លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី និងជាសមាជិកគណៈអចិន្រៃ្តយ៍ព្រឹទ្ធសភា
ព្រឹទ្ធសមាជិកនៃគណបក្សប្រឆាំងបានអះអាងកាលពីម្សិលមិញថា សមាជិកព្រឹទ្ធសភាបក្សប្រឆាំងនឹងធ្វើពហិការមិនចូលរួមប្រជុំអនុម័តច្បាប់ប្រឆាំងការមិនទទួលស្គាល់ខ្មែរក្រហមដ៏ចម្រូងចម្រាសដែលត្រូវលើកមកពិភាក្សាក្នុងស្ថាប័នដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចនៅថ្ងៃនេះទេ។
គណៈកម្មាធិការអចិន្រៃ្តយ៍មានសមាជិក៩រូបនៃព្រឹទ្ធសភា គ្រោងនឹងជួបប្រជុំនៅថ្ងៃនេះ ហើយសម្រេចថាតើត្រូវដាក់ច្បាប់ប្រឆាំងការមិនទទួលស្គាល់របបខ្មែរក្រហមនេះក្នុងរបៀបវារៈដើម្បីបោះឆ្នោតអនុម័តឬយ៉ាងណា?
លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី និងជាព្រឹទ្ធសមាជិកម្នាក់ក្នុងសមាជិកនៃគណៈអចិន្រៃ្តយ៍របស់ ព្រឹទ្ធសភា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា គណបក្សលោកនឹងធ្វើពហិការមិនចូលរួមកិច្ចប្រជុំទេបន្ទាប់ពីមានការបណ្តេញសមាជិកតំណាងរាស្ត្រគណបក្សប្រឆាំង ចេញពីសភាកាលពីសប្តាហ៍មុន។
លោក គង់ គាំ បានបន្ថែមថា៖ «យើងមិនចូលរួមប្រជុំនេះជាដាច់ខាត»។ លោកបន្តថា ច្បាប់នេះធ្វើឡើងដោយគ្មានការពិគ្រោះយោបល់ត្រឹមត្រូវទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឲ្យដឹងថា គណៈកម្មាធិការនឹងរៀបចំអង្គប្រជុំដើម្បីពិនិត្យច្បាប់ និងកំណត់កាលបរិច្ឆេទសម្រាប់ការពិភាក្សា។
កាលពីថ្ងៃសុក្រ គឺពីរថ្ងៃបន្ទាប់ពីរដ្ឋសភាបានបណ្តេញតំណាងរាស្រ្តគណបក្សប្រឆាំងចំនួន ២៧ រូបរដ្ឋសភាបានសម្រេចអនុម័តភ្លាមៗនូវសេចក្តីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់របបខ្មែរក្រហមដែលបានព្រាងឡើងយ៉ាងប្រញាប់ប្រញាល់នោះ។ បើទោះបីជាច្បាប់នេះ នឹងមិនចុះក្នុងរាជកិច្ច រហូតទាល់តែទទួលបានអនុម័តពីព្រឹទ្ធសភានិងព្រះមហាក្សត្រក៏ ដោយ ក៏ប៉ុន្តែដំណាក់កាលទាំងពីរនេះជាទូទៅត្រូវបានចាត់ទុកថា ត្រាជ័រប៉ុណ្ណោះ។
ច្បាប់នេះបានកំណត់លើការមិនទទួលស្គាល់ឧក្រិដ្ឋខ្មែរក្រហមថាជាបទល្មើសដែលត្រូវផ្តន្តាទោសរហូត ដល់ ២ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់១០០០ ដុល្លារអាមេរិក។
គណបក្ស នយោបាយនិងនីតិបុគ្គល ក៏អាចទទួលខុសត្រូវខាងព្រហ្មទណ្ឌផងដែរ ប្រសិនបើតំណាងរបស់ខ្លួនណាម្នាក់ត្រូវបានរកឃើញថា មានពិរុទ្ធនឹងប្រឈមនឹងទោសពិន័យ ការផ្អាកសកម្មភាព និងការរំលាយគណបក្សចោលផង។ អង្គការសិទិ្ធមនុស្សបានរិះគន់ច្បាប់នេះយ៉ាងខ្លាំងដោយហៅច្បាប់នេះថាជាច្បាប់ដែលព្រាងឡើងយ៉ាងប្រញាប់ប្រញាល់និងមានភាពមិនច្បាស់លាស់ ហើយអាចជាឧបករណ៍ដើម្បីបំបិទមាត់សំឡេងប្រឆាំង។ ច្បាប់នេះ ត្រូវបានស្នើដោយលោកនាយករដ្ឋមន្រ្តី ក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលចេញផ្សាយសំឡេងរបស់លោក កឹម សុខា ដែលត្រូវគេចោទថា លោកបានអះអាងថា គុកទួលស្លែងជាគុកសិប្បនិម្មិត៕
No comments:
Post a Comment
yes