តស៊ូ​មតិ ពួក​ខ្ញុំ​ជា​សមាជិក​គណបក្ស​ប្រជាជន។ ប៉ុន្តែ បច្ចុប្បន្ន​នេះ ដោយសារ​តែ​ពួក​ខ្ញុំ​តស៊ូ​មតិ​ទាមទារ​យុត្តិធម៌ ទាមទារ​សិទ្ធិ​របស់​ខ្លួន ត្រូវ​បាន​គេ​រុញច្រាន​ឲ្យ​ទៅ​ជា​សមាជិក​គណបក្ស​ប្រឆាំង ឬ​គណបក្ស​នយោបាយ​ដែល​ពួក​ខ្ញុំ​មិន​បាន​ដឹង​ខ្លួន»
អ្នកស្រី ទេព វន្នី បាន​លើក​ឡើង​ថា ពី​មុន​អ្នកស្រី​គិត​ថា មនុស្ស​កើត​ក្រោយ​ឆ្នាំ​១៩៧៩ គឺ​ជា​មនុស្ស​មាន​សំណាង ដោយ​មិន​បាន​ជួប​ប្រទះ​របប​ប្រល័យ​ពូជ​សាសន៍ កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នកស្រី​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង ដោយសារ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ប្រទេស​ក្រោយ​ឆ្នាំ​១៩៧៩ មក​ទល់​បច្ចុប្បន្ន មិន​អាច​ទប់ស្កាត់​បាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ដេញ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន និង​ដី​កំពុង​រស់នៅ ហើយ​បាន​យក​ដី​ទាំង​នោះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទៅ​វិញ។
អ្នកស្រី ទេព វន្នី បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ចំពោះ​ក្រុម​របស់​អ្នកស្រី​នៅ​បឹងកក់ និង​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំងអស់ ពីព្រោះ​បើ​គ្មាន​ការ​ជួយ​ទេ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ នឹង​ក្លាយ​ជា​អ្នក​ទោស​ម្នាក់​ម្តងៗ​ទាល់​តែ​អស់៖ «ចាស! អ្វី​នៅ​ពេល​នេះ​ដែល​ខ្ញុំ​ចង់​ឲ្យ​អស់​លោក និង​សហគមន៍​អន្តរជាតិ​ជួយ ដែល​នៅ​ទីនេះ គឺ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា យើង​ខ្ញុំ បញ្ឈប់​នូវ​ការ​អភិវឌ្ឍ​ដោយ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ប្រើ​ប្រព័ន្ធ​តុលាការ ពីព្រោះ​ការ​អភិវឌ្ឍ​បណ្ដេញ​ចេញ​ដោយ​បង្ខំ បាន​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​បាត់​បង់​សុភមង្គល បាត់​បង់​អនាគត បាត់​បង់​ការ​សិក្សា​របស់​កូនៗ»
សេចក្តី​ថ្លែង​របស់​អ្នកស្រី ទេព វន្នី ធ្វើ​ឲ្យ​សមាជិក​អង្គ​ប្រជុំ​របស់​អង្គការ​អន្តរជាតិ អាយហ្វិក មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។
ប្រតិកម្ម​តប​ចំពោះ​ការ​លើក​ឡើង​របស់​អ្នកស្រី ទេព វន្នី នៅ​ក្នុង​អង្គ​ប្រជុំ​អន្តរជាតិ ដែល​មាន​ប្រតិភូ​មក​ពី ៦៧​ប្រទេស​ចូលរួម​នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា អ្នកស្រី ទេព វន្នី មាន​សិទ្ធិ​លើក​ឡើង​អំពី​អ្វី​ដែល​អ្នកស្រី​ជួប​ប្រទះ ប៉ុន្តែ​នេះ​ជា​ករណី​មួយ​ប៉ុណ្ណោះ៖ «ការ​លើក​ឡើង​ជា​សិទ្ធិ​សេរីភាព​របស់​លោកស្រី ក៏ប៉ុន្តែ​មិន​មាន​ន័យ​ថា​លោកស្រី​នោះ​ជា​តំណាង​នៃ​ការ​ខ្វះខាត​ស្រុក​ខ្មែរ​ទេ​បាទ!។ នេះ​គ្រាន់​តែ​ជា​រឿង​ករណី​តែ​មួយ​គត់»
កិច្ច​ប្រជុំ ២​ឆ្នាំ​ម្តង​របស់​អង្គការ​អន្តរជាតិ អាយហ្វិក ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា លើក​នេះ មាន​ការ​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា គឺ​ជា​សមាជិក​របស់ អាយហ្វិក។
អង្គការ អាយហ្វិក ជា​អង្គការ​អន្តរជាតិ​ដ៏​ធំ​មួយ ដែល​មាន​បណ្ដាញ​ទាក់ទង​ជាមួយ​អន្តរជាតិ​នៅ​លើ​ពិភពលោក ហើយ​ធ្វើ​ការងារ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស សេរីភាព​ក្នុង​ការ​ប្រជុំ និង​សេរីភាព​សារព័ត៌មាន៕

No comments:

Post a Comment

yes