ល្បិចកលរបស់ឯកឧត្តម ជា ចំរើន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដែលបានប្រើវិធីសាស្ត្រយកស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ យកឈ្មោះសិល្បករ ព្រាប សុវត្ថិ យកឈ្មោះសិល្បការិនី ពេជ្រ សូលីកា និងយកឈ្មោះសិល្បការិនី ឱក សុគន្ធកញ្ញា បន្លំឲ្យអ្នកលេងហ្វេសប៊ុក(Facebook) Like គាំទ្រអ្នកទាំងនេះដើម្បីប្រមូលធ្វើជាចំនួនសរុបរបស់ Fan Page ខ្លួនឯង ត្រូវបានប្រិយមិត្តបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកប្រតិកម្មយ៉ាងខ្លាំងក្លា ដោយបានធ្វើការរិះគន់ថា គឺជាបុគ្គលថោកទាប ប្រើល្បិចអាក្រក់ដើម្បីប្រមូលចំនួន Fan Page ដោយដាក់ឈ្មោះខ្លួនឯង ក្នុងន័យគាំទ្រនាយករដ្ឋមន្ត្រី ។
លទ្ធផលនៃល្បិចកលរបស់ឯកឧត្តម ជា ចំរើន ដែលគ្មាននរណាម្នាក់អាចធ្វើដូចនោះ គឺប្រមូលបានអ្នកគាំទ្រ Like Fan Page សរុបចំនួន៩៣.៩៤០នាក់(គិតត្រឹមវេលាម៉ោង២២និង៥៥នាទីយប់នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣) ខណៈដែលចំនួន Fan Page ទទួលបានការគាំទ្រដោយសុចរិតរបស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលធ្លាប់ជែងឈ្នះលើ Fan Page របស់អ្នកបង្កើតគាំទ្រ”សម្តេចតេជោសែន”មានត្រឹម៩២.០៦២នាក់ប៉ុណ្ណោះ ។ មានន័យថា Fan Page ដែលឯកឧត្តម ជា ចំរើន ប្រមូលបានតាមវិធីឬល្បិចកលទុច្ចរិតនោះ គឺមានចំនួនច្រើនជាង Fan Page របស់ឯកឧត្តម សម រង្ស៊ី ដែលប្រមូលបានពីការគាំទ្រដោយសុចរិត និងសុទ្ធចិត្តរបស់អ្នកលេងហ្វេសប៊ុក ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅកម្ពុជាបានលើកឡើងថា អំពើរបស់ឯកឧត្តមបណ្ឌិត ជា ចំរើន ដែលមានបំណងចង់លើកស្ទួយមុខមាត់”សម្តេចតេជោសែន”តាមរបៀបនេះ គឺមិនត្រឹមតែ”សម្តេចតេជោសែន” មិនអបអរសាទរនោះទេ ថែមទាំងអាចទទួលរងការស្តីបន្ទោសថែមទៀតផង ។
ក្រុមអ្នកវិភាគ ក៏ដូចជាអ្នកលេងហ្វេសប៊ុកបានលើកឡើងដែរថា ឯកឧត្តមបណ្ឌិត ជា ចំរើន ចង់ល្បីល្បាញចេញមុខនៅក្នុងហ្វេសប៊ុក គឺមិនបានល្បីដូចបំណងទេ បែរជាបានត្រឹម”ទក់មុខ”នៅក្នុងហ្វេសប៊ុកទៅវិញ ៕
No comments:
Post a Comment
yes