សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 23, 2013

លោកកឹមសុខា៖បក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​បើគ.ជ.បឯករាជ្យ

កឹម សុខា ៣០៥
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​មហា​បាតុកម្ម នា​ទី
លាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ឆ្នាំ​២០១៣

មេ​ដឹកនាំ​គណបក្ស​នយោបាយ​ចំនួន​២ មាន​ជំនឿ​ថា ពួក​គេ​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា។ ក្នុង​នោះ​មាន​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា បក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ ខែ​កក្កដា ខាង​មុខ​បើ​សិន​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មាន​ជំហរ​អព្យាក្រឹត្យ និង​មាន​ឯករាជ្យ​ពិត​ប្រាកដ​នោះ។
ការ​អះអាង​របស់​មេ​បក្ស​ប្រឆាំង​ដូច្នេះ ដោយសារ​តែ​សង្កេត​ឃើញ​សកម្មភាព​ចុះ​មូលដ្ឋាន​របស់​បក្ស​ប្រឆាំង​នៅ​ទូទាំង ២៤​រាជធានី​ខេត្ត មាន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ចូលរួម​គាំទ្រ​រាប់​ពាន់​ម៉ឺន​នាក់ ក្នុង​វេទិកា​តាម​រាជធានី​ខេត្ត​និមួយៗ។ លោក​អះអាង​ថា ប្រទេស​ជាតិ​នឹង​ចាក​ផុត​ពី​ភាព​ក្រីក្រ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាម​កំហែង គ្មាន​ការ​រំលោភ​ដីធ្លី មាន​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រទេស។

លោក កឹម សុខា បាន​ស្នើ​ឲ្យ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ រង់ចាំ​សាទរ​ជ័យ​ជំនះ​គណបក្ស​ប្រឆាំង​នា​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ ដើម្បី​ដឹកនាំ​សង្គ្រោះ​ប្រទេស​ជាតិ​មិន​ឲ្យ​បរទេស​ឈ្លាន​ពាន ព្រម​ទាំង​លើក​តម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ និង​គ្រោះ​ភ័យ​ផ្សេងៗ។
ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្មីៗ​នេះ​មាន​ជំនឿ​លើ​ម្ចាស់​ឆ្នោត​នឹង​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន បាន​ដឹកនាំ និង​អភិវឌ្ឍ​ប្រទេស​ក្នុង​អាណត្តិ​ទី៥ បន្ត​ទៀត។
ប្រមុខ​ដឹកនាំ​បាន​ចំអក​ឲ្យ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ថា ក្តី​ស្រមៃ​ឈ្នះ​ការ​បោះឆ្នោត​ពួក​គេ​មាន​តែ​ក្នុង​សុបិន្ដ​ទេ។ ហើយ​ថា ក្តី​សុបិន្ដ ឬ​អំនួត​នេះ តែង​កើត​មាន​ជា​រៀង​រាល់​អាណត្តិ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ចូល​មក​ម្តងៗ។
លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ទិវា​ពលកម្ម​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី១ ខែ​ឧសភា នា​ខេត្ត​ព្រះសីហនុ ថា​លោក​មិន​ជឿ​ថា​គណបក្ស​លោក​ដែល​មាន​កៅអី ឬ​អាសនៈ​លើស​ពី ២​ភាគ​៣ នៅ​រដ្ឋសភា នឹង​ធ្លាក់​អាសនៈ​មក​ក្រោម ៥០% នោះ​ទេ។
ទាក់ទិន​លទ្ធផល​បោះឆ្នោត​នេះ សម្រាប់​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ ឬ​អ្នក​វិភាគ​ឯករាជ្យ បាន​ផ្តល់​វិភាគ​ថា គណបក្ស​កាន់​អំណាច​មិន​អាច​រក្សា​ចំនួន​អាសនៈ​ដែល​មាន​ក្នុង​រដ្ឋសភា​ចំនួន ៩០​កៅអី​នា​អាណត្តិ​កន្លង​មក​បាន​ទេ។ ហើយ​ថា គណបក្ស​ប្រឆាំង​នឹង​កើន​ចំនួន​អាសនៈ ឬ​ឈាន​ដល់​ឈ្នះ​ការ​បោះឆ្នោត​នីតិកាល​ទី៥ ថែម​ទៀត។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​វិភាគ​ថា គណបក្ស​កាន់​អំណាច​អាច​នឹង​បាត់បង់​ចំនួន​អាសនៈ​ពី ៩០​កៅអី នៅ​ក្នុង​រដ្ឋសភា នា​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥។ ហើយ​ថា គណបក្ស​ប្រឆាំង​នឹង​កើន​ចំនួន​អាសនៈ ប៉ុន្តែ​មិន​ឈ្នះ​ការ​បោះឆ្នោត​ដឹកនាំ​ប្រទេស​នោះ​ទេ។
ចំណែក​លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ស្នើ​ចូល​ខ្លួន​វិភាគ​ពី​លទ្ធផល​បោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នេះ​ដែរ លោក​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស មិន​ត្រឹម​បាន​កើន​ចំនួន​អាសនៈ​សភា​ទេ ប៉ុន្តែ​បក្ស​នេះ​ថែម​ទាំង​អាច​ឈ្នះ​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ​ថែម​ទៀត បើ​សិន​ការ​បោះឆ្នោត​នេះ​អាជ្ញា​កណ្ដាល គ.ជ.ប មាន​ជំហរ​ឯករាជ្យ អព្យាក្រឹត និង​មាន​យុត្តិធម៌​នោះ។ លោក​ថា សព្វថ្ងៃ​នេះ​ឃើញ​សន្ទុះ​របស់​ម្ចាស់​ឆ្នោត​តាម​មូលដ្ឋាន បាន​ងាក​មក​គាំទ្រ​បក្ស​ប្រឆាំង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​អស់​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ដែល​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា គំរាម​កំហែង រំលោភ​ដីធ្លី បក្ខពួក​និយម ពុក​រលួយ ពិសេស​មិន​បាន​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​វៀតណាម។
ចំណុច​ដែល​គណបក្ស​ប្រជាជន បាត់បង់​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត ត្រូវ​បាន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា ដោយសារ​តែ​បក្ស​មួយ​នេះ​គ្មាន​គោល​នយោបាយ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ ឬ​កម្មករ​ឲ្យ​បាន​សមរម្យ ហើយ​មិន​បាន​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ពេល​មាន​ជំងឺ ឲ្យ​ទទួល​បាន​សេវា​ព្យាបាល​មិន​គិត​ថ្លៃ ឬ​ក៏​កូន​កសិករ​អាច​ទទួល​បាន​ការ​អប់រំ​ស្មើ​ភាព​ដូច​កូន​អ្នក​ធូរធារ​នោះ​ទេ។
កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។ ហើយ​ពេល​វេលា​សម្រាប់​គណបក្ស​នយោបាយ បើក​យុទ្ធនាការ​ឃោសនា​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៣៕

No comments:

Post a Comment

yes