សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 16, 2013

បក្ស​សង្គ្រោះ​ជាតិ​រក​វិធី​ការពារ​ការ​រំខាន​ពី​សំណាក់​សកម្មជន​បក្ស​កាន់​អំណាច

យឹម សុវណ្ណ ៣០៥
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ (ឆ្វេង) ធ្វើ​សន្និសីទ​កាសែត
 ស្ដីពី​កំណែ​ទម្រង់ គ.ជ.ប នៅ​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី១៤ ខែ​មិថុនា ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​ទប់ទល់​នូវ​រាល់​ការ​រំខាន​ទៅ​លើ​គណបក្ស​ខ្លួន​ពី​សំណាក់​គណបក្ស​គ្រប់គ្រង​អំណាច។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ការ​រំខាន​នៅ​ពេល​នេះ​ថា នឹង​អាច​ធ្វើ​អោយ​មាន​បរិយាកាស​មិន​ល្អ​នៅ​ក្នុង​រយៈពេល​ឃោសនា​បោះឆ្នោត។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា​នឹង​ប្រើប្រាស់​វិធាន​ការ​តបត​ចំពោះ​ការ​រំខាន​សកម្មភាព​តាម​មូលដ្ឋាន និង​ការ​វាយ​ប្រហារ​ផ្ទួនៗ​ទៅ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ ដែល​អាច​ជា​ចលនា​មហា​ជន សកម្មភាព​ការទូត និង​ការ​កៀងគរ​ចលនា​អន្តរជាតិ រួម​នឹង​ការ​ពិចារណា​ថា​ត្រូវ​បន្ត ឬ​ដក​ខ្លួន​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី៥។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​រំខាន​ជា​ញឹកញាប់​ដល់​សកម្មភាព​ចុះ​មូលដ្ឋាន​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ការ​ទម្លាក់​ស្លាក និង​ការ​វាយ​ប្រហារ​ក្រោម​រូបភាព​ជាច្រើន​ទៀត​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​នេះ។ លោក យឹម សុវណ្ណ បន្ត​ថា ប្រសិន​បើ​សកម្មភាព​បែប​នេះ​នៅ​តែ​បន្ត​នោះ ការ​ឃោសនា​បោះឆ្នោត​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គណបក្ស​នឹង​មាន​វិធាន​ការ​តបត។

យ៉ាង​ណា លោក យឹម សុវណ្ណ ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​ការ​វាយ​ប្រហារ​ផ្ទួនៗ​ទៅ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ​មាន​សកម្មភាព​អ្វី​ខ្លះ​ឡើយ។
តាម​រយៈ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​ផ្សព្វផ្សាយ​ថា លោក កឹម សុខា ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រារាំង​នៅ​ពេល​ចុះ​ធ្វើ​វេទិកា​សាធារណៈ​នៅ​តាម​មូលដ្ឋាន ការ​តវ៉ា​ប្រឆាំង​ពី​សំណាក់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ការ​បែក​ធ្លាយ​សំណុំ​រឿង​ស្ត្រី ដែល​អះអាង​ថា​ជា​ប្រពន្ធ​ចុង​លោក កឹម សុខា ជា​ដើម។ ការ​វាយ​ប្រហារ​ទាំង​នោះ​បាន​ឈាន​ដល់​ការ​ប្ដឹង​ផ្ដល់​ប្រធាន​ស្ដីទី​គណបក្ស​នេះ​ទៅ​តុលាការ។
រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​រាល់​សកម្មភាព​រំខាន​ទាំង​នោះ​ថា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​កាន់​អំណាច ដែល​ត្រូវ​ធានា​អោយ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌។
ការ​ចោទ​ប្រកាន់​នេះ ក៏​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ចោល។ លើស​ពី​នេះ មន្ត្រី​សមត្ថកិច្ច​តាម​មូលដ្ឋាន បាន​ណែនាំ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អោយ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​នៅ​ពេល​មាន​វេទិកា​សាធារណៈ​នៅ​មូលដ្ឋាន ដើម្បី​ពួក​គេ​មាន​វិធាន​ការ​រក្សា​សុវត្ថិភាព។
ចំណែក​ការ​បែក​ធ្លាយ​រឿង​ស្ត្រី​ដែល​អះអាង​ថា​ជា​ប្រពន្ធ​ចុង​លោក កឹម សុខា ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥ ខែ​មិថុនា ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ដែល​ថា​ជា​ការ​រៀបចំ​របស់​គណបក្ស​ប្រជាជន។
បើ​ទោះ​ជា​ពុំ​ទាន់​សម្រេច​ថា នឹង​យក​វិធាន​ការ​ណា​មួយ​នៅ​ឡើយ​ចំពោះ​សកម្មភាព​រំខាន​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា នៅ​តែ​បន្ត​សកម្មភាព​នៅ​តាម​មូលដ្ឋាន ហើយ​គ្រោង​ថា​នឹង​ទម្លាយ​អោយ​ដឹង​ពី​វិធាន​ការ​របស់​ខ្លួន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ក្រោយ គឺ​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​នេះ​ត្រឡប់​ពី​ប្រទេស​ជប៉ុន វិញ៕

No comments:

Post a Comment

yes