សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 24, 2013

សហជីព​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​លោកឈូកបណ្ឌិត

កម្មករ ស្វាយរៀង ៣០៥
ជន​រង​គ្រោះ​ទាំង ៣​នាក់ ដើរ​ចូល​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ 
នៅ​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៣

តំណាង​សហជីព​មួយ​ចំនួន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ទៅ​តាម​សាលក្រម​របស់​តុលាការ​ខែត្រ​ស្វាយរៀង ជា​បន្ទាន់ ដើម្បី​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។

ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត ដែល​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ឲ្យ​រង​របួស​ធ្ងន់​យក​ដាក់​ពន្ធនាគារ​នេះ ពីព្រោះ​ថា អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​សាលា​ដំបូង​ខែត្រ​ស្វាយរៀង ឲ្យ​លោក ឈូក បណ្ឌិត ជាប់​គុក ១​ឆ្នាំ​កន្លះ តែ​រហូត​មក​ទល់​ពេល​នេះ លោក ឈូក បណ្ឌិត នៅ​មាន​សេរីភាព​នៅ​ឡើយ។
តំណាង​សហជីព​ចំនួន ៣ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៤ កក្កដា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ជា​បន្ទាន់ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុប​បំបាត់​និទណ្ឌភាព។

តំណាង​សហជីព​នោះ​រួម​មាន តំណាង​សហភាព​ការងារ​កម្ពុជា សហជីព​កម្ពុជា និង​សហព័ន្ធ​សហជីព​វាយនភណ្ឌ​កាត់​ដេរ និង​តំណាង​ឲ្យ​កម្មករ​និយោជិត​ទាំង​អស់ បាន​សម្ដែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​យ៉ាង​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មិន​បាន​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​សម្រាប់​ជន​មាន​ឥទ្ធិពល ដូចជា​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នេះ។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា តំណាង​សហជីព​មួយ​ចំនួន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ក្នុង​គោល​បំណង​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច ឬ​ក្រសួង​មហាផ្ទៃ អនុវត្ត​សាលក្រម​របស់​សាលាដំបូង​ខែត្រ​ស្វាយរៀង ចាប់​ខ្លួន​លោក ឈូក បណ្ឌិត យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សភ័គ ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៣។
ស្នងការ​នគរបាល​ខែត្រ​ស្វាយរៀង លោក កឹង ឃន មិន​ធ្វើ​អត្ថាធិប្បាយ​លំអិត​អំពី​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​ថា ជាប់​រវល់ ហើយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​របស់​លោក​កំពុង​ធ្វើការ​រឿង​នេះ​ហើយ។
សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា បាន​កាត់​អោយ លោក ឈូក បណ្ឌិត មាន​ទោស​រយៈពេល ១​ឆ្នាំ​កន្លះ និង​បាន​ចេញ​ដីកា​អោយ​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ អោយ​មក​ទទួល​ទោស និង​បាន​បង្គាប់​អោយ​បង់​ប្រាក់​សំណង​ទៅ​អោយ​ជន​រង​គ្រោះ​ឈ្មោះ ប៊ុន ចិន្ដា ចំនួន ២០​លាន​រៀល នុត សុខន ១០​លាន​រៀល និង កែវ នា ចំនួន ៨​លាន​រៀល។
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​សង្កត់​ធ្ងន់​ថា ករណី​លោក ឈូក បណ្ឌិត នេះ ប្រសិន​បើ​លោក​គ្មាន​អំណាច ឬ​គ្មាន​អ្នក​មាន​ឥទ្ធិពល​នៅ​ក្រោយ​ខ្នង​ទេ មន្ត្រី​នគរបាល​បាន​ចាប់​ខ្លួន​លោក​តាំង​ពី​ដើម​ទី​មក​ម្ល៉េះ ចំពោះ​ទង្វើ​របស់​លោក​ដែល​បាញ់​ប្រហារ​ទៅ​កម្មការិនី​នេះ។
បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​តំណាង​សហជីព​បាន​អះអាង​ថា ពួកគាត់​នឹង​ធ្វើ​ការ​តវ៉ា​ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ មិន​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ​តាម​អំណាច​សាលក្រម​របស់​តុលាការ និង​ត្រូវ​ឲ្យ​លោក ឈូក បណ្ឌិត បង់​សំណង​ជំងឺ​ចិត្ត​ជូន​កម្មការិនី​រងគ្រោះ​ទៅ​តាម​សាលក្រម​របស់​តុលាការ​ដែល​បាន​កំណត់៕

No comments:

Post a Comment

yes