ក្រុមសកម្មជនឈរទាមទារនៅមុខរដ្ឋសភាកាលពីម្សិលមិញ
ក្រុមយុវជនដែលស្រឡាញ់ធនធានធម្មជាតិប្រមាណ២៥០ នាក់ បានដាក់ញត្តិទៅរដ្ឋសភាស្នើឲ្យស្ថាប័នជាតិកំពូលមួយនេះ ប្រើអំណាចរបស់ខ្លួនដាក់សំណើទៅរដ្ឋាភិបាល ឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនិងត្រួតពិនិត្យលើក្រុមហ៊ុនដីសម្បទានដែលកំពុងតែកាប់បំផ្លាញព្រៃឈើ បណ្តាញយុវជនកម្ពុជា ដោយមានកិច្ចសហការជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហព័ន្ធសហជីពចំណីអាហារ សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា និងសហគមន៍ព្រៃឡង់ទាំង ៤ ខេត្ត ព្រមទាំងសកម្មជន និងអ្នកស្រឡាញ់បរិស្ថាន ប្រមាណ ២៥០ នាក់ ដែលមានគូសមុខ ជារូបដើមឈើពណ៌បៃតង និងគល់ឈើ បានជួបជុំគ្នានៅមុខរដ្ឋសភា ដើម្បីប្រារព្ធទិវាបរិស្ថានពិភពលោកលើកទី៤១ នៅថ្ងៃទី៥ ខែមិថុនា ក្រោមប្រធានបទស្តីពី«ព្រៃឈើយើង បរិស្ថានយើង»។ ក្រុមនេះ បានដើរជុំវិញខាងមុខសួនច្បាររដ្ឋសភាជាច្រើនជុំ ដោយអមជាមួយម៉ូតូកង់បីជាច្រើនគ្រឿងមុននឹងយកញត្តិទៅដាក់ជូនរដ្ឋសភា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រុមនេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិនាសកម្មព្រៃឈើ ដែលកំពុងតែកើតមានឡើង នៅក្នុងប្រទេសកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរបំផុត។ សេចក្តីថ្លែងការណ៍នេះបានទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ចំពោះការការពារបរិស្ថាន និងត្រួតពិនិត្យទៅលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលកំពុងតែប្រតិបត្តិការនៅកម្ពុជា ដោយបាននិងកំពុងធ្វើការកាប់បំផ្លាញព្រៃឈើក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច និងសម្បទានរ៉ែ។
ញតិ្តដែលអ្នកស្រឡាញ់បរិស្ថានទាំងនេះដាក់ជូនរដ្ឋសភា កាលពីម្សិលមិញបានទាមទារឲ្យពិនិត្យលើដំណាំកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម CRCK ក្រុមហ៊ុនហ្វាងអាន់ ក្រុមហ៊ុនយ៉ាងឡាយ ក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺគ្រុប ដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល ជំរុញឲ្យរាជរដ្ឋាភិបាលបញ្ឈប់រាល់បទល្មើសព្រៃឈើដែលកំពុងតែកើតមាន និងពិនិត្យទៅលើគម្រោងទំនប់វារីអគ្គិសនី ដែលកំពុងប្រតិបត្តិការ។ ញតិ្តនោះក៏បានលើកឡើងផងដែរថា៖ «បញ្ឈប់ការគំរាមកំហែងមកលើអ្នកការពារព្រៃឈើ ការពារធនធានធម្មជាតិ និងបរិស្ថាន»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាអ្នកចូលរួមក្នុងការដាក់ញត្តិនោះបានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រៃឈើបានបាត់បង់ ធ្វើឲ្យបរិស្ថាននៅកម្ពុជាក្លាយជាបញ្ហាគួរឲ្យព្រួយបារម្ភ។ លោកបន្តថា ៖«បើរដ្ឋាភិបាលក្រសួងពាក់ព័ន្ធមិនយកចិត្តទុកដាក់ធ្វើការដោះស្រាយបញ្ហាកាប់បំផ្លាញព្រៃឈើឲ្យទាន់ពេលវេលាទេនោះវានឹងត្រូវវិនាស ហើយនឹងមានផលប៉ះពាល់បរិស្ថានកាន់តែធ្ងន់ធ្ងរ»។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានថ្លែងតាមរយៈឧគ្ឃោសនសព្ទដែលដើរដង្ហែនៅខាងមុខរដ្ឋសភាថា ក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកំពុងរំលោភសិទ្ធិមនុស្សបំពានច្បាប់និងបង្កវិនាសកម្មព្រៃឈើនៅកម្ពុជា។ លោកបានថ្លែងថា៖ «យើងស្នើសុំឲ្យរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងនោះដើម្បីការពារធនធានធម្មជាតិពីព្រោះប៉ះពាល់ដល់ព្រៃឈើគឺធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស ហើយរដ្ឋាភិបាលត្រូវតែបញ្ឈប់ការបាញ់សម្លាប់លើសកម្មជនព្រៃឈើ»។ លោក សាវឿន បានលើកឡើងថា៖«ដោយសារតែការកាប់បំផ្លាញព្រៃឈើនេះហើយទើបយើងឃើញមានរន្ទះបាញ់ស្ទើរតែគ្រប់ទីកន្លែងក្នុងពេលបច្ចុប្បន្ន ដោយសាររន្ទះអស់ឈើបាញ់គឺមកបាញ់មនុស្សវិញ»។
លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជាក៏បានថ្លែងផងដែរថា បុគ្គលិករដ្ឋសភាបានទទួលយកញត្តិនេះហើយ ហើយរដ្ឋសភាបានសន្យាថា នឹងបញ្ជូនញត្តិនេះទៅគណៈអចិន្ត្រៃយ៍រដ្ឋសភាដើម្បីសម្រេច។ លោកឲ្យដឹងទៀតថា៖ «ពួកយើងនឹងបន្តតាមដានសំណើនេះ ហើយពួកយើងក៏នៅតែបន្តឃ្លាំមើលការកាប់បំផ្លាញព្រៃឈើដែលនៅតែបន្តយ៉ាងគំហុកនៅកម្ពុជាផងដែរ»។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងលោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ៕
No comments:
Post a Comment
yes