សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 25, 2013

លោកឈូកបណ្ឌិតត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ

ឈូក បណ្ឌិត ៣០៥
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​
ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣

ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ផ្ដន្ទាទោស​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត អោយ​ជាប់​គុក​រយៈពេល ១​ឆ្នាំ​កន្លះ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ក្នុង​សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ កៅវ៉េ (Kaoway) ៣​នាក់​អោយ​រង​របួស។

មេធាវី​ការពារ​ជន​រងគ្រោះ អ្នកស្រី សារី បុត្រចរិយា មាន​ប្រសាសន៍​បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក លាង សួស្តិ៍ បាន​សម្រេច​អោយ​លោក ឈូក បណ្ឌិត មាន​ទោស និង​បាន​ចេញ​ដីកា​អោយ​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ អោយ​មក​ទទួល​ទោស។
រីឯ​ជន​ជាប់​ចោទ សរ ចន្ថា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​បាវិត ត្រូវ​រួច​ខ្លួន​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ប៉ុន្តែ​ត្រូវ​ផ្ដន្ទា​ទោស​អោយ​ជាប់​ពន្ធនាគារ ៦​ខែ ពី​បទ​ប្រើ​ប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់ និង​ពិន័យ​ជា​ប្រាក់ ១​លាន​រៀល។

ស្រប​គ្នា​នេះ​ក៏​បាន​បង្គាប់​អោយ​លោក ឈូក បណ្ឌិត បង់​ប្រាក់​សំណង​ទៅ​ជន​រង​គ្រោះ​ដែល​ជា​កម្មការិនី​ទាំង ៣​នាក់។ ក្នុង​នោះ ត្រូវ​បង់​ទៅ​អោយ ប៊ុន ចិន្តា ដែល​របួស​ធ្ងន់​ជាង​គេ​នូវ​ទឹក​ប្រាក់​ចំនួន ២០​លាន​រៀល នុត សាខន ចំនួន ១០​លាន​រៀល និង​កែវ នា ចំនួន ៨​លាន​រៀល។
ចៅក្រម​បាន​ប្រកាស​សាល​ក្រម​នេះ​នៅ​ចំពោះ​មុខ​ជន​រងគ្រោះ ជន​ជាប់​ចោទ​លោក សរ ចន្ថា ដោយ​អវត្តមាន លោក ឈូក បណ្ឌិត និង​មេធាវី។ យ៉ាង​ណា​ចៅក្រម​បាន​ចាត់​ទុក​សាលក្រម​នេះ​ថា​បាន​ប្រកាស​ចំពោះ​មុខ គឺ​មិន​មែន​ជា​សាលក្រម​កំបាំង​មុខ​ឡើយ។
នៅ​ក្នុង​សវនាការ​រយៈពេល ៣​ថ្ងៃ​ពេញ​ដោយ​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា កម្មការិនី​ទាំង ៣​នាក់​នៃ​រោងចក្រ​កៅវ៉េ ឈ្មោះ កែវ នា ប៊ុន ចិន្ដា និង នុត សាខន បាន​ទាមទារ​អោយ​តុលាការ​ផ្ដន្ទាទោស​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា និង​ទាមទារ​សំណង។ ក្នុង​នោះ កែវ នា និង នុត សាខន ទាមទារ​សំណង​ជា​ប្រាក់​ចំនួន ៤,៥​ម៉ឺន​ដុល្លារ ចំណែក ប៊ុន ចិន្ដា ដែល​របួស​ធ្ងន់​ជាង​គេ​បាន​ទាមទារ​សំណង​ចំនួន ៥​ម៉ឺន​ដុល្លារ។

No comments:

Post a Comment

yes