ក្រុមកុមារមកពីសហគមន៍ចំនួន៨ ក្នុងរាជធានីភ្នំពេញ យកថ្ងៃអបអរទិវាកុមារអន្តរជាតិ
អំពាវនាវអោយបញ្ឈប់ការបណ្ដេញចេញដោយបង្ខំ និងស្នើអោយដោះលែង
សកម្មជនដីធ្លីលោកស្រី យ៉ោម បុប្ផា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣ ជាខួបលើកទី៦៤ នៃទិវាកុមារអន្តរជាតិ។ នៅថ្ងៃនេះ កុមារមកពីតំបន់ដែលមានជម្លោះដីធ្លី បានជួបប្រជុំគ្នាក្នុងតំបន់បឹងកក់ បន្ទាប់មកបានដង្ហែក្បួនទៅតាមមហាវិថីនានា ក្នុងរាជធានីភ្នំពេញ។
ពួកគេបានហែក្បួនកាត់ខាងមុខសាលារាជធានីភ្នំពេញ ស្ថានទូតសហរដ្ឋអាមេរិក ព្រះបរមរាជវាំង និងសាលាឧទ្ធរណ៍។ ពួកគេអំពាវនាវដល់រដ្ឋាភិបាល អោយយកចិត្តទុកដាក់ការពារសិទ្ធិកុមារក្នុងគ្រួសាររងគ្រោះដោយការបណ្ដេញចេញ និងបញ្ឈប់ការប្រើហិង្សា ឬចាប់ម្ដាយពួកគេដែលជាសកម្មជនដីធ្លីដាក់ពន្ធនាគារ។
ក្រុមកុមារប្រមាណ ២០០នាក់ មកពីសហគមន៍ចំនួន៨ ក្នុងរាជធានីភ្នំពេញ យកថ្ងៃអបអរទិវាកុមារអន្តរជាតិ អំពាវនាវអោយបញ្ឈប់ការបណ្ដេញចេញដោយបង្ខំ និងស្នើអោយដោះលែងសកម្មជនដីធ្លីលោកស្រី យ៉ោម បុប្ផា។
ក្រុមកុមារ និងតំណាងសហគមន៍ ដែលបានចូលរួមហែក្បួន បានលើកបង្ហាញរូបថតលោកស្រី យ៉ោម បុប្ផា ជាច្រើនផ្ទាំង និងស្រែកតាមឧបករណ៍បំពងសំឡេង ឬមេក្រូ ដោយផ្ញើសារទៅកាន់អាជ្ញាធរពាក់ព័ន្ធថា ការបណ្ដេញចេញដោយបង្ខំ កំពុងប៉ះពាល់សិទ្ធិមួយចំនួនរបស់កុមារ។ ចំណែកកុមារនៅក្នុងតំបន់ដែលប្រឈមនឹងការបណ្ដេញចេញ ធ្វើអោយពួកគេរស់នៅក្នុងភាពភ័យខ្លាច។
ក្រុមអ្នកហែក្បួនទាំងនេះមកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល អតីតអ្នកបឹងកក់ សំបុកចាប បឹងឈូក និងអ្នករស់នៅតាមផ្លូវរថភ្លើងជាដើម។
កុមារី សៀក ម៉ីលី កូនស្រីសកម្មជនដីធ្លីលោកស្រី គង់ ចន្ថា នៃតំបន់បឹងកក់ បានអោយដឹងថា ការបណ្ដេញចេញធ្វើអោយកុមារដូចរូបនាងបាត់បង់ភាពកក់ក្ដៅក្នុងគ្រួសារ។ ជារៀងរាល់ថ្ងៃ នាងតែងបារម្ភពីម្ដាយរបស់នាងដែលចេញតវ៉ាការពារផ្ទះសម្បែង ដែលអាចប្រឈមនឹងការវាយដំ ឬចាប់ដាក់ពន្ធនាគារជាដើម។ នាងបានអំពាវនាវអោយដោះលែងលោកស្រី យ៉ោម បុប្ផា ដែលនាងគិតថា គឺជាការគោរពសិទ្ធិកុមារក្នុងតំបន់បឹងកក់។
ការអំពាវនាវអោយដោះលែងលោកស្រី យ៉ោម បុប្ផា ក្នុងទិវាកុមារអន្តរជាតិ ធ្វើឡើងនៅ ៤ថ្ងៃមុនការបើកសវនាការរបស់សាលាឧទ្ធរណ៍លើសំណុំរឿងប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូង ដែលកាត់អោយលោកស្រីមានទោស ដោយការចោទប្រកាន់ថាប្រើអំពើហិង្សាដោយចេតនា។
No comments:
Post a Comment
yes