សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 14, 2013

វិធី​ប្លែកៗ​របស់​អ្នក​នយោបាយ​ក្នុង​ការ​ផ្ដួល​គូប្រកួត

ការ​បោះ​ឆ្នោត​រើស​តាំង​សមាជិក​សភា​នីតិកាល​ទី​៥ កាន់​តែ​ខិត​ជិត​មក​ដល់ គេ​សង្កេត​ឃើញ​ថា ការ​ជួបជុំ​ពិភាក្សា​នយោបាយ​ក៏​កើត​មាន​ច្រើន ហើយ​ពាក្យ​សម្ដី​រិះគន់​និយាយ​អាក្រក់​ពី​គ្នា​ក៏​មាន​ដែរ។

នៅ​ក្នុង​ការ​ត្រៀម​រៀបចំ​បោះ​ឆ្នោត​លើក​នេះ គេ​សង្កេត​ឃើញ​ថា មាន​វិធី​ថ្មី​ជា​ច្រើន​កើត​មាន​នៅ​ក្នុង​ការ​ត្រៀម​រៀបចំ​បោះ​ឆ្នោត​ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​លើក​មុនៗ។
អ្នក​វិភាគ និង​តាម​ដាន​ការវិវឌ្ឍន៍​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​ថា ការ​ប្រើ​វិធី​ថ្មីៗ ក្នុង​ការ​ផ្ដួល​គូប្រកួត​របស់​អ្នក​នយោបាយ​ខ្មែរ កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​មិន​បាន​ទទួល​សារ​នយោបាយ​ច្បាស់លាស់​ក្នុង​ការ​សម្រេច​ចិត្ត ដើម្បី​បោះ​ឆ្នោត​រើស​អ្នកដឹកនាំ​ទេ ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ​បាន​ទទួល​ការ​ភ័យ​ព្រួយ ដោយសារ​មាន​ការ​បោះ​ឆ្នោត​នោះ​ទៅ​វិញ។
នៅ​ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ថ្មី គេ​សង្កេត​ឃើញ​ថា វិធី​ឃោសនា​ដើម្បី​ស្វែង​រក​សំឡេង​ឆ្នោត​គាំទ្រ​ក៏​មាន​ប្រើ​បច្ចេកទេស​ថ្មី ដើម្បី​ផ្ញើ​សារ​នយោបាយ​ទៅ​ដល់​អ្នក​បោះ​ឆ្នោត​ដែរ។
វិធី​ថ្មី​មួយ​ចំនួន​ដែល​កើត​មាន​ហើយ មាន​កាសែត​ជាតិ និង​អន្តរជាតិ​ចុះ​ផ្សាយ​នោះ​មាន​ដូចជា​អ្នកដឹកនាំ គណបក្ស​នយោបាយ បាន​បង្កើន​ការ​ចុះ​ទៅ​ជួប​សមាជិក​បក្ស​កាន់​តែ​ច្រើន​ដង និង​ច្រើន​កន្លែង។ អ្នកដឹកនាំ​គណបក្ស​នយោបាយ​បាន​លើក​ឡើង​ពី​គុណសម្បត្តិ និង​កិច្ច​ប្រឹងប្រែង​ដែល​គណបក្ស​នយោបាយ​បាន​ធ្វើ​ក្នុង​កិច្ចការ​ដឹកនាំ កសាង​ជាតិ និង​បម្រើ​សមាជិក​បក្ស​របស់​ខ្លួន។
នៅ​ក្នុង​ការ​ឃោសនា​យក​ប្រៀប​ដើម្បី​ផ្ញើ​សារ​នយោបាយ​ទៅ​ដល់​សមាជិក​បក្ស និង​ប្រជាពលរដ្ឋ​ទូទៅ​នោះ អ្នក​ដឹកនាំ​គណបក្ស​នយោបាយ​ខ្លះ បាន​ប្រើ​ទាំង​វិធី​បុរាណ​និង​ទំនើប ដើម្បី​ស្វែង​រក​ការ​គាំទ្រ និង​ដើម្បី​ឲ្យ​អ្នក​បោះ​ឆ្នោត​ស្គាល់​គណបក្ស​ខ្លួន​ឲ្យ​បាន​ច្បាស់។ វិធី​បុរាណ មាន​ដូចជា លើក​ស្លាក​ដាក់​តាំង​តាម​ដង​ផ្លូវ។ ថ្លែង​សុន្ទរកថា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ និង​បោះ​ឆ្នោត​ឲ្យ​ខ្លួន។ ការ​រិះគន់​ចំណុច​ខ្សោយ​របស់​អ្នក​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ខ្លួន។
ចំណែក​វិធី​ថ្មី​មួយ​ចំនួន​ដែល​គេ​មិន​ដែល​ឃើញ​គណបក្ស​នយោបាយ​ធ្លាប់​ប្រើ​ពី​មុន​មក​ក្នុង​ការ​ផ្ដួល និង​បង្អាប់​គូប្រកួត​របស់​ខ្លួន​នោះ មាន​ដូចជា​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ បាន​ថ្លែង​ព្រមាន​ដក​សម្ភារៈ ឬ​កាត់​ការ​ជួយ​ឧបត្ថម្ភ​នានា ដែល​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ​បាន​ផ្ដល់​កន្លង​ទៅ។ ការ​កេណ្ឌ​ប្រមូល​មហាជន​ចូល​រួម​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​មាន​ការ​សុំ​ទោស​ជា​សាធារណៈ ដោយ​មាន​ផ្សាយ​រូបភាព​គ្រប់​ស្ថានីយ​ទូរទស្សន៍ ការ​ដេញ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ចេញ​ពី​រដ្ឋ​សភា។ ការ​ប្រើ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​រិះគន់ និង​បក​អាក្រាត​គ្នា​ទៅ​វិញ​ទៅ​មក។
ការ​ប្រើ​សាច់​ញាតិ​ឲ្យ​រិះគន់​បង​ប្អូន​បង្កើត និង​បង្ហាញ​នារី​មាន​គ្រួសារ និង​កូន​តូច ថា​ជា​អតីត​ប្រពន្ធ​លួចលាក់។ ការ​ផ្សាយ​សំឡេង​ដោយ​មាន​កាត់ត​ទាក់ទង​ការ​និយាយ​ក្នុង​ពេល​ជួប​ជាមួយ​សកម្មជន​របស់​គណបក្ស ថា​គុក​ទួលស្លែង ជា​កន្លែង​មាន​អ្នក​ទោស​សិប្បនិម្មិត ឬ​អ្នក​ទោស​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា មាន​កំហុស។ ការ​កោះ​ប្រជុំ​សមាជិក​បក្ស​នៅ​កន្លែង​ដែល​បក្ស​ប្រឆាំង មាន​គម្រោង​ជួបជុំ ហើយ​មាន​ចាក់​សំឡេង​ភ្លេង ចម្រៀង​រំខាន​ខ្លាំងៗ​ជាដើម។
ការ​អនុម័ត​ច្បាប់​ដើម្បី​ផ្ដន្ទាទោស​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ថា មាន​ការ​កាប់​សម្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ការ​ដឹក​ឡាន​មនុស្ស​ទៅ​ស្ទាក់​លោក កឹម សុខា ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​សុំ​ទោស ទាក់ទង​រឿង​ខ្មែរ​ក្រហម​នៅ​ក្នុង​ពេល​ជួប​ប្រជុំ​ជាមួយ​អ្នក​គាំទ្រ​នៅ​ខេត្ត​កណ្ដាល ជាដើម។
ការ​ប្រើ​វិធី​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​នីមួយៗ ងាយ​ប៉ះ​ទង្គិច​គ្នា​ជា​ពាក្យ​សម្ដី ឬ​រូបរាង​កាយ​ណាស់ ពីព្រោះ​គូប្រកួត​បាន​ឃើញ​មុខ​គ្នា និង​បាន​ស្រែក​ចំអក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) មាន​ប្រសាសន៍​ថា សកម្មភាព​ថ្មី​មួយ​ចំនួន​របស់​អ្នក​នយោបាយ និង​អ្នក​គាំទ្រ​នយោបាយ ធ្វើ​ឲ្យ​មាន​សញ្ញា​មិន​ល្អ អាច​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន។
លោក គល់ បញ្ញា បន្ថែម​ថា បើ​គណបក្ស​នយោបាយ​ណា​មិន​បាន​លើក​យក​មក​បង្ហាញ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​គោលនយោបាយ​ទាក់ទង​សង្គមកិច្ច សេដ្ឋកិច្ច មិន​បាន​ទាក់ទាញ​ការ​គាំទ្រ​ពី​សំណាក់​មនុស្ស​ជំនាន់​ថ្មី​ឡើយ។
ចំណែក​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ មាន​យោបល់​ថា ឆ្លង​តាម​សកម្មភាព​បច្ចុប្បន្ន​នេះ សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​ប្រឆាំង គឺ​មាន​ការ​កើន​ឡើង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​មាន​ការ​ព្រួយ​បារម្ភ។ ប៉ុន្តែ​តាម​ទស្សនៈ​របស់​លោក បើ​គណបក្ស​ប្រឆាំង​អាច​ឈ្នះ​រហូត​ដល់​កាន់​អំណាច​មែន​នោះ ប្រហែល​ជា​គណបក្ស​កាន់​អំណាច​មិន​ងាយ​ផ្ទេរ​អំណាច​ឲ្យ​ដោយ​ងាយៗ​នោះ​ឡើយ។
ទោះ​បី​ជា​មាន​សកម្មភាព​និយាយ​វាយ​បក​រិះគន់​គ្នា​ដោយ​ពាក្យ​សម្ដី​មិន​សមរម្យ​រវាង​អ្នក​នយោបាយ​ខ្លះ និង​អ្នក​គាំទ្រ​ខ្លះ​មែន ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ និង​តាម​ដាន​ការវិវឌ្ឍន៍​សភាពការណ៍​នយោបាយ មាន​យោបល់​ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​ប្តឹង​ឡើង​តុលាការ ដោយសារ​ការ​គាំទ្រ​គណបក្ស​នយោបាយ ហើយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ឡើយ​ទេ។
លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ មិថុនា ថា ការ​ធ្វើ​សកម្មភាព​នានា​របស់​គណបក្ស​នយោបាយ​ទាក់ទង​ការ​បោះ​ឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ថ្មីៗ​នេះ គឺ​ធ្វើ​ទៅ​តាម​ការ​អនុញ្ញាត​របស់​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។
ការ​បោះ​ឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ​នេះ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន ៨ ចូល​រួម​ប្រកួត៕

No comments:

Post a Comment

yes