សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 13, 2013

បក្ស​ចំនួន​៦​ចុះ​ហត្ថលេខា​រួម​ប្ដេជ្ញា​ប្រឆាំង​អំពើ​ពុក​រលួយ

ប្រឆាំង​អំពើ​ពុក​រលួយ ៦១០
គណបក្ស​ចំនួន​៦ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ប្រឆាំង​អំពើ​ពុក​រលួយ​ជាមួយ​ប្រតិភូ​មក​
ពី​ប្រទេស​ចំនួន​២៦​ប្រទេស នា​សណ្ឋាគារ​ខាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ 
នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៣

គណបក្ស​នយោបាយ​ចំនួន​៦ ក្នុង​ចំណោម​គណបក្ស​៨ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រតិភូ​មក​ពី​ប្រទេស​ចំនួន​២៦ ដើម្បី​សន្យា​ថា​នឹង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​បន្ថយ​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​បង្កើត​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ​ដោយ​ផ្អែក​លើ​តម្លាភាព និង​សុចរិត​ភាព។

ចំពោះ​គណបក្ស​ចំនួន​២ ដែល​មិន​បាន​ចូលរួម​ចុះ​ហត្ថលេខា​ប្ដេជ្ញា​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (Transparency International Cambodia) លោក ព្រាប កុល ថ្លែង​នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ថា ការ​ចុះ​ហត្ថលេខា​ប្ដេជ្ញា​ប្រឆាំង​អំពើ​ពុក​រលួយ​រវាង​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ​២០១៣ និង​ប្រតិភូ​មក​ពី​ប្រទេស​ចំនួន​២៦ នេះ ជា​ទំព័រ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​របស់​គណបក្ស​នយោបាយ​នីមួយៗ​ក្នុង​ការ​រួម​ចំណែក​ប្រឆាំង​ឲ្យ​បាន​នូវ​អំពើ​ពុក​រលួយ។

លោក​បាន​ឲ្យ​ដឹង​ថា គណបក្ស​ចំនួន​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ការ​ចុះ​ហត្ថលេខា​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ៖ «មេ​ដឹកនាំ​គណបក្ស​នយោបាយ​ហ៊ាន​ធ្វើ​ការ​សន្យា​ជា​សាធារណៈ ជា​កិច្ច​សន្យា​ជាមួយ​សាធារណជន​នៅ​ចំពោះ​មុខ​មហា​ជន ដោយ​មាន​បរទេស​មក​ពី​ប្រទេស​ចំនួន​២៦ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ធ្វើ​ជា​សាក្សី។ នេះ​ជា​ការ​បង្ហាញ​មួយ​នូវ​ភាព​ក្លាហាន និង​ការ​បញ្ចេញ​នូវ​ឆន្ទៈ​ជា​សាធារណៈ​មួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​បោះឆ្នោត​បាន​ដឹង ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ទូត ឲ្យ​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ភ្ញៀវ​អន្តរជាតិ បាន​ឃើញ​ថា អ្នក​ដឹកនាំ​កម្ពុជា គណបក្ស​នយោបាយ​នៅ​កម្ពុជា ហ៊ាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ហ៊ាន​និយាយ​ជា​សាធារណៈ ហើយ​ហ៊ាន​ចុះ​កិច្ច​សន្យា​ជា​សាធារណៈ»។
ស្រដៀង​គ្នា​ដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង ថ្លែង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ត្រូវ​តែ​អនុវត្ត​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ពេល​ចូល​កាន់​តំណែង៖ «នៅ​ពេល​ដែល​ឡើង​កាន់​អំណាច​ហ្នឹង គឺ​កិត្តិយស​របស់​គាត់​នៅ​ត្រង់​ថា សង្គម​ដែល​គាត់​កាន់​កាប់​ហ្នឹង អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​បាន​ទេ អាច​កាត់​បន្ថយ​ឲ្យ​នៅ​អប្បបរិមាណ​បាន​ទេ នេះ​ជា​កត្តា​សំខាន់»។
បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ថា គណបក្ស​នេះ​នឹង​កាត់​បន្ថយ​ឲ្យ​បាន​នូវ​អំពើ​ពុក​រលួយ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា៖ «ដោយ​យើង​ឃើញ​ថា តុលាការ​នៅ​ប្រទេស​កម្ពុជា មិន​ត្រឹម​តែ​ប្រើប្រាស់​សម្រាប់​ជា​ការ​រក​ស៊ី​ជា​ជំនួញ​ទិញ​ដូរ​ដោយ​យុត្តិធម៌​តែ​អ្នក​មាន​អំណាច និង​មាន​លុយ​តែ​ប៉ុណ្ណោះ​ទេ គឺ​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ថែម​ទៀត»។
ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន និង​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ផាន់ សិទ្ធី និង​តំណាង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លោក លឹម សំណាង បាន​ថ្លែង​ដូច​គ្នា​ថា គណបក្ស​ទាំង​នោះ​គោរព​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស ប្រសិន​បើ​គណបក្ស​ទាំង​នោះ​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល នឹង​បំបាត់​អំពើ​ពុក​រលួយ​មុន​គេ ដើម្បី​បន្ថយ​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​បង្កើត​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ​ដោយ​ផ្អែក​លើ​តម្លាភាព និង​សុចរិត​ភាព។
ក្រោយ​ពី​គណបក្ស​ចំនួន​៦ បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​រួច មាន​ការ​ចុះ​ហត្ថលេខា​រួម​គ្នា​ជាមួយ​ប្រតិភូ​មក​ពី​ប្រទេស​ចំនួន​២៦ ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។
នាយក​អង្គការ​តម្លាភាព​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បណ្ឌិត ស្រ៊ីរាក់ ភ្លីផាត (Dr. Srirak Plipat) ថ្លែង​ថា ការ​ចាប់​ផ្ដើម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​គ្រប់​គណបក្ស​នយោបាយ​ត្រូវ​តែ​ចាប់​ផ្ដើម​ធ្វើ​មុន​គេ​នៅ​គ្រា​ដែល​ចូល​កាន់​តំណែង។ អំពើ​ពុក​រលួយ​ត្រូវ​បន្ថយ​បន្តិច​ម្តងៗ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាធារណៈ ដើម្បី​លាត​ត្រដាង​អំពើ​ពុក​រលួយ និង​ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​យក​ជន​ល្មើស​ទៅ​ផ្ដន្ទាទោស៕

No comments:

Post a Comment

yes