សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 5, 2013

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នឹង​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​បញ្ឈប់​វិនាសកម្ម​ព្រៃ​ឈើ

សុន ឆ័យ ៦១០
អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ (ពាក់​វ៉ែនតា) និង​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​បក្ស​សង្គ្រោះ​ជាតិ ចុះ​ជួប​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី ដើម្បី​តាម​ដាន និង​ស៊ើប​អង្កេត​ករណី​បំផ្លាញ​ធនធាន​ធម្មជាតិ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៣

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី៤ មិថុនា ថា លោក​នឹង​ដាក់​របាយការណ៍ និង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ជាង ១០​បណ្ដឹង​ទៀត ស្ដីពី​ការ​កាប់​ព្រៃ​ឈើ​នៅ​ខេត្ត​រតនគិរី​ទៅ​រដ្ឋសភា និង​រដ្ឋាភិបាល នៅ​ថ្ងៃ​ច័ន្ទ ទី១០ សប្ដាហ៍​ក្រោយ។
លោក សុន ឆ័យ មាន​ប្រសាសន៍​ថា លោក​បាន​ប្រមូល​ភស្តុតាង​ជាច្រើន​អំពី​ការ​កាប់​ព្រៃ​ឈើ និង​ការ​រំលោភ​ដី​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ចារាយ និង​ទំពួន ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហួង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និង​ក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG)។ លោក សុន ឆ័យ បញ្ជាក់​ថា របាយការណ៍​នោះ​មាន​ទាំង​រូបថត វីដេអូ​ឃ្លីប និង​ខ្សែ​អាត់​សំឡេង និង​សាក្សី​ពលរដ្ឋ​រងគ្រោះ​ផ្ទាល់ ដែល​ត្រូវ​ក្រុមហ៊ុន​វៀតណាម រំលោភ​យក​ដី និង​ប្រើ​អំពើ​ហិង្សា​រឿង​ទំនាស់​ដីធ្លី និង​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្រោម​រូបភាព​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច។
ការ​គ្រោង​ដាក់​របាយការណ៍ និង​ពាក្យ​បណ្ដឹង​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​លោក សុន ឆ័យ បាន​ដឹកនាំ​មន្ត្រី​បក្ស​មួយ​ក្រុម​ទៅ​ខេត្ត​រតនគិរី រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២២ ខែ​ឧសភា ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ករណី​កាប់​ឈើ​នេះ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) បាន​ចេញ​របាយការណ៍​នៅ​ក្នុង​ខែ​ឧសភា បាន​រក​ឃើញ​ថា មក​ដល់​ចុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២​លាន ៦​សែន​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន។ ក្នុង​នោះ ក្រុមហ៊ុន​វៀតណាម ធំ​២ គឺ​ក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឧកញ៉ា ទ្រី ភាព ទទួល​បាន​ជិត ៥​ម៉ឺន​ហិកតារ (៤៧.៣៧០​ហិកតារ)។ រីឯ​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក សង្ស័យ​កំពុង​រក​ស៊ី​ជា​ដៃគូ​ជាមួយ​អ្នកស្រី សេង គាង អតីត​ភរិយា​របស់​លោក ឌី ចូច ជា​បងប្អូន​ជីដូន​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​ជាង ១​សែន ៦​ម៉ឺន​ហិកតារ (១៦១.៣៤៤​ហិកតារ)។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ កំពុង​តែ​មមាញឹក​របរ​កាប់​រាន​ព្រៃ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​សម្បទាន។
ប្រធាន​កម្មវិធី​ដីធ្លី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ជុំ ណារិន មាន​ប្រសាសន៍​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី២ មិថុនា ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។
លោក សុន ឆ័យ អះអាង​ថា លោក​បាន​ដាក់​លិខិត​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​តំណាង​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទៀត​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​សុក្រ ទី៧ មិថុនា ចំពោះ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ដដែល នៅ​ក្នុង​រយៈពេល​ថ្មីៗ​នេះ ទោះ​បី​ជា​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ រដ្ឋាភិបាល​បាន​ផ្អាក​ហើយ​ក៏ដោយ។
ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន គឺ​លោក ឡោ រស្មី ជា​អគ្គលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ យោង​តាម​ចំណារ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមូល និង​កែច្នៃ​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារីអគ្គិសនី​ស្ទឹងអាតៃ ស្ថិត​ក្នុង​ជួរ​ភ្នំ​ក្រវាញ ភាគ​កណ្ដាល ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​អនុញ្ញាត​ឲ្យ​បង្កើត​រោងចក្រ​កែច្នៃ​រមៀត​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃ​ឈើ និង​បរិស្ថាន។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន មាន​បណ្ដាញ​យុវជន​កម្ពុជា សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​អង្គការ​មួយ​ចំនួន​ទៀត បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា ស្ដីពី​ការ​ព្រួយ​បារម្ភ​របស់​យុវជន ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ។ អង្គការ​ទាំង​នេះ​នឹង​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​លើក​ទី៤១ នៅ​ថ្ងៃ​ទី៥ មិថុនា ក្រោម​ប្រធាន​បទ​ស្ដីពី​ព្រៃ​ឈើ​យើង បរិស្ថាន​យើង ដើម្បី​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ​កំពុង​កើត​ឡើង​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ ដែល​កំពុង​ប៉ះពាល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ក៏​គ្រោង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ចំពោះ​ការ​ការពារ​បរិស្ថាន និង​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្រោម​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់​កម្ពុជា នោះ៕

No comments:

Post a Comment

yes