សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 6, 2013

បក្ស​កាន់​អំណាច​រង​ការ​ចោទ​ថា​បង្ខំ​ពលរដ្ឋ​ចូលរួម​បាតុកម្ម​ប្រឆាំង​លោកកឹមសុខា

ជុំ ម៉ី ៦១០
លោក ជុំ ម៉ី (រូប​កាន់​មេក្រូ) និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម អុជ​ធូប​ឧទ្ទិស​
ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​គុក​ទួលស្លែង កាល​ពី​ព្រឹក​ថ្ងៃ​៤ មិថុនា ឆ្នាំ​២០១៣

គម្រោង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សប្ដាហ៍​ខាង​មុខ​នេះ ត្រូវ​បាន​បែក​ធ្លាយ​ថា អ្នក​ចូលរួម​ភាគ​ច្រើន​ដែល​ជា​សិស្ស និស្សិត មន្ត្រី​រាជការ និង​ពលរដ្ឋ​ខ្លះ ត្រូវ​បាន​ចាប់​បង្ខំ និង​ទិញ​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ទៅ​ចូលរួម។

ក៏ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​វិញ អះអាង​ថា ការ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​សម្ដី​របស់​លោក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នេះ ពុំ​មែន​ជា​ការ​ទិញ​ទឹកចិត្ត​ឡើយ គឺ​កើត​ឡើង​ដោយ​ឆន្ទៈ និង​ការ​ឈឺ​ចាប់​របស់​ជន​រងគ្រោះ។
ពលរដ្ឋ​មួយ​ចំនួន​បាន​ទម្លាយ​អាថ៌កំបាំង​ជុំវិញ​គម្រោង​ធ្វើ​មហា​បាតុកម្ម​របស់​លោក ជុំ ម៉ី អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រឆាំង លោក កឹម សុខា ថា​ពួក​គេ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​នៅ​តាម​ក្រសួង មន្ទីរ បាន​បង្ខំ និង​ចុច​ឈ្មោះ​សមាជិក​ក្រោម​បង្គាប់​របស់​ខ្លួន ដើម្បី​ឲ្យ​ទៅ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ដែល​ពុំ​ធ្លាប់​មាន ពាក់ព័ន្ធ​នឹង​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម​នោះ។

ពលរដ្ឋ​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​រាជធានី​ភ្នំពេញ អះអាង​នៅ​ថ្ងៃ​ទី៦ មិថុនា ថា លោក​ត្រូវ​បាន​អ្នក​គ្រប់គ្រង​នៅ​ក្នុង​ស្ថាប័ន​ឯកជន​មួយ បង្ខំ​ឲ្យ​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា ខាង​មុខ ប្រឆាំង​នឹង​លោក កឹម សុខា។ លោក​គិត​ថា នេះ​ជា​មធ្យោបាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។ ហើយ​ប្រសិន​បើ​លោក​ខក​ខាន​ក្នុង​ការ​ចូលរួម​បាតុកម្ម​តាម​ការ​រៀបចំ​នេះ លោក​នឹង​ត្រូវ​បាត់បង់​ការងារ​នៅ​ចំពោះ​មុខ៖ «ខ្ញុំ​ធ្វើ​ការ​នៅ​ស្ថាប័ន​ឯកជន​មួយ​ដែរ ហើយ​ក៏​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម​ហ្នឹង​ដែរ​បង។ បាទ! ហើយ​យើង​ធ្វើ​ការ​កន្លែង​គេ​មួយ​អ៊ីចឹង ហើយ​បើ​យើង​មិន​ទៅ​តាម​គេ ក៏​គេ​ត្រូវ​កត់​ចំណាំ​ទុក​យើង ថា​យើង​ថា​ជា​នរណា ជា​នរណា​អ៊ីចឹង​អ្ហា​បង។ ហើយ​មួយៗ អ្នក​ខ្លះ​ក៏​គេ​មិន​ចង់​ទៅ​ដែរ។ ប៉ុន្តែ ដោយសារ​មាន​គំនាប​អ៊ីចឹង​ទៅ គេ​ចេះ​តែ​ទៅ​ទាំង​មិន​ពេញ​ចិត្ត​បាទ»។
មិន​ខុស​ពី​យុវជន​នេះ​ឡើយ ពលរដ្ឋ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ផ្សេង​ទៀត ចាត់​ទុក​ថា ការ​ព្យាយាម​កៀងគរ​ដោយ​បង្ខំ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ចូលរួម​ធ្វើ​បាតុកម្ម គឺ​ជា​ផ្នែក​មួយ​បង្ហាញ​ថា ប្រទេស​កម្ពុជា ហាក់​កំពុង​អនុវត្ត​គោល​នយោបាយ​តាម​របប​កុម្មុយនិស្ត​ផ្ដាច់​ការ។ លោក​បន្ត​ថា ស្ថានភាព​បច្ចុប្បន្ន ដើម្បី​បាន​រស់នៅ​សុខ​ស្រួល គឺ​ចាំបាច់​ណាស់​ពលរដ្ឋ​ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​សកម្មជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​មុន​សិន។
លោក​បន្ត​ថា បើ​មិន​ដូច្នេះ​ទេ ការ​ប្រកប​មុខ​របរ ឬ​មុខងារ​តួនាទី នឹង​មិន​អាច​រក្សា​បាន​ឡើយ៖ «ដូច​ជា​កន្លែង​ខ្ញុំ​ក៏​អ៊ីចឹង​ដែរ។ ពី​ដំបូង​គេ​គ្រាន់​តែ​ឲ្យ​យើង​អើ កាត​គណបក្ស​ប្រជាជន​អ៊ីចឹង​អ្ហា។ បាទ! ដល់​អ៊ីចឹង​គេ​បង្ខំ​មែន​ថា​នេះ​ទេ ដំបូង​ថា​ស្ម័គ្រចិត្ត។ ក៏ប៉ុន្តែ គេ​ហៅ​ម្ដង​មួយៗ​មក​ជួប​គេ។ គេ​និយាយ​គេ​សួរ​អ៊ីចឹង​អ្ហា។ បាទ! ដល់​ពេល​អ៊ីចឹង ទោះ​បី​ជា​នេះ យើង​អត់​ហ៊ាន​ប្រកែក​ទេ បើ​យើង​ប្រកែក​នៅ​មុខ​គេ​ទៅ អា​ហ្នឹង​ខ្លាច​វា​ប៉ះពាល់​ដល់​ការងារ។ ភាគ​ច្រើន គឺ​ខាង​ខ្ញុំ គឺ​ចូល​ទាំងអស់​គ្នា​អ៊ីចឹង​ទៅ គឺ​អ្នក​ដែល​ប្រកែក​ហ្នឹង គឺ​មាន​តិច។ ពេល​ចូល​របស់​គេ​អ៊ីចឹង​ទៅ ឥឡូវ​គេ​ចុច​ឈ្មោះ​ឲ្យ​ទៅ​បាតុកម្ម។ បាទ! ហើយ​បើ​សិន​ជា​យើង​អត់​ទៅ​ហ្នឹង គេ​ដក​យើង​ក្រវាត់​ចោល។ អា​ហ្នឹង វា​ត្រូវ​តែ​អ៊ីចឹង»។
ចំណែក​ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​វិញ គិត​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​តែ​គណបក្ស​គ្រប់គ្រង​អំណាច​ចង់​ចំណេញ​ផ្នែក​នយោបាយ និង​ការ​គាំទ្រ​របស់​ខ្លួន​នៅ​មុន​ការ​បោះឆ្នោត​ខាង​មុខ។ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំ​គួរ​ផ្គុំ​ឧស​បង្កាត់​ភ្លើង ដើម្បី​បញ្ចេះ​កំហឹង​នយោបាយ​នោះ​ទេ។
ក្រៅ​ពី​បុគ្គលិក​រដ្ឋ​នៅ​ក្នុង​មុខងារ​សាធារណៈ ក្នុង​នោះ សិស្ស និស្សិត នៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ដែរ​ថា ពួក​គេ​ត្រូវ​បាន​ទិញ​ទឹក​ចិត្ត​ក្នុង​ម្នាក់​យ៉ាង​តិច ៥​ដុល្លារ​សហរដ្ឋ​អាមេរិក ឬ​ប្រមាណ ២​ម៉ឺន​រៀល ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ចុង​សប្ដាហ៍​ខាង​មុខ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ដើម​សប្ដាហ៍​នេះ បាន​ប្រកាស​ជា​ពិសេស​ម្ដង​ហើយ​ម្ដង​ទៀត ប្រឆាំង​នឹង​ការ​ថ្លែង​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​គេ​រក​ឃើញ​ថា គុក​ទួលស្លែង គឺ​ជា​របស់​សិប្បនិម្មិត​ដែល​រៀបចំ​ឡើង​ដោយ​វៀតណាម នោះ។
ក៏ប៉ុន្តែ ទាំង​លោក កឹម សុខា និង​មន្ត្រី​ក្នុង​ជួរ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធ​តែ​បាន​អះអាង​ថា នេះ​គឺ​ជា​ការ​ប្រឌិត​ផ្នែក​នយោបាយ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទាញ​ប្រជាប្រិយភាព និង​រក​ការ​គាំទ្រ​នៅ​មុន​ការ​បោះឆ្នោត​ប៉ុណ្ណោះ។ ហើយ​ខ្សែ​អាត់​សំឡេង​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​គណបក្ស​កាន់​អំណាច​ទៀត​សោត គឺ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​លោក កឹម សុខា ថ្លែង​សារ​នយោបាយ​របស់​ខ្លួន ក្នុង​ការ​ជួបជុំ​ជាមួយ​សកម្មជន​នយោបាយ​នៅ​មូលដ្ឋាន។
ចំពោះ​ខ្សែ​អាត់​សំឡេង​ដែល​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា រក​ឃើញ​ថា​មាន​កំហុស​នោះ គឺ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១៨ ឧសភា នៅ​ខេត្ត​ព្រៃវែង។ ក៏ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា កាល​ពី​ថ្ងៃ​ទី១៨ ឧសភា នោះ លោក កឹម សុខា នៅ​ខេត្ត​កំពង់ចាម ទៅ​វិញ។
ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា ដែល​ត្រូវ​បាន​អ្នក​វិភាគ​សង្គម​គិត​ថា គឺ​ជា​ការ​កម្រ ពាក់ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​នេះ ចាត់​ទុក​ថា នេះ​គឺ​ជា​វិធី​បញ្ចេះ​កំហឹង​ផ្នែក​នយោបាយ​កាន់​តែ​ជ្រៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​សកម្មភាព​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ធ្វើ​ឡើង​ក្រោម​ហេតុផល និង​រូបភាព​នយោបាយ។
ចំណែក​អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ជុំ ម៉ី អំពាវនាវ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី៦ មិថុនា របស់​ខ្លួន ដល់​អ្នក​ចូលរួម​មហា​បាតុកម្ម​ថា គោល​បំណង​នៃ​មហា​បាតុកម្ម​នេះ គឺ​សំដៅ​ទៅ​លើ​តែ​លោក កឹម សុខា ម្នាក់​ប៉ុណ្ណោះ និង​មិន​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ និង​សាច់​ញាតិ​របស់​លោក កឹម សុខា នោះ​ឡើយ។
ស្ថិត​ក្រោម​បរិបទ​នេះ អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា ទំនង​ជា​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន មាន​ចេតនា​ប្រើប្រាស់​តាម​ប្រព័ន្ធ​ច្បាប់ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​នយោបាយ​របស់​លោក កឹម សុខា ត្រូវ​បញ្ចប់​នៅ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់ ដោយ​យក​មនោសញ្ចេតនា​របស់​អ្នក​ទោស​ក្នុង​របប​ខ្មែរ​ក្រហម​មក​ធ្វើ​ជា​លេស។
យ៉ាង​ណា​ក៏ដោយ​ចុះ បញ្ហា​នេះ​ត្រូវ​បាន​លោក ទិត្យ សុធា ច្រាន​ចោល និង​ចាត់​ទុក​ថា​គ្មាន​ជន​រងគ្រោះ​ណា​ម្នាក់​ដែល​មិន​ឈឺ​ចាប់ នៅ​ពេល​រង​ការ​ប្រមាថ​ដូច្នេះ​ឡើយ។ លោក​បដិសេធ​ថា ការ​ចូលរួម​នោះ​ទៀត​សោត គឺ​ពុំ​មាន​ការ​ទិញ​ទឹក​ចិត្ត ឬ​បង្ខិត​បង្ខំ​នោះ​ដែរ៖ «ដែល​ជា​ជន​រងគ្រោះ​ធ្វើ​ការ​តវ៉ា​នេះ តើ​យើង​យក​ស្អី​យក​ទៅ​ទិញ​ទឹក​ចិត្ត ព្រោះ​អ្នក​ទាំង​នោះ​ដែល​ចូលរួម​ធ្វើ​មហា​បាតុកម្ម​នេះ គឺ​បើ​តាម​ដឹង គឺ​សុទ្ធ​តែ​ជា​អ្នក​ដែល​ឈឺ​ចាប់​នៅ​ពាក្យ​សម្ដី ដែល​មេ​ដឹកនាំ​បក្ស​ប្រឆាំង​និយាយ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​ពួក​គាត់។ ដូច្នេះ ការ​ប៉ះពាល់​របួស​ផ្លូវ​ចិត្ត​នេះ មិន​អាច​យក​លុយ​កាក់​ទៅ​ទិញ​ទឹក​ចិត្ត ដើម្បី​ឲ្យ​មនុស្ស​ទៅ​ធ្វើ​អ៊ីចឹង​ទេ។ នេះ គឺ​ជា​ពាក្យ​ចចាមអារ៉ាម កើត​ឡើង​ដោយ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​ទម្លាក់​បញ្ហា​នេះ​មក​លើ​រដ្ឋាភិបាល»។
ទាំង​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​គាំទ្រ​គណបក្ស​គ្រប់គ្រង​អំណាច​មួយ​នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​បង្ហាញ​វត្តមាន​ក្នុង​ការ​ចូលរួម​មហា​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា នៅ​ថ្ងៃ​ទី៩ មិថុនា ខាង​មុខ។
ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ​ចំពោះ​អ្វី​ដែល​ត្រូវ​គេ​គិត​ថា លោក​បាន​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​ដល់​ជន​រងគ្រោះ ដែល​ធ្លាប់​ឆ្លង​កាត់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ យល់​ឃើញ​ថា យុទ្ធនាការ​ធ្វើ​បាតុកម្ម​នេះ គេ​ហាក់​មើល​ឃើញ​តិចតួច​ប៉ុណ្ណោះ ដែល​លោក ហ៊ុន សែន ធ្វើ​បង្ហាញ​ចំពោះ​ការ​ឈឺ​ចាប់ ដើម្បី​ងាក​ទៅ​រក​អតីត​របប​ខ្មែរ​ក្រហម។ ប៉ុន្តែ អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​នេះ គឺ​ជា​ចេតនា​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សប្បាយ​ពី​ម្ចាស់​ឆ្នោត​ច្រើន​ជាង៖ «ការ​ធ្វើ​បាតុកម្ម​នេះ ខ្ញុំ​បាន​ធ្វើ​ការ​វិភាគ​ទៅ វា​មិន​មែន​ជា​រឿង​ការ​ទប់ស្កាត់​មិន​ឲ្យ​ខ្មែរ​ក្រហម​វិល​វិញ ហើយ​ក៏​មិន​មែន​ជា​ការ​រឿង​ការ​បង្ខំ​ឲ្យ​មាន​ការ​សុំ​ទោស​អី​ដែរ គឺ​ជា​រឿង​នយោបាយ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ស្អប់​ម្ខាង​ទៅ​ម្ខាង នៅ​ក្នុង​ការ​ទទួល​យក​ប្រជាប្រិយភាព។ ហើយ​ម្នាក់​ម្ខាង​ទៀត​ទៅ គឺ​អាប់ឱន​ប្រជាប្រិយភាព និង​ធ្លាក់​សន្លឹក​ឆ្នោត»។
ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ហៅ​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា ថា​ហាក់​មិន​បាន​ធ្វើ​ដោយ​ស្មើ​ភាព​រវាង​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ឡើយ។ សំខាន់​ត្រង់​ថា រាល់​ការ​ស្នើសុំ​ដើម្បី​ធ្វើ​បាតុកម្ម​របស់​សមាគម សហជីព អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង តែង​ត្រូវ​លើក​ហេតុផល​ដោយ​ក្រសួង​មហាផ្ទៃ និង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​លើស​ពី ១០០​នាក់ និង​មិន​ត្រូវ​ដង្ហែ​ក្បួន​លើ​ដង​វិថី​នោះ​ទេ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ដល់​អ្នក​ធ្វើ​ដំណើរ។
ក៏ប៉ុន្តែ បើ​តាម​គម្រោង​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ២​ម៉ឺន​នាក់ និង​ត្រូវ​ហែ​ក្បួន​ថែម​ទៀត​នៅ​តាម​ដង​វិថី ដែល​ជា​យុទ្ធនាការ​មួយ​ចាប់​បង្ខំ​លោក កឹម សុខា ត្រូវ​តែ​ទទួល​កំហុស​នូវ​អ្វី​ដែល​គេ​គិត​ថា​លោក​បាន​ធ្វើ៕

No comments:

Post a Comment

yes