សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 15, 2013

តើ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​អាច​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ជាតិ​យ៉ាង​ណា?

បោះឆ្នោតព្រឹទ្ធសភា៣០៥
សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មួយ​រូប​នៅ​កំពង់ឆ្នាំង ចូល​រួម​បោះឆ្នោត​
សមាជិក​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១២

ការ​បោះឆ្នោត​សកល ឬ​បោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ។ គណបក្ស​នយោបាយ​ទាំងអស់​មាន​រយៈពេល​មួយ​ខែ គឺ​ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា សម្រាប់​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

ក្នុង​ឱកាស​បញ្ចេញ​ថ្វី​មាត់​អួតអាង​របស់​អ្នក​នយោបាយ​នេះ ក៏​ជា​ឱកាស​ប្រាំ​ឆ្នាំ​ម្តង​របស់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ប្រុង​ប្រយ័ត្ន​ជ្រើស​រើស​មេ​ដឹកនាំ ឬ​គណបក្ស​នយោបាយ​ដែល​លោក​យល់​ថា អាច​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ខ្លួន​បាន។
តើ​ហេតុ​ដូចម្តេច​បាន​ជា​ឆ្នោត​មួយ​សន្លឹក​មាន​សារៈសំខាន់ ហើយ​វា​អាច​ជះ​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​ដល់​សង្គម​ជាតិ?
ប្រការ​ដែល​ពលរដ្ឋ​ម្នាក់ៗ​អាច​បញ្ចេញ​សំឡេង និង​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹកនាំ គឺ​ជា​សិទ្ធិ​ពិសេស​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ឆ្នោត​មួយ​សន្លឹក​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​អ្នក​នយោបាយ។ ឆ្នោត​មួយ​សន្លឹក​រួម​ផ្តុំ​ច្រើន​គ្នា បើ​បោះ​ត្រូវ​អាច​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ប្រែប្រួល​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ល្អ​ត្រឹមត្រូវ សមស្រប​តាម​សង្គម​ប្រជាធិបតេយ្យ ដែល​ចាត់​ទុក​ពលរដ្ឋ​ជា​ធំ​ជា​ម្ចាស់​ប្រទេស​ជាតិ។ បន្ថែម​ពី​នេះ ពលរដ្ឋ​ម្ចាស់​ឆ្នោត​នឹង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​ខ្លួន​បោះឆ្នោត​ជ្រើស​រើស។

ម្ចាស់​ឆ្នោត​ម្នាក់ៗ​ដើម្បី​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព គេ​ត្រូវ​យល់​ដឹង និង​សិក្សា​ឲ្យ​បាន​ច្រើន​ពី​គោល​នយោបាយ និង​បេក្ខជន​តំណាង​រាស្ត្រ​ដែល​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​នោះ។ ពលរដ្ឋ គឺ​ជា​ម្ចាស់​ប្រទេស​ជាតិ ហើយ​វាសនា​របស់​ប្រជាជាតិ គឺ​អាស្រ័យ​លើ​ការ​គ្រប់គ្រង​របស់​មេ​ដឹកនាំ​ដែល​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ផ្តល់​អាទិភាព​ផ្នែក​សេវា​សុខភាព បង្កើន​គុណភាព​អប់រំ បង្កើត​អោយ​មាន​ការងារ​ធ្វើ រក្សា និង​ការពារ​អធិបតីភាព និង​បូរណភាព​ទឹកដី ជាដើម។ អាស្រ័យ​ហេតុ​នេះ ពលរដ្ឋ​ម្នាក់ៗ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវ​ឆ្លៀត​ពេល​ទៅ​បោះឆ្នោត ពីព្រោះ​ការ​ចូលរួម​ជ្រើស​មេ​ដឹកនាំ ជា​ករណី​កិច្ច​របស់​ពលរដ្ឋ ហើយ​គួរ​មាន​មោទនភាព​ថា ខ្លួន​បាន​ចូលរួម​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ភ្នាក់ងារ ឬ​តំណាង​ខ្លួន​តាម​រយៈ​ការ​បោះឆ្នោត​រៀង​រាល់ ៥​ឆ្នាំ​ម្តង។
អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មួយ​រូប លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត ទោះ​បី​ជា​ជួប​ឧបសគ្គ ឬ​រវល់​យ៉ាង​ណា​ក៏ដោយ ត្រូវ​ស្វែង​រក​ទី​កន្លែង​បោះឆ្នោត​ឲ្យ​បាន​ដឹង​ជា​មុន ដើម្បី​អនុវត្ត​តួនាទី និង​អំណាច​របស់​ខ្លួន​ជា​ពលរដ្ឋ​ល្អ​ម្នាក់​ក្នុង​សង្គម នៅ​ថ្ងៃ​បោះឆ្នោត៖ «ជា​ដំបូង ម្នាក់ៗ​ត្រូវ​យល់​ដឹង​ថា ខ្លួន​ជា​ម្ចាស់​ប្រទេស​យើង ទ្រព្យ​សម្បត្តិ​ធម្មជាតិ​នៅ​លើ​ដី​ទាំង​ប៉ុន្មាន គឺ​ជា​របស់​យើង។ វាសនា​របស់​យើង​ទៅ​មុខ​រីក​ចម្រើន សុខសាន្ត​នោះ គឺ​អាស្រ័យ​លើ​ការ​គ្រប់គ្រង​ប្រទេស​ហ្នឹង។ សំខាន់​បំផុត ថ្ងៃ​ហ្នឹង​យើង​មាន​អំណាច​ពេញ​លេញ​ក្នុង​ការ​ជ្រើស​រើស​ភ្នាក់ងារ​តំណាង​យើង អ្នក​បម្រើ​យើង អ្នក​គ្រប់គ្រង​ប្រទេស​ជួស​យើង។ ថ្ងៃ​បោះឆ្នោត​ហ្នឹង គឺ​ជា​ថ្ងៃ​ដែល​យើង​អាច​ប្រើប្រាស់​អំណាច​របស់​យើង ដោយ​សេរី តាម​ឆន្ទៈ​របស់​យើង»
មន្ត្រី​ឃ្លាំ​មើល​ការ​បោះឆ្នោត​កម្ពុជា អោយ​ដឹង​ថា ទម្លាប់​របស់​អ្នក​នយោបាយ​ខ្មែរ​ដែល​តែង​តែ​ធ្វើ​អាជីវកម្ម​លើ​ប្រជាពលរដ្ឋ សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន គួរ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​រៀង​រាល់ ៥​ឆ្នាំ​ម្តង។ ប្រការ​ដែល​ម្ចាស់​ឆ្នោត​ប្រើ​អំណាច​របស់​ខ្លួន​តម្រូវ​ឲ្យ​មេ​ដឹកនាំ ឬ​អ្នក​តំណាង​រាស្ត្រ​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​អសកម្ម ឬ​មិន​ល្អ​របស់​ពួក​គេ គឺ​ជា​វិធី​មួយ​ដ៏​ល្អ​បំផុត​ដែល​ចាប់​បង្ខំ​ឲ្យ​ពួក​គេ​បម្រើ​ផល​ប្រយោជន៍​ប្រជារាស្ត្រ​ជា​ធំ។
ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ​នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់ៗ​គ្នា​ទៅ​បោះឆ្នោត និង​មាន​ភាព​ឈ្លាសវៃ​ជ្រើស​រើស​បេក្ខជន​ណា​ដែល​គិតគូរ​ពី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ៖ «ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ទៅ​បោះឆ្នោត ត្រូវ​តែ​ធ្វើ​ជា​ម្ចាស់​ឆ្នោត​នៃ​អំណាច​របស់​ប្រទេស​ហ្នឹង ជា​ម្ចាស់​ឆ្នោត ជា​តំណាង​ប្រទេស​ហ្នឹង។ ត្រូវ​ខិតខំ​តស៊ូ ពីព្រោះ​ថា​រឿង​បញ្ហា​តែង​តែ​ជួប​ប្រទះ ប៉ុន្តែ​អ្នក​បោះឆ្នោត​ត្រូវ​ជឿជាក់​ថា យើង​ជា​ម្ចាស់​ទៅ​បោះឆ្នោត ហើយ​ការិយាល័យ​បោះឆ្នោត​ជា​ការ​សម្ងាត់ គ្មាន​រណា​ដឹង ហើយ​អាច​សម្រេច​តាម​ឆន្ទៈ​របស់​យើង។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ អំពី​គោល​នយោបាយ​របស់​គណបក្ស​ផ្សេងៗ ដែល​គេ​បាន​ផ្សព្វផ្សាយ​មក​នេះ ហើយ​បើ​យើង​ពេញ​ចិត្ត​គណបក្ស​ណា យើង​បោះឆ្នោត​ឲ្យ​គណបក្ស​ហ្នឹង»
អាជីវករ​ម្នាក់​លក់​ដូរ​នៅ​ផ្សារ​កំពត សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា អ្នកស្រី​តែង​តែ​ទៅ​បោះឆ្នោត​មិន​ដែល​អាក់ខាន​ឡើយ ពីព្រោះ​យល់​ច្បាស់​អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​តំណាង​រាស្ត្រ ដែល​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ៖ «ខ្ញុំ​យល់​ឃើញ​ថា ការ​បោះឆ្នោត​សំខាន់​ណាស់ បើ​មិន​សំខាន់​មិន​ទៅ​បោះឆ្នោត​ទេ។ ហេតុ​ដែល​ថា​សំខាន់ ពីព្រោះ​គណបក្ស​មួយ​ណា ដូច​ថា​កាន់​កាប់​ប្រជាពលរដ្ឋ​បាន​ល្អ មិន​ប្រើ​អំពើ​ហិង្សា ឬ​មិន​ជិះ​ជាន់​ពលរដ្ឋ​អ៊ីចឹង គឺ​វា​ល្អ​ដែរ យើង​ពលរដ្ឋ​បាន​សុខសាន្ត​ដែរ។ បើ​សិន​ក្នុង​ប្រទេស​ខ្មែរ​យើង បើ​វា​លំបាក យើង​ក៏​លំបាក​ដែរ ដូច​ជំនាន់ ប៉ុល ពត វេទនា​បែក​បាក់​បង​ប្អូន ខ្ញុំ​បែក​បាក់​ម្តាយ​ខ្ញុំ​ដែរ»
ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក កម្ពុជា មាន​ប្រព័ន្ធ​បោះឆ្នោត​សភា​និយម មាន​ន័យ​ថា ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន​ជ្រើស​តាំង​តំណាង​រាស្ត្រ​តាម​រយៈ​ការ​បោះឆ្នោត​អោយ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត។ បេក្ខជន​តំណាង​រាស្ត្រ​ដែល​ជាប់​ឆ្នោត​ក្នុង​បញ្ជី​របស់​បក្ស នឹង​ក្លាយ​ជា​តំណាង​រាស្ត្រ ឬ​សមាជិក​រដ្ឋសភា។ តាម​ច្បាប់​បោះឆ្នោត គណបក្ស​នយោបាយ​ណា​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​ច្រើន​ជាង​គេ មាន​សិទ្ធិ​រៀបចំ​គណៈរដ្ឋមន្ត្រី ឬ​រដ្ឋាភិបាល​តែ​ឯង ឬ​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ណា​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​តិច​ជាង​ខ្លួន តាម​នយោបាយ​ស្រុះស្រួល​គ្នា។
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ទេព នីថា មាន​ប្រសាសន៍​ថា ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​បោះឆ្នោត គឺ​ជា​ការ​ស្ម័គ្រចិត្ត ហើយ​ពុំ​មាន​ច្បាប់​ណា​បង្ខំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឡើយ៖ «សន្លឹក​ឆ្នោត​មាន​សារៈសំខាន់​ណាស់ ព្រោះ​ថា​កាល​ណា​គាត់​គូស​សម្រេច​ហើយ គឺ​ជា​សំឡេង​របស់​គាត់​មួយ។ ហើយ​សំឡេង​នេះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​យើង​អាច​និយាយ​ថា ទៅ​ជា​អាសនៈ។ ដូច​នេះ កាល​ណា​សំឡេង​គាំទ្រ​ច្រើន ហើយ​យើង​បញ្ចូល​សំឡេង​ទាំងអស់​នេះ​ទៅ​ជា​រូបមន្ត​នៃ​ការ​បែង​ចែក​អាសនៈ សំឡេង​ប្រែ​ក្លាយ​ទៅ​ជា​អាសនៈ​សម្រាប់​អ្នក​ជាប់​ឆ្នោត។ សន្លឹក​ឆ្នោត​មាន​សារៈសំខាន់​ណាស់​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ត្រូវ​គិតគូរ​សម្រេច​ជា​មុន ដើម្បី​ជ្រើស​រើស​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត»
អាស្រ័យ​ហេតុ​នេះ អ្នក​បោះឆ្នោត​មាន​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​សំខាន់​ណាស់​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ជាតិ ក្លាយ​ជា​សង្គម​មួយ​ជឿនលឿន មាន​យុត្តិធម៌ សេរី និង​ប្រជាធិបតេយ្យ។ ប្រការ​ដែល​ពលរដ្ឋ​គ្រប់ៗ​គ្នា​ចេះ​ប្រើ​តួនាទី​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​ជា​ការ​សម្រេច​ចិត្ត​ពិសេស​មួយ​ដែល​អាច​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ផ្ដល់​តម្លៃ​ពិត​ប្រាកដ​ដល់​ម្ចាស់​ឆ្នោត និង​ទទួល​ខុស​ត្រូវ​ខ្ពស់​នូវ​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន៕

No comments:

Post a Comment

yes