សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 25, 2013

សមាគម​​ខ្មែរ​កម្ពុជា​ក្រោម​បាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​២​​អង្គ

ខ្មែរ​ក្រោម​តវ៉ា ៦១០
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ​​ដែល​​ត្រូវ​អាជ្ញាធរ​វៀតណាម
 បាន​ចាប់​ព្រះកាយ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៣

អង្គការ​និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១២ នៅ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ ១៥០​នាក់​និង​អង្គ ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា។

ការ​ធ្វើ​បាតុកម្ម​នេះ ក្នុង​គោលបំណង​យក​ញត្តិ​ដាក់​ជូន​រដ្ឋាភិបាល ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ដើម្បី​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ២​អង្គ ដែល​អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​ឧសភា កន្លង​មក។
តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ឈប់​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ខ្មែរ​ក្រោម និង​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ឲ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។

ការ​អំពាវនាវ​បែប​នេះ ខណៈ​តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៥ មិថុនា ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដោះ​ស្រាយ​បញ្ហា​អាជ្ញាធរ​វៀតណាម ចាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ប្រទេស​វៀតណាម។
ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា មូលហេតុ​សំខាន់​ដែល​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ដាក់​ពន្ធនាគារ​នេះ ដោយសារ​តែ​ព្រះសង្ឃ​ទាំង​នោះ​ធ្លាប់​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​វៀតណាម បើក​សាលារៀន​ខ្មែរ។ តែ​បញ្ហា​នេះ បែរ​ជា​អាជ្ញាធរ​វៀតណាម ចោទ​ប្រកាន់​ថា ព្រះសង្ឃ​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​សមាគម​នៅ​ក្រៅ​ប្រទេស​ទៅ​វិញ។
ញត្តិ​ដែល​មាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​របស់​អង្គការ​សមាគម​ខ្មែរ​ក្រោម​នោះ ត្រូវ​បាន​ប្រធាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ចេញ​មក​ទទួល​យក​ពី​តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម​ភ្លាមៗ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា។
លោក កើត ឆែ បាន​និយាយ​ដោយ​ខ្លី​ថា លោក​នឹង​យក​ញត្តិ​នេះ​ដាក់​ទៅ​ក្រសួង​ការបរទេស​ខ្មែរ ដើម្បី​ឲ្យ​ចាត់​នីតិវិធី​បន្ត​ទៅ​ទៀត។ លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ចំពោះ​សំណួរ​អ្នក​សារព័ត៌មាន​ទេ។
នៅ​ក្នុង​ញត្តិ​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ខ្មែរ​ផ្ញើ​ជូន​រដ្ឋាភិបាល​វៀតណាម​នោះ អង្គការ​សមាគម​ខ្មែរ​ក្រោម​បាន​ទាមទារ​ចំនួន ៥​លក្ខខណ្ឌ​សំខាន់ គឺ​សុំ​ឲ្យ​ដោះលែង​ព្រះតេជព្រះគុណ លីវ នី និង​ព្រះតេជព្រះគុណ ថាច់ ធឿន ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ។ ត្រូវ​បំបួស​ព្រះតេជព្រះគុណ លី ចិន្ដា ឡើង​វិញ ហើយ​បញ្ជូន​ព្រះអង្គ​ឲ្យ​ធ្វើ​ជា​ព្រះចៅ​អធិការ​វត្ត​ដូច​ដើម​វិញ។ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ព្រះពុទ្ធ​សាសនា​តាម​វត្ត​អារាម​នានា។ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ដាក់​ព្រះពុទ្ធ​សាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សមាគម​ព្រះពុទ្ធ​សាសនា​ឯកភាព​វៀតណាម និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាមកំហែង​តាម​គ្រប់​រូបភាព និង​ការ​បិទ​សិទ្ធិ​សេរីភាព​មក​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម។
ព្រះចៅ​អធិការ​វត្ត​សាមគ្គីរង្សី និង​ជា​ប្រធាន​ស្ដីទី​សមាគម​ព្រះសង្ឃ​ខ្មែរ​ក្រោម ព្រះតេជព្រះគុណ សៀង សុវណ្ណរ៉ា មាន​ថេរដីកា​ថា ព្រះសង្ឃ​មក​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ គឺ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ឈប់​ធ្វើ​សកម្មភាព​រំខាន​យាយី​មក​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម ពីព្រោះ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មិន​ដែល​ធ្វើ​សកម្មភាព​អ្វី​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​នោះ​ឡើយ។
នៅ​ក្នុង​ញត្តិ​ដដែល​នោះ​បាន​សរសេរ​រៀប​រាប់​លម្អិត​អំពី​សកម្មភាព​អាជ្ញាធរ​វៀតណាម បាន​ចាប់​គណៈកម្មការ​វត្ត​ពីរ​អង្គ គង់​នៅ​វត្ត​ព្រៃជាប់ ខែត្រ​ឃ្លាំង នៅ​ថ្ងៃ​ទី​២១ ឧសភា។ ដោយ​ឡែក​ព្រះតេជព្រះគុណ លី ចិន្ដា អាជ្ញាធរ​វៀតណាម ចាប់​ព្រះអង្គ​ច្រក​បាវ​ដាក់​លើ​រថយន្ត​យក​ទៅ​ទី​រួម​ស្រុក​ដើម្បី​ផ្សឹក។ ប្រមាណ ៣​ម៉ោង​ក្រោយ​មក អាជ្ញាធរ​វៀតណាម ដោះលែង​វិញ តែ​ព្រះអង្គ​មាន​អាការៈ​ខុស​ប្លែក​ពី​ធម្មតា បាត់បង់​ស្មារតី ភ្លេច​ការ​ចងចាំ និង​បែក​ពពុះ​មាត់​ជា​ប្រចាំ។ ក្រៅ​ពី​ចាប់​ព្រះសង្ឃ​នោះ អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ ដែល​ពួកគាត់​បាន​ព្យាយាម​មិន​ឲ្យ​ចាប់​ព្រះសង្ឃ​នោះ។
ដោយ​ឡែក​ចំពោះ​ព្រះចៅ​អធិការ​វត្ត​សិរីតាសេក និង​ព្រះតេជព្រះគុណ ថាច់ ធឿន មក​ទល់​ពេល​នេះ អាជ្ញាធរ​វៀតណាម យក​ព្រះតេជព្រះគុណ​ទាំង​ពីរ​ដាក់​ពន្ធនាគារ​រហូត​ដល់​បច្ចុប្បន្ន​នេះ។
តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម បាន​សម្រេច​ចិត្ត​នាំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ពីព្រោះ​ថា ពួកគាត់​បាន​ព្យាយាម​យក​ញត្តិ​ដដែល​នេះ​ទៅ​ដាក់​ស្ថានទូត​វៀតណាម ជា​ច្រើន​លើក តែ​ត្រូវ​បាន​ស្ថានទូត​បដិសេធ​មិន​ទទួល​យក។ ញត្តិ​នេះ​ក្រៅ​ពី​ដាក់​ទៅ​រដ្ឋាភិបាល​នោះ គឺ​តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម​យក​ទៅ​ដាក់​នៅ​ស្ថានទូត​មួយ​ចំនួន​ទៀត​នៅ​ក្រុង​ភ្នំពេញ៕

No comments:

Post a Comment

yes