សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 23, 2013

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចាត់​ទុក​រដ្ឋាភិបាល​សព្វថ្ងៃ​មិន​ស្រប​ច្បាប់

ឈាង វុន សុន ឆ័យ ៣០៥
១០-មិថុនា-២០១៣៖ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ 
ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋ​សភា លោក ឈាង វុន (ឆ្វេង) បណ្ដេញ​លោក 
សុន ឆ័យ ចេញ​ពី​បរិវេណ​រដ្ឋ​សភា មិន​ឲ្យ​ឆ្លើយ​សំណួរ​អ្នក​កាសែត

បញ្ហា​ចម្រូងចម្រាស​នៃ​ការ​ដក​សមាជិក​ភាព​រដ្ឋសភា​របស់​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។ បន្ទាប់​ពី​ការ​ដក​សមាជិក​ភាព​នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ចាត់​ទុក​ថា សភា និង​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន លែង​ស្រប​ច្បាប់ និង​អំពាវនាវ​អន្តរជាតិ​កុំ​ឱ្យ​ធ្វើ​កិច្ចសន្យា​ជាមួយ។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ចេញ​លិខិត​អំពាវនាវ​មួយ​ច្បាប់ នៅ​ថ្ងៃ​ទី២០ ខែ​មិថុនា ដោយ​ហៅ​រាជ​រដ្ឋាភិបាល​កម្ពុជា ថា​ជា​រដ្ឋាភិបាល​បាត់​ភាព​ស្រប​ច្បាប់​ហើយ។
លិខិត​ដដែល​បាន​អំពាវនាវ​ដល់​គ្រប់​ស្ថានទូត បេសកកម្ម​ការទូត និង​ម្ចាស់​ជំនួយ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា កុំ​ឱ្យ​ចុះ​កិច្ច​ព្រមព្រៀង​ណា​មួយ​ជាមួយ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​រង់ចាំ​រហូត​ដល់​មាន​រដ្ឋសភា​ថ្មី ដែល​តំណាង​រាស្ត្រ​ជា​សមាជិក​សភា​ថ្មី​ត្រូវ​បាន​ជ្រើស​រើស​តាម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី គឺ​លោក សុន ឆ័យ បញ្ជាក់​បន្ថែម​ថា ការ​បាត់​ភាព​ស្រប​ច្បាប់​នេះ គឺ​យោង​តាម​មាត្រា​៧៦ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា រដ្ឋសភា​កម្ពុជា ស្រប​ច្បាប់ លុះត្រា​តែ​បង្កើត​ឡើង​ដោយ​តំណាង​រាស្ត្រ​យ៉ាង​តិច ១២០​រូប៖ «តាំង​តែ​ពី​ថ្ងៃ​ដែល​គេ​ដក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចេញ​មក មិន​ឱ្យ​ធ្វើ​តំណាង​រាស្ត្រ​ត​ទៅ​ទៀត រដ្ឋសភា​ត្រូវ​រលាយ​ហើយ ដោយសារ​តែ​អត់​មាន​អ្នក​តំណាង​រាស្ត្រ​គ្រប់ ១២០​រូប។ ចំណុច​ទី៣ គឺ​រាជ​រដ្ឋាភិបាល​នេះ​កើត​ចេញ​ពី​រដ្ឋសភា ហើយ​អាណត្តិ​របស់​រាជ​រដ្ឋាភិបាល​នេះ គឺ​មាន​រយៈ​កាល​ស្មើ​នឹង​អាណត្តិ​របស់​រដ្ឋសភា។ បើ​រដ្ឋសភា​ក្ស័យ​ជីវិត​ទៅ​ហើយ ដោយសារ​តែ​ការ​ដក​តំណាង​រាស្ត្រ​ខុស​ច្បាប់​នេះ បាន​ន័យ​ថា រាជ​រដ្ឋាភិបាល​នេះ​ក៏​អត់​ស្រប​ច្បាប់​ដែរ គឺ​បាន​ន័យ​ថា ចប់​អាណត្តិ​ជាមួយ​នឹង​ការ​រលាយ​ខ្លួន​តាំង​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា នោះ​ទៅ​បាត់​ហើយ»
លោក​បញ្ជាក់​ថា លោក​បាន​ផ្ញើ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ហើយ ដើម្បី​ឱ្យ​បកស្រាយ​ថា តើ​ការ​បញ្ឈប់​សមាជិក​ភាព​រដ្ឋសភា​របស់​តំណាង​រាស្ត្រ​របស់​គណបក្ស​ទាំង​ពីរ ស្រប​តាម​រដ្ឋធម្មនុញ្ញ​ឬ​ទេ?
ទាក់ទង​នឹង​មាត្រា​នេះ​ដែរ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា គឺ​លោក ឈាង វុន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ទី១០ មិថុនា សប្ដាហ៍​មុន ដោយ​ពន្យល់​អ្នក​កាសែត​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្លាប់​បកស្រាយ​រួច​ហើយ ហើយ​ការ​អនុវត្ត​ក៏​ធ្លាប់​កើត​មាន​ចំពោះ​ករណី​លោក សម រង្ស៊ី ដែល​គណបក្ស​ដក​សមាជិក​ភាព​បក្ស និង​លោក ខឹម វាសនា ហើយ​បាត់បង់​កៅអី​សភា​ដូច​កាល​ពី​អាណត្តិ​មុន​ដែរ។
លោក ឈាង វុន បន្ត​ថា ការ​បាត់បង់​សមាជិក​ភាព​រដ្ឋសភា​របស់​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង ដែល​សម្រេច​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាល​ពី​ដើម​ខែ​មិថុនា គឺ​ផ្អែក​លើ​ច្បាប់ និង​លិខិត​បទដ្ឋាន​មួយ​ចំនួន ដូច​ជា មាត្រា​១៥ និង ១៦ នៃ​ច្បាប់​ស្ដីពី​បក្ស​នយោបាយ មាត្រា​១២០ នៃ​ច្បាប់​បោះឆ្នោត មាត្រា​៦ នៃ​លក្ខន្តិកៈ​តំណាង​រាស្ត្រ និង​ការ​បកស្រាយ​ខ្លឹមសារ​មាត្រា​៧៦ នៃ​រដ្ឋធម្មនុញ្ញ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។
លោក សុន ឆ័យ ថ្លែង​ថា សមាជិក​ភាព​រដ្ឋសភា​របស់​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង មិន​មែន​បាត់បង់​ទេ គឺ​ជា​ការ​ដក​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៖ «អ្វី​ដែល​កើត​មាន គឺ​ការ​ដក មិន​មែន​ជា​ការ​បាត់បង់​ទេ ហើយ​បើ​មាន​ការ​បាត់បង់​នេះ ច្បាប់​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ណា​មក​ដក​ទេ គឺ​គណបក្ស​សាមី​ហ្នឹង គេ​នឹង​ផ្ញើ​បេក្ខជន​តំណាង​រាស្ត្រ​ក្នុង​បញ្ជី​មក​ជំនួស។ អា​ហ្នឹង​បាន​គេ​ធ្វើ​បាន ហើយ​ធ្វើ​បាន​នោះ​ក្នុង​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​នោះ​បាត់បង់​សមាជិក​ភាព​បក្ស​មុន​រយៈពេល ៦​ខែ ច្រើន​ជាង ៦​ខែ​មុន​ចប់​អាណត្តិ​របស់​ខ្លួន។ នេះ​ជា​គោលការណ៍​ច្បាប់»
បញ្ហា​នេះ ត្រូវ​បាន​បកស្រាយ​ផ្សេង​គ្នា ហើយ​លោក ឈាង វុន លើក​យក​មាត្រា​៩៥ មក​ឆ្លើយ​តប៖ «បើ​សិន​ជា​ការ​ប្រាសចាក​សមាជិក​ភាព​របស់​អ្នក​តំណាង​រាស្ត្រ​ហ្នឹង កើត​ឡើង​ច្រើន​ជាង ៦​ខែ​មុន​ការ​បោះឆ្នោត ត្រូវ​មក​ជំនួស​ភ្លាម។ បើ​កើត​ឡើង​ក្រោយ​ហ្នឹង គឺ​អត់​តែ​ម្ដង។ ន័យ​របស់​វា គឺ​និយាយ​អ៊ីចឹង។ ច្បាប់​មាន​សរសេរ ៩៥ គឺ​សរសេរ​អ៊ីចឹង»
លោក សុន ឆ័យ បញ្ជាក់​បន្ថែម​ថា រដ្ឋសភា​កម្ពុជា បាន​បាត់បង់​ភាព​ស្រប​ច្បាប់​តាំង​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា ដោយ​ហេតុ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​ដេញ​សមាជិក​សភា​ចំនួន ២៩​រូប​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស។ ដូច្នេះ រាជ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន ដែល​បង្កើត​ឡើង​ដោយ​អាណត្តិ​រដ្ឋសភា​នោះ ក៏​ត្រូវ​បាត់​ភាព​ស្រប​ច្បាប់​ដែរ។ លោក​ថ្លែង​បន្ត​ថា ដើម្បី​ឱ្យ​សភា និង​រដ្ឋាភិបាល​នៅ​ចុង​អាណត្តិ​នេះ​ស្រប​ច្បាប់ លុះត្រា​តែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​កែប្រែ​សេចក្ដី​សម្រេច​របស់​ខ្លួន​ឡើង​វិញ ទើប​អាច​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អន្តរជាតិ​បាន៕

No comments:

Post a Comment

yes