សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 25, 2013

សារមន្ទីរ​ដាក់​តាំង​សត្វ​រាប់ម៉ឺន​ក្បាល​ក្នុង​កែវ​អាល់កុល

130625_24a
សត្វ​រាប់ម៉ឺន​ក្បាល​ត្រូវ​បានគេ​ដាក់ត្រាំ​រក្សា​រូបរាង​ដើម​ក្នុង​កែវ​​អាល់កុល
ក្រុងប៊ែរឡាំង : កែវ​តូច​ធំ​ជាច្រើន ផ្ទុក​ទៅ​ដោយ​ពូជ​សត្វ​រាប់ម៉ឺន​ប្រភេទ​ត្រាំ​រក្សា​រូបរាង​ដើម​ក្នុង​អាល់កុល​ត្រូវ​បាន​គេ​ដាក់​តម្រៀប​គ្នា​នៅ​អគារ​ខាង​កើត​នៃ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជីវ​ធម្មជាតិ ឯ​ក្រុង​ប៊ែរឡាំង ទឹកដី​អាល្លឺម៉ង់។
អគារ​ខាង​កើត​នេះ​មាន​ទូដែក​កម្ពស់​ស្មើ​ផ្ទះ​៣​ជាន់ សម្រាប់​ដាក់​តាំង​សត្វ​រាប់ម៉ឺន​ប្រភេទ ដែល​ស្ថិត​នៅ​ស្ដូកស្ដឹង​ក្នុង​កែវ​វែង​រាង​ស៊ីឡាំង​ចំនួន​២៧៦០០០​កែវ។
ដើម្បី​រក្សា​រូបរាង​ដើម​របស់​ពពួក​សត្វ​ទាំងនោះ សារមន្ទីរ​នេះ​បាន​ប្រើប្រាស់​អាល់កុល​ដល់​ទៅ​៨១៨០០​លីត្រ។ នៅ​ក្នុង​កែវ​ទាំងនោះ​មាន​ផ្ទុក​សត្វ​ប្រមាណ​ជា​១​លាន​ប្រភេទ​រួមមាន​ត្រី ពពួក​ល្មូន ថនិកសត្វ (សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ) ពីងពាង ដង្កូវ ក្ដាម សត្វល្អិត និង​សត្វ​គ្មាន​ឆ្អឹង​ខ្នង។

ក្រៅ​ពី​តាំង​បង្ហាញ​នូវ​ពូជ​សត្វ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​កែវ​អាល់កុល​នោះ សារមន្ទីរ​ដែល​គ្មាន​ពីរ​លើ​លោក​នេះ​ក៏​បាន​រក្សា​ប្រភេទ​សត្វ​ដែល​គេ​ចាប់​បាន​នា​សតវត្សរ៍​ទី​១៨​ផង​ដែរ។
ដើម​ឡើយ អគារ​ខាង​កើត​នៃ​សារមន្ទីរ​នេះ​ត្រូវ​បាន​បំផ្លាញ​ដោយ​បន្ទុះ​គ្រាប់បែក​នា​សម័យ​សង្គ្រាម​លោក​លើក​ទី​២។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៩៥ បុគ្គលិក​សារមន្ទីរ​បាន​សម្រេច​ចិត្ត​ធ្វើការ​ជួសជុល​កែកុន​អគារ​ខាង​កើត​នេះ រហូត​ដល់​រួចរាល់​សព្វ​គ្រប់​នៅ​ឆ្នាំ​២០១០។
បច្ចុប្បន្ន​សារមន្ទីរ​ប្រវត្តិសាស្ត្រ និង​ជីវធម្មជាតិ​នេះ គឺជា​កន្លែង​ដ៏​ទំនើប​បំផុត​ក្នុង​លោក​ដែល​មាន​ផ្ទុក​នូវ​ពូជ​សត្វ​រាប់ម៉ឺន​ប្រភេទ​នៅ​ក្នុង​កែវ​អាល់កុល រួម​ទាំង​ត្រីឆ្លាម​មុខ​ញញួរ ពពួក​សត្វ​កម្រ និង​សត្វ​នានា​ពេល​កំពុង​លេប​ចំណី​នៅ​ក្នុង​មាត់​ផង​ដែរ។
ប្រធាន​សារមន្ទីរ​លោក ភីតធើរ បាតស៍ បាន​ថ្លែង​ថា​៖ «​យើង​បាន​ចំណាយ​ពេល​២០០​ឆ្នាំ​ក្នុង​ការ​ប្រមែប្រមូល​សត្វ​នានា​ដាក់​ក្នុង​កែវ​អាល់កុល ដើម្បី​រក្សា​រូបរាង​ដើម​របស់​វា។ សំណាង​ល្អ​ដែរ ក្នុង​សម័យកាល​សង្គ្រាម មាន​តែ​៦​កែវ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បែក​ដោយសារ​បន្ទុះ​គ្រាប់បែក»។
ក្រៅ​ពី​ដាក់​តាំង​សត្វ​ក្នុង​កែវ​អាល់កុល សារមន្ទីរ​នេះ​ក៏​ជា​កន្លែង​ដែល​មាន​គ្រោងឆ្អឹង​សត្វ​ដាយណូស័រ​កម្ពស់​១៣​ម៉ែត្រ​ដ៏​ធំ​បំផុត​ក្នុង​លោក​ផង​ដែរ៕

No comments:

Post a Comment

yes