លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងសន្និសីទកាសែត
កាលពីម្សិលមិញដែលលោកបានស្នើឲ្យមានការបង្កើតគណៈកម្មការរួមមួយ
គណបក្សសង្គ្រោះជាតិ ដែលមានការគាំទ្រកើនឡើងជិតទ្វេដង នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឡើយ ដោយស្នើឲ្យមានការបង្កើតគណៈកម្មការរួមមួយ ដើម្បីធ្វើការស៊ើបអង្កេត ពីភាពមិនប្រក្រតី ដែលបានកើតឡើងយ៉ាងច្រើន នៅក្នុងដំណើរការបោះឆ្នោត។
នៅក្នុងសន្និសីទកាសែត កាលពីម្សិលមិញ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលមិនត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនតំណាងរាស្រ្ត បានប្រាប់អ្នកកាសែតថា គណបក្សសង្គ្រោះជាតិ មិនអាចទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលមានភាពមិនប្រក្រតីយ៉ាងច្រើននេះបានទេ។
លោក សម រង្ស៊ី បានថ្លែងថា៖ «យើងទាមទារឲ្យមានការស៊ើបអង្កេត ដោយបង្កើតគណៈកម្មការរួមមួយ ដើម្បីស្រាវជ្រាវបញ្ហាធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងការបោះឆ្នោតដែលវាមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាជន»។
ភាពមិនប្រក្រតី ដែលលោក សម រង្ស៊ី ទាមទារឲ្យមានការស៊ើបអង្កេតនោះគឺមានប្រជាពលរដ្ឋប្រមាណពី១ លាន ទៅ ១ លាន ៣ សែននាក់ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ហើយពួកគេមិនបានបោះឆ្នោត ការបង្កើតឈ្មោះដូចគ្នា ២០ ម៉ឺននាក់ នៅពេលដែលទឹកថ្នាំជ្រលក់ចង្អុលដៃ ត្រូវបានគេលុបជ្រះ អ្នកមានឈ្មោះក្នុងបញ្ជីរួចហើយ នៅពេលទៅបោះឆ្នោត ឈ្មោះរបស់ពួកគាត់ត្រូវគេបោះរួចជាដើម។ល។ «ដូច្នេះតើយើងអាចទទួលស្គាល់លទ្ធផលបែបនេះយ៉ាងដូចម្តេចទៅ?»។
លោកបានថ្លែងទៀតថា៖ «បើទោះបីជាពួកគេប្រើវិធីកេងបន្លំ ប៉ុន្តែសំឡេងគាំទ្រគណបក្សសង្គ្រោះជាតិនៅតែមានច្រើន។
ពីឥឡូវនេះទៅ [គណបក្សប្រជាជន] មិនអាចធ្វើអ្វីតាមដែលខ្លួនចង់ ដោយមិនមានគណបក្សសង្គ្រោះជាតិបានទេ»។ លោក សម រង្ស៊ី បានអះអាងថា ប្រសិនបើការស៊ើបអង្កេតរកឃើញថា ការបាត់ឈ្មោះបានកើតឡើងនៅទូទាំងប្រទេសនោះត្រូវតែរៀបចំការបោះឆ្នោតឡើងវិញ។
លោក សម រង្ស៊ី បានស្នើឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតរួមមួយ ដោយមានការចូលរួមពីគណបក្សប្រជាជនគណបក្សសង្គ្រោះជាតិ និងមានការចូលរួមពីអង្គការតាមដានការបោះឆ្នោត ដូចជា អង្គការ NDI អង្គការ COMFREL អង្គការ NICFEC និងអង្គការអន្តរជាតិ ឬអ្នកជំនាញអន្តរជាតិផ្សេងទៀត។ លោកបន្ថែមថា ការិយាល័យបោះឆ្នោតមួយចំនួនត្រូវតែរាប់សន្លឹកឆ្នោតឡើងវិញដោយសារការិយាល័យទាំងនោះ បានរាប់សន្លឹកឆ្នោតដោយបិទទ្វារ។
លោក សម រង្ស៊ី បានថ្លែងបន្តថា៖ «យើងមិនត្រូវពឹងផ្អែកលើ គ.ជ.ប ទេ យើងត្រូវតែពឹងផ្អែកលើ UNDP ឬអ្នកជំនាញខាងការបោះឆ្នោតដទៃៗទៀតដើម្បីដោះស្រាយបញ្ហានេះ។ គណបក្សសង្គ្រោះជាតិ មិនទាមទារសម្រាប់តំណែងទេ[យើង]ទាមទារសម្រាប់ប្រជាជនដែលមិនបានបោះឆ្នោត និងចង់ឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា៖ «ប្រសិនបើគណបក្សសង្គ្រោះជាតិទទួលស្គាល់លទ្ធផលនេះ ប្រជាជនដែលបានគាំទ្រយើង ក៏នឹងមិនទទួលស្គាល់ដែរ»។ លោក កឹម សុខា បានបន្តថា បើទោះបីជាមានការបន្លំបែបនេះប៉ុន្តែលទ្ធផលដែលគេប្រកាស គណបក្សប្រជាជនទទួលបានសំឡេងច្រើនជាងគណបក្សសង្គ្រោះជាតិ តែ ២០ ម៉ឺនសំឡេងប៉ុណ្ណោះ។ «ខុសគ្នា ២០ ម៉ឺនសំឡេង ខ្ញុំគ្រាន់តែយកការបំប៉ោងឈ្មោះស្ទួននោះ មកបោះឆ្នោត នោះគណបក្សសង្គ្រោះជាតិនឹងឈ្នះ។ ប្រសិនបើគណបក្សប្រជាជន ចង់ឲ្យមានស្ថិរភាពនយោបាយហើយទាំងអស់គ្នាចង់កសាងប្រទេសទាំងអស់គ្នាត្រូវតែបង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេត»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ការបង្កើតគណៈកម្មការណាមួយដែលស្នើដោយគណបក្សប្រឆាំងមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ។ លោកគូសបញ្ជាក់ថា៖«ខ្ញុំគិតថា ផ្អែកតាមច្បាប់បោះឆ្នោត វាលើសពីសមត្ថកិច្ចរបស់ គ.ជ.ប។ ការបង្កើតគណៈកម្មការណាមួយវាអាស្រ័យទៅលើច្បាប់ឬការព្រមព្រៀងណាមួយ ហើយច្បាប់មិនបានតម្រូវឲ្យ គ.ជ.ប អនុវត្តបែបនេះទេ»។
លោកបន្តថា គ.ជ.ប បានចេញលទ្ធផលបឋមចុងក្រោយរួចហើយកាលពីយប់ថ្ងៃអាទិត្យ។ លោកថ្លែងថា៖«មានអ្នកបោះឆ្នោតជាង ៦.៧០០.០០០ នាក់ វាស្មើនឹង ៦៩,៥០ ភាគរយ។ ខ្ញុំគ្រាន់តែដឹងថាគណបក្សប្រជាជន សរុបទៅនាំមុខ[គណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតនេះ]»។
ទោះយ៉ាងណាក្តី លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្រ្តគណបក្សប្រជាជនបានហៅបណ្តឹងរបស់គណបក្សសង្គ្រោះជាតិថា គ្រាន់តែជាការតថ្លៃតំណែងប៉ុណ្ណោះហើយថា ផ្អែកតាមលទ្ធផលបឋមដែលគណបក្សប្រជាជនឈ្នះបាន ៦៨ អាសនៈនិងគណបក្សសង្គ្រោះជាតិឈ្នះបាន ៥៥ អាសនៈ ប្រសិនបើលទ្ធផលមិនផ្លាស់ប្តូរគណបក្សប្រជាជន នឹងគ្រប់គ្រងប្រទេសតែម្នាក់ឯង ដោយមិនចាំបាច់បង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សណាមួយនោះទេ។
លោក ឈាង វុន បានថ្លែងបន្តថា៖ «ប្រសិនបើមានភាពមិនប្រក្រតីណាមួយនៅក្នុងការបោះឆ្នោត គាត់មានសិទ្ធិដាក់បណ្តឹងទៅ គ.ជ.ប ហើយវាគឺជាយន្តការតែមួយប៉ុណ្ណោះដែលចែងនៅក្នុងច្បាប់។
ប្រសិនបើ[នរណាម្នាក់]ចង់បង្កើតគណៈកម្មការបែបនេះ ឬបែបនោះ តាមច្បាប់មិនអាចទៅរួចទេ»។
លោកបានបន្តថា ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់លទ្ធផលការបោះឆ្នោត វាជាសិទ្ធិរបស់គណបក្សនេះ ប៉ុន្តែវាមានន័យថា គាត់មិនគោរពតាមឆន្ទៈរបស់អ្នកបោះឆ្នោត។
លោក ចាន់ សុវេត អ្នកតាមដានជាន់ខ្ពស់ នៅអង្គការសិទ្ធិមនុស្ស អាដហុក ដែលបានចូលរួមសង្កេតការណ៍លើដំណើរការបោះឆ្នោត ហើយក្រុមរបស់លោក បានធ្វើសន្និសីទកាសែតកាលពីម្សិលមិញ បានគាំទ្រឲ្យមានការបង្កើតគណៈកម្មការរួមមួយដោយថ្លែងថា ការបង្កើតគណៈកម្មការនេះ គឺដើម្បីស្វែងរកការពិតនៃភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតដែលត្រូវបានគេមើលឃើញថាបានកើតឡើងជាទូទៅ។
លោកបន្តថា៖ «ការបោះឆ្នោត យើងឲ្យតម្លៃថា វាមានភាពមិនប្រក្រតី។ ប្រសិនដូច្នេះ យើងត្រូវតែស្វែងរកដំណោះស្រាយ។ ខ្ញុំគាំទ្រឲ្យមានការបង្កើតគណៈកម្មការនេះពីព្រោះយើងជាសង្គមស៊ីវិល ក៏បានឃើញភាពមិនប្រក្រតីផងដែរ។ [យើង]មិនដឹងថា វាកើតពីគណបក្សសង្គ្រោះជាតិ ឬគណបក្សប្រជាជននោះទេ?»៕
No comments:
Post a Comment
yes