សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 15, 2013

បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​មាន​ចំនួន​តិច

ស្ត្រី​និង​នយោបាយ ៦១០
វេទិកា​សាធារណៈ​ថ្នាក់​ជាតិ ប្រធាន​បទ​ស្ដីពី ជួយ​ស្ត្រី​ដើម្បី​សហគមន៍​យើង
 នា​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី (Himawari Hotel) រាជធានី​ភ្នំពេញ 
កាល​ពី​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៣

បើ​ទោះ​បី​ជា​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​រដ្ឋាភិបាល បាន​កំណត់​ចំនួន​បេក្ខភាព​ស្ត្រី​ឲ្យ​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​ចំនួន ៣០% ក្នុង​ស្ថាប័ន​រដ្ឋសភា នៅ​ឆ្នាំ​២០១៥ ក៏ដោយ ប៉ុន្តែ​ជាក់ស្ដែង ស្ត្រី​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​នយោបាយ​នៅ​នីតិកាល​ទី៥ ក្នុង​ឆ្នាំ​២០១៣ នេះ បាន​ជិត ១៩% ប៉ុណ្ណោះ។

ករណី​នេះ អង្គការ​ធ្វើ​ការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​រដ្ឋាភិបាល​នឹង​បរាជ័យ។
តើ​មាន​មូលហេតុ និង​ឧបសគ្គ​អ្វី​ខ្លះ​ចំពោះ​ការ​ដាក់​បេក្ខភាព​ស្ត្រី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​មាន​ចំនួន​តិច​នោះ? តើ​ដោយសារ​តែ​សមត្ថភាព​ស្ត្រី ឬ​ដោយសារ​តែ​ស្ត្រី​ពុំ​មាន​ធនធាន​ថវិកា​សម្រាប់​ផ្ដល់​ឲ្យ​បក្ស?
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ជំរុញ​ស្ត្រី​ឲ្យ​ប្រឡូក​ក្នុង​វិស័យ​នយោបាយ បាន​អះអាង​ថា ស្ត្រី​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នៃ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​បាន​ធ្លាក់​ចុះ បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុន។

នាយិកា​អង្គការ​សីលការ (Silaka) និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​នៃ​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ លោកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា បេក្ខភាព​ស្ត្រី​ដែល​ឈរ​ឈ្មោះ​មាន​ចំនួន​តិច បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​សម្រេច​ចិត្ត​នៅ​ពេល​ធ្វើ​ច្បាប់ ឬ​គោល​នយោបាយ​នីមួយៗ ដែល​ចំនួន​ស្ត្រី​ពុំ​មាន​តុល្យភាព និង​បុរស។ លោកស្រី​បន្ត​ថា យ៉ាង​ហោច​ណាស់​គួរ​មាន​ស្ត្រី ៣០% ដែល​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត ទើប​មាន​គុណភាព​ទៅ​ដល់​ការ​គិត​ពិចារណា​ដែល​ទាក់ទង​ទៅ​នឹង​សហគមន៍​គ្រួសារ និង​ប្រទេស​ជាតិ​ទាំង​មូល។
ការ​ថ្លែង​នេះ​នៅ​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ ប្រធាន​បទ​ស្ដីពី ជួយ​ស្ត្រី​ដើម្បី​សហគមន៍​យើង នៅ​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ។
កាល​ពី​ក្នុង​នីតិកាល​ទី៤ ឆ្នាំ​២០០៨ ចំនួន​ស្ត្រី​ជា​បេក្ខជន​ពេញ​សិទ្ធិ​មាន​ចំនួន ១៧២​នាក់ ក្នុង​ចំណោម​គណបក្ស​ប្រកួត​ប្រជែង​ចំនួន​១១។ ដោយ​ឡែក ក្នុង​នីតិកាល​ទី៥ ឆ្នាំ​២០១៣ មាន​ចំនួន​គណបក្ស​ចូលរួម​ប្រកួត​ចំនួន ៨​គណបក្ស មាន​បេក្ខជន​ស្ត្រី​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​ចំនួន ១៦៨​នាក់។
នីតិកាល​ទី៥ នេះ បេក្ខជន​ឈរ​ឈ្មោះ​ជា​ស្ត្រី​ពេញ​សិទ្ធិ​មាន​ចំនួន ១៦៨​នាក់ ក្នុង​ចំណោម​បេក្ខជន​ពេញ​សិទ្ធិ​សរុប ៨៨៦​នាក់។ បេក្ខជន​ជា​ស្ត្រី​ដែល​ឈរ​ឈ្មោះ​នៅ​លេខ​រៀង​លេខ​១ ដល់​លេខ​៣ មាន​ចំនួន ៦៥​នាក់ ស្មើ​នឹង​ជាង ៧% រីឯ​ឈរ​លេខ​រៀង​ទី៤ ដល់​ទី៦ ចំនួន ៦៣​នាក់ ស្មើ​នឹង​ជាង ៧% និង​ឈរ​ចាប់​ពី​លេខ​រៀង​ទី៧ ឡើង​ទៅ មាន​ចំនួន ៤០​នាក់ គិត​ជា​ភាគរយ​ជិត ៥% នៃ​ចំនួន​បេក្ខជន​ពេញ​សិទ្ធិ​ទាំង​បុរស និង​ស្ត្រី។
សមាជិក​រដ្ឋសភា​ក្នុង​នីតិកាល​ទី៤ មាន​ចំនួន ១២៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២៤​នាក់ ដែល​គិត​ជា​ភាគរយ​មាន​ប្រហែល ២២%។ ដោយ​ឡែក​ក្នុង​នីតិកាល​ទី៥ នេះ ចំនួន​ស្ត្រី​ដែល​ជា​បេក្ខជន​តំណាង​រាស្ត្រ​មាន​តែ ១៦៨​នាក់ បើ​គិត​ជា​ភាគរយ​ប្រហែល ១៩% គឺ​ធ្លាក់​ចុះ​ប្រមាណ ៣%។
ត្រង់​ចំណុច​នេះ សំណួរ​ថា តើ​កម្ពុជា អាច​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ដែល​បាន​កំណត់​ថា "បង្កើន​ឲ្យ​មាន​តំណាង​ស្ត្រី ៣០% ក្នុង​ស្ថាប័ន​រដ្ឋសភា​ត្រឹម​ឆ្នាំ​២០១៥ ដែរ​ឬ​ទេ?” ចម្លើយ​ពី​សង្គម​ស៊ីវិល​ថា បរាជ័យ។
លោកស្រី ធីតា ឃិះ បាន​ថ្លែង​ថា អ្វី​ដែល​គេ​ឧបសគ្គ​ធំ​ដែល​នាំ​ឲ្យ​ស្ត្រី​ឈរ​ឈ្មោះ​បេក្ខភាព​តំណាង​រាស្ត្រ​មាន​ចំនួន​តិច​នោះ គឺ​ដោយសារ​តែ​បញ្ហា​ថវិកា​តែ​ម្ដង។ បញ្ហា​ចម្បង គឺ​ស្ត្រី​ពុំ​មាន​ធនធាន​ថវិកា បើ​ទោះ​ជា​ស្ត្រី​មាន​ប្រជាប្រិយភាព មាន​ឆន្ទៈ​ជួយ​សង្គម និង​មាន​សមត្ថភាព​ធ្វើ​ការ​ក៏ដោយ។
ពិត​ណាស់ នៅ​ដំណាក់​កាល​នេះ គណបក្ស​នយោបាយ​នីមួយៗ​ត្រូវ​ការ​ថវិកា​មែន​ទែន។ មន្ត្រី​បក្ស​នយោបាយ​បាន​អះអាង​ថា ការ​ដាក់​បេក្ខភាព​ស្ត្រី​ឲ្យ​ឈរ​ឈ្មោះ គឺ​ត្រូវ​តែ​មាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ការ​ចំណាយ​នៅ​ក្នុង​បក្ស​សម្រាប់​រដូវ​ឃោសនា​មក​ដល់។
សមាជិក​គណៈកម្មាធិការ​គ្រប់គ្រង​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ផាន់ សិទ្ធី មាន​ប្រសាសន៍​ថា ក្រៅ​អំពី​ប្រជាប្រិយភាព​របស់​បុគ្គល និង​មាន​សមត្ថភាព​នោះ គឺ​បុគ្គល​ដែល​ចង់​ឈរ​ឈ្មោះ​ត្រូវ​មាន​ធនធាន​ជា​ចាំបាច់។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បញ្ជាក់​ថា បេក្ខភាព​ឈរ​លេខ​រៀង​ណា​ត្រូវ​ចំណាយ​ប្រាក់​បដិភាគ​សម្រាប់​ធ្វើ​សកម្មភាព​ក្នុង​បក្ស​ប៉ុន្មាន​នោះ​ទេ។
មិន​ខុស​គ្នា​នោះ​ទេ លោកស្រី មូរ សុខហួរ បេក្ខភាព​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា គណបក្ស​នេះ​មាន​គោល​នយោបាយ​ជំរុញ​បេក្ខភាព​ស្ត្រី​ឲ្យ​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​ច្រើន​ជាង​អាណត្តិ​នេះ។ ប៉ុន្តែ ដោយសារ​កត្តា​សង្គម ការ​រើសអើង​ស្ត្រី ស្ត្រី​នៅ​មាន​បន្ទុក​ដោះស្រាយ​ជីវភាព​គ្រួសារ និង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​លើ​ស្ត្រី ទន្ទឹម​នឹង​កង្វះ​ធនធាន​ជា​ដើម ទាំងអស់​នេះ គឺ​ជា​ឧបសគ្គ​ដែល​នាំ​ឲ្យ​ស្ត្រី​ឈរ​ឈ្មោះ​មាន​ចំនួន​ធ្លាក់​ចុះ។
ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​ទេ ដោយ​រុញ​ដាក់​គ្នា​ទៅ​វិញ​មក។ ប៉ុន្តែ​នៅ​ក្នុង​គេហទំព័រ​របស់ គ.ជ.ប បាន​បង្ហាញ​ថា ចំនួន​បេក្ខជន​ពេញ​សិទ្ធិ​ជា​ស្ត្រី​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ២០​នាក់ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១២​នាក់ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន ១២​នាក់។
បេក្ខភាព​ស្ត្រី​ដែល​ឈរ​ឈ្មោះ​អ្នក​តំណាង​រាស្ត្រ ក៏​បាន​អះអាង​ដែរ​ថា ពួក​គាត់​បាន​ចំណាយ​ថវិកា​សម្រាប់​ការ​ឈរ​ឈ្មោះ​ទៅ​តាម​លេខ​រៀង។
បេក្ខភាព​បម្រុង​លេខ​៩ មណ្ឌល​ភ្នំពេញ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច អ្នកស្រី វ៉ាន់ ឆុំ មាន​មតិ​ថា មូលហេតុ​ដែល​គាត់​ឈរ​ឈ្មោះ គោល​បំណង​សំខាន់​មួយ គឺ​អ្នកស្រី​ចង់​ជួយ​ស្ត្រី​ក្នុង​សហគមន៍​ដែល​កំពុង​ប្រឈម​នឹង​ការ​រើសអើង បើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​កម្លាំង​កាយ​ចិត្ត និង​ថវិកា​ផង​ក៏ដោយ។
ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ​២០១៣ មាន​គណបក្ស​នយោបាយ​ចំនួន​៨ ចូលរួម​ប្រកួត​ប្រជែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។
សង្គម​ស៊ីវិល បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​បញ្ហា​មួយ​ចំនួន គឺ​ជំរុញ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​កូតា ៣០% នៃ​ស្ត្រី​ជា​បេក្ខជន និង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​កូតា​ឆ្លាស់​ស្ត្រី និង​បុរស។ រដ្ឋាភិបាល​គួរ​បង្កើត​មូលនិធិ​សម្រាប់​ស្ត្រី​ដែល​ជា​បេក្ខជន​សម្រាប់​ឈរ​ឈ្មោះ រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​ចាត់​វិធាន​ការ​បញ្ឈប់​រាល់​សកម្មភាព​គំរាម​កំហែង បំភិតបំភ័យ និង​អំពើ​ហិង្សា​លើ​សកម្មជន​ស្ត្រី​នយោបាយ៕

No comments:

Post a Comment

yes