លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលថ្លែងសុន្ទរកថាកន្លងមក
មុខមនុស្សខូច
ក្នុងសុន្ទរកថាខ្លាំងៗកាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រដូចវោហារសាស្រ្តជាតិនិយមរបស់គណបក្សសង្គ្រោះជាតិ កម្ពុជាពីការទន្ទ្រានយកដីពីសំណាក់វៀតណាមទៅនឹងសង្គ្រាមស្ងប់ស្ងាត់ ដែលមិនអាចគ្រប់គ្រងបាន បើសិនគណបក្សនេះជាប់ឆ្នោត។
លោកនាយករដ្ឋមន្រ្តី ថ្លែងថា៖ «ពួកគេបានប្រកាសសង្គ្រាមស្ងប់ស្ងៀម និងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយនឹងវៀតណាម រួចហើយ ... ដូច្នេះ ខ្ញុំស្នើ[អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស]...បកប្រែជាភាសាអង់គ្លេស និងបារាំងហើយផ្ញើចេញទៅស្ថានទូតទាំងអស់ឲ្យយល់ថាតើហេតុអ្វី ហ៊ុន សែន និយាយអំពីសង្គ្រាមប្រសិនបើពួកគេពិតជាឈ្នះឆ្នោត»។
ថ្លែងក្នុងវត្តមួយនៅខេត្តកំពង់ឆ្នាំង លោក ហ៊ុន សែន បានលើកឡើងនូវសុន្ទរកថាថ្មីៗបំផុត ដែលធ្វើឡើងដោយឥស្សរជនសំខាន់ៗនៃគណបក្សសង្គ្រោះជាតិដែលលោកអះអាងថា សុន្ទរកថានេះបានបង្ហាញគោលបំណងបង្កវិវាទជាច្រើនជាមួយនឹងវៀតណាម នៅតុលាការយុតិ្តធម៌អន្តរជាតិ ប្រសិនបើបក្សនេះជាប់ឆ្នោត។
លោក ហ៊ុន សែន បានឲ្យដឹងថា កន្លែងដែលបង្កវិវាទដោយគណបក្សសង្គ្រោះជាតិនោះ រួមមានកោះត្រល់ ព្រៃនគរដែលជាទីក្រុងហូជីមិញបច្ចុប្បន្ននិងទំនប់ដីសណ្តទន្លេមេគង្គក្រោមរបស់វៀតណាម ដែលជនកម្ពុជាមួយចំនួនស្គាល់ថា ជាកម្ពុជាក្រោម។
លោកឲ្យដឹងថា៖ «គេនិយាយថា គេនឹងមិនធ្វើសង្គ្រាមទេ តែគេយកកោះត្រល់ កម្ពុជាក្រោម ព្រៃនគរ ដែលប្រជាជនប្រហែល១៥ លាននាក់កំពុងរស់នៅពេលបច្ចុប្បន្ន។ [ពួកគេ]ព្រហើនណាស់។ វាអាចនាំឲ្យមានសង្គ្រាម»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថាគណបក្សលោកផ្តោតលើការយកកោះត្រល់ ហៅថាភូកុក ពីវៀតណាមមកវិញនិងដកបង្គោលព្រំដែននៅខេត្តស្វាយរៀង តាកែវ មណ្ឌលគិរី រតនគិរី និងកំពង់ចាម។
លោកបញ្ជាក់ថា៖ «វាមិនមែនជាសង្គ្រាមទេ វាជាឆន្ទៈនយោបាយ...[ហើយ] វាគឺអំពីច្បាប់ ...ប្រសិនបើយើងគិតថា ដីរបស់យើងត្រូវគេរំលោភបំពាន យើងនឹងដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ។ យើងមិនបង្កើតសង្គ្រាមជាមួយនឹងប្រទេសណាទេ។ យើងមិនចូលចិត្តវប្បធម៌សង្គ្រាមទេ យើងប្រកាន់វប្បធម៌នៃកិច្ចសហប្រតិបតិ្តការគ្នា»។
លោកបន្ថែមទៀតថា កម្ពុជាក្រោម និងព្រៃនគរ មិនមែនជាអាទិភាពទេ ដោយលោកថ្លែងថា លោកអាចគ្រាន់តែបញ្ជាក់ថា គណបក្សសង្គ្រោះជាតិជឿជាក់ថា កោះត្រល់កោះធំបំផុតរបស់វៀតណាម ជាកម្មសិទិ្ធស្របច្បាប់របស់កម្ពុជា។
លោកបន្ថែមថា ៖ «យើងត្រូវឆែកថាតើ បង្គោលកំណត់ព្រំដែន...ស្ថិតនៅចំកន្លែងឬយ៉ាងណា...? ប៉ុន្តែ បើគេរំលោភដីយើង យើងត្រូវចរចាផ្អែកលើផែនទី និងច្បាប់អន្តរជាតិ ...ត្រូវឆែកនៅអង្គការសហប្រជាជាតិ»។
លោកបន្តថា ការដកតម្រុយបង្គោលព្រំដែននៅខែតុលា ឆ្នាំ២០០៩ នៅខេត្តស្វាយរៀង ដោយលោក សម រង្ស៊ី គឺជាឧទាហរណ៍គំរូសម្រាប់អនាគត ខណៈដែលកសិករអាចយកដីធ្លីដោយសន្តិវិធីរបស់ខ្លួន បន្ទាប់ពីដកចេញនេះ។ លោក សម រង្ស៊ី ត្រូវផ្តន្តាទោស ពីឆ្នាំ២០១០ ឲ្យជាប់ពន្ធនាគារពីរឆ្នាំ។
ប៉ុន្តែ បន្ទាប់ពីលោក សម រង្ស៊ី ធ្វើឲ្យរដ្ឋាភិបាលក្តៅក្រហាយជាថ្មីម្តងគាត់ត្រូវបានកាត់ទោសដោយកំបាំងមុខ ឲ្យជាប់ពន្ធនាគារ១០ឆ្នាំទៀត ដោយសារតែការផ្សព្វផ្សាយផែនទីបង្ហាញពីការទន្ទ្រានទឹកដីពីសំណាក់វៀតណាម។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងកាលពីម្សិលមិញថា បើទោះជាមានអារម្មណ៍ជាតិនិយមខ្លាំងលើគណបក្សសង្គ្រោះជាតិ វាពិបាកថា តើពួកគេនឹងពិតជាធ្វើសកម្មភាពខ្លាំងក្លា តាមសន្យាដែរឬយ៉ាងណា?
លោកស្រីបានបន្ថែមថា៖«វាមិនអាចកើតឡើងក្នុងអាណតិ្តទី១ទេ។ ប៉ុន្តែអារម្មណ៍ជាតិនិយមក្នុងក្រុមផ្ទាល់គឺរឹងមាំ និងពិតប្រាកដ។ ប៉ុន្តែការនិយាយថា វានឹងកើតឡើងឬអត់ អាស្រ័យលើកត្តាផ្សេងៗទៀត។ លោកស្រី បានបន្តថា សុន្ទរកថានាពេលថ្មីៗនេះដែលបង្កើនវោហារសាស្រ្ត មិនធ្វើឲ្យគណបក្សសង្គ្រោះជាតិទទួលបានអ្នកគាំទ្រថ្មីទេ។
លោកស្រីបញ្ជាក់ថា៖ «ការយកប្រធានបទ បាត់បង់ទឹកដីមកឃោសនាអាចមានចំណុចរសើបខ្លាំង និងមានគ្រោះថ្នាក់ ព្រោះអ្នកបោះឆ្នោតមួយចំនួនបានទទួលរងផលប៉ះទង្គិចផ្លូវចិត្តដោយសាររបបខ្មែរក្រហម ដូច្នេះ ពួកគេមិនចង់ប្រឈមនឹងជម្លោះយោធា ... អស្ថិរភាពនយោបាយនិងគ្រប់គ្រាន់ដើម្បីបំផ្លិចបំផ្លាញសង្គមដែលទទួលរងការឈឺចាប់រួចហើយ»។ លោកស្រី បានបន្ថែមថា ៖ «អ្វីដែលកម្ពុជាត្រូវការគឺការជឿទុកចិត្ត។ ទំនុកចិត្តជាអ្វីដែលផ្សារភ្ជាប់សង្គម»។
ការលើកឡើងនូវការទន្ទ្រានយកដីធ្លីពីវៀតណាម ដើម្បីផលចំណេញនយោបាយគឺជាបញ្ហាឈឺក្បាលជាប់ចំពោះលោក ហ៊ុន សែន ដោយលោកនាយករដ្ឋមន្រ្តីបានថ្លែងក្នុងសុន្ទរកថារយៈពេលជាង៥ម៉ោង នៅចំពោះមុខរដ្ឋសភាកាលពីខែសីហា ឆ្នាំមុន។ លោកបញ្ជាក់ថា កម្ពុជានិងវៀតណាម បានធ្វើការដោះដូរដីធ្លីដោយស្មើភាពគ្នា។
នៅពេលនោះលោកថា ប្រជាជនកម្ពុជាកំពុងកាន់កាប់ផ្ទៃដី ២១៦០,៦ ហិកតាដែលជារបស់ប្រទេសវៀតណាម ចំណែកឯប្រជាជនវៀតណាមកំពុងរស់នៅលើផ្ទៃដី៩១៦,៧ ហិកតា ចូលក្នុងដីកម្ពុជា ហើយថា កិច្ចដំណើរការកំណត់បង្គោលព្រំដែនបានដាក់ឲ្យអនុវត្តដោយ សម្តេច នរោត្តម សីហនុ ដោយប្រើប្រាស់ផែនទីសម័យអាណានិគម។
លោក ហ៊ុន សែន បានលើកឡើងនូវប្រធានបទប្រហាក់ប្រហែលជាថ្មីម្តងទៀត កាលពីម្សិលមិញ ដោយរិះគន់បក្សប្រឆាំងថា បានអះអាងថា ពួកគេអាចយកទឹកដីដែលអតីតប្រមុខរដ្ឋមិនអាចយកមកវិញបាន។ លោកបន្ថែមថា៖ «ប្រសិនបើគេប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេបានដីមកវិញប្រហែលសម្តេចព្រះមហាវីរក្សត្រនឹងប្រើប្រាស់វិធី នេះឬក៏គេខ្លាំងជាងសម្តេចឪទៅទៀត»។ លោក ហ៊ុន សែន បានបន្តថា គណបក្សសង្គ្រោះជាតិបានប្រើភាសាមើលងាយដើម្បីចោទប្រកាន់អ្នកគាំទ្រគណបក្សប្រជាជនថា ជាវៀតណាម ដែលនេះកំពុងតែរំលោភសិទិ្ធសេរីភាព ដែលលោក សូរីយា ស៊ូប៊ែរឌី បានអំពាវនាវគណបក្សនយោបាយចៀសវាងកុំប្រើអារម្មណ៍បែបនេះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
លោកក៏បានសន្យាដែរថា រដ្ឋាភិបាលនិងឯកសារសំឡេងនៅរដ្ឋសភាកាលពីឆ្នាំមុន មកសរសេរលើក្រដាសជាភាសាអង់គ្លេស និងបារាំង ព្រមទាំងផ្សព្វផ្សាយនៅមុនពេលបោះឆ្នោត ដើម្បីពន្យល់អ្នកបោះឆ្នោត និងសហគមន៍អន្តរជាតិ។
លោកបានឲ្យដឹងថា៖ «វានឹងផ្សព្វផ្សាយគ្មានឈប់ រហូតដល់ការបោះឆ្នោត ... ហើយបើគណបក្សសង្គ្រោះជាតិនៅបន្តខ្ញុំនឹងផ្សាយវាជារៀងរហូត។ វាអាចគ្មានប្រយោជន៍ទេ ក្នុងការពន្យល់ដល់អ្នកទាំងនោះនេះជាមូលហេតុយើងនឹងផ្សាយវានៅទូទាំងប្រទេសដើម្បីឲ្យប្រជាជនអាចស្តាប់បាន»៕
No comments:
Post a Comment
yes