សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 15, 2013

សវនាការ​រឿង​អតីត​អភិបាល​ក្រុង​បាវិត​បាញ់​កម្មការិនី​ប្រកាស​នៅ​ថ្ងៃ​ទី២៥ខែ​មិថុនា

_MG_8658
លោកឈូក បណ្ឌិត ពេល​នាំ​ឡើង​មក​សវនាការ​សាលា​ឧទ្ធរណ៍ រាជ​ធានី​ភ្នំពេញ
សវនាការ​សាក​សួរ​លើ​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​ដែល​អតីត​អភិបាល​ក្រុង​បាវិត​លោក ឈូក បណ្ឌិត បាញ់​កម្មការិនី ៣​នាក់​ឲ្យ​រង​របួស​ធ្ងន់​ នឹង​ត្រូវ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី ២៥ ខែ​មិថុនា ឆ្នាំ​២០១៣។
សវនាការ​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈពេល​បីថ្ងៃ ចាប់​តាំង​ពី​ថ្ងៃទី​១២​ដល់​ថ្ងៃ​ទី១៤ ខែ​មិថុនា ចៅក្រម​បាន​សាក​សួរ​ជន​រងគ្រោះ ៣​នាក់ និង​សាក្សី​២០​នាក់ ប៉ុន្តែ​មិន​មាន​វត្តមាន​លោក ឈូក បណ្ឌិត ដែល​ជា​ជន​សង្ស័យ និង​មេធាវី​របស់​លោក​ឡើយ។
លោក ស ចន្ថា នាយ​ផ្នែក​ព្រហ្មទណ្ឌ នគរបាល​ក្រុង​បាវិត ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ដោយ​ចោទ​ប្រកាន់​ពី​បទ ​បង្ក​របួស​ស្នាម​ដោយ​អចេតនា បាន​ថ្លែង​ថា តាម​ស្តាប់​សាក្សី​ដែល​និយាយ​នៅ​ក្នុង​សវនាការ មាន​សាក្សី​ខ្លះ​និយាយ​ពិត ហើយ​សាក្សី​ខ្លះ​និយាយ​មិន​ពិត​។
លោក​បញ្ជាក់​ថា​៖ «​ទោះ​បី​ជា​តុលាការ​ចោទ​ប្រកាន់​ខ្ញុំ​យ៉ាង​ណា​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​ ប្រកាន់​ថា ខ្ញុំ​ជា​មនុស្ស​ស្អាត​ស្អំ​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ»។

កាល​ពី​ម្សិលមិញ សាក្សី​ជា​មន្ត្រី​ប៉ូលិស និង​ប៉េអឹម​មួយ​ចំនួន ក្នុង​ចំណោម​សាក្សី​ជាង​១០​នាក់ បាន​ឆើ្លយ​ចោទ​ប្រកាន់​ទៅ​លើ​លោក ឈូក បណ្ឌិត ថា ជា​អ្នក​បាញ់​កម្មការិនី ៣នាក់ ឲ្យ​រង​របួស​នៅ​ក្នុង​បាតុកម្ម​នៅ​ក្រុង​បាវិត កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ​ឆ្នាំ ២០១២។
លោក ​ឈូក បណ្ឌិត មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទេ បើ​ទោះ​បី​ជា​​លោក ​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​​ផ្ទៃ ​ធ្លាប់​​បាន​​ថ្លែង​ថា អតី​ត​អភិបាល​ក្រុង​បា​វិត​រូប​នេះ គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​​ ដែល​បាន​បាញ់​កម្មករ​ឲ្យ​រង​របួស​​នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ក្រុង​បាវិត​​ កាល​ពី​ដើម​ឆ្នាំ ​២០១២ ក្តី។ សំណុំ​រឿង​របស់​លោក​ ឈូក បណ្ឌិត ត្រូវ​បាន​​រុញ​ចុះ​ឡើង​ៗ នៅ​តុលា​ការ​ខេត្ត​ស្វាយ​រៀង​ជិត​ពេញ​មួយ​ឆ្នាំ មុន​នឹង​តុលា​ការ​​ដដែល​នេះទម្លាក់​ចោល​មិន​ចាត់​​ការ​។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំងពី​មជ្ឈ​ដ្ឋាន​ជា​ច្រើន នៅ​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ ២០១៣ សាលា​ឧទ្ធរណ៍ បាន​លើក​យក​សំណុំ​រឿង​នេះ មក​បើក​សវនា​ការ ហើយ​បាន​សម្រេច​​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ឈូក ​បណ្ឌិ​​ត ពីបទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ហើយ​បង្វិល​​សំណុំ​រឿង​នេះ ទៅ​ឲ្យ​តុលា​ការ​ខេត្ត​ស្វាយ​រៀង​ ចាត់​​នីតិ​វិធី​​ដំណើរ​ការ​ក្តី​ជា​ថ្មី​​​ឡើង​វិញ​។

No comments:

Post a Comment

yes