សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 17, 2013

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​គំរាម​ប្ដឹង​អាជ្ញាធរ​ស្រុក​ស្អាង

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ កំពុង​ដំណើរការ​ជា​រៀង​រាល់​ថ្ងៃ​នៅ​គ្រប់​ខេត្ត​ក្រុង នៃ​ប្រទេស​កម្ពុជា។

យ៉ាង​ណា​មិញ យុទ្ធនាការ​នេះ មាន​សេចក្ដី​រាយការណ៍​មក​ថា ក្រុម​បក្ស​ប្រឆាំង​ច្រើន​មាន​ការ​រំខាន និង​រារាំង​ជា​ញឹកញាប់​ពី​សំណាក់​អាជ្ញាធរ និង​សកម្មជន​បក្ស​កាន់​អំណាច។
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​គំរាម​ប្ដឹង​ស្មៀន​ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល ម្នាក់ ទៅ​តុលាការ ដោយ​អះអាង​ថា បាន​រារាំង​ក្បួន​ឃោសនា​​និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​របស់​ខ្លួន។
សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ សាវ៉ន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា ស្មៀន​រង​ឃុំ​ក្រាំងយ៉ូវ គឺ​លោក គឹម លី និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ផ្សេង​ទៀត បាន​ចេញ​មក​រារាំង​មិន​ឲ្យ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ភូមិ​តា​ពេជ្រ ភូមិ​ក្រាំងយ៉ូវ និង​ភូមិ​ពេញពង ទេ ទើប​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី ហើយ​ថា ស្មៀន​រង​ឃុំ​ក្រាំងយ៉ូវ បាន​កាន់​ច្រវាក់​ជាប់​សោ គំរាម​វាយ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ។
លោក​ថា ករណី​នេះ​លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត៖ «ក្រុម​ការងារ​គណបក្ស​ប្រជាជន​ប្រចាំ​ភូមិ​គេ​ហ្នឹង គ្នា​វា​ប្រហែល ៥​នាក់ មាន​មួយ​នោះ ខែងរ៉ែង​ជាង​គេ កាន់​អាយកូម មួយ​ទៀត​កាន់​អាយកូម​វែង លួច​និយាយ​ខាង​ក្នុង​នោះ វា​ថា អត់​ឲ្យ​ចូល ថា​ដាច់​ខាត​អត់​ឲ្យ​ចូល តែ​ចូល​វាយ។ មែន! ដល់​យើង​ចូល​វា​ទាញ​អា​សោ​កង់​នៅ​នឹង​ម៉ូតូ​ទាញ​វាយ​វាត់​ហ្មង វាយ​អត់​ត្រូវ ព្រោះ​យើង​ថយ លោត​ថយ​ទៅ​ណា។ កូន​ចៅ​ខ្ញុំ​ដែល​ចូល​ទៅ​ជជែក​ជាមួយ​សុំ​ចូល​ហ្នឹង​ណាស់ វា​គ្រវីគ្រវាត់​អ៊ីចឹង​ចេញ​អំពើ​យង់ឃ្នង​មក​បង្ហាញ​យើង»
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្មៀន​រង​ឃុំ​ក្រាំងយ៉ូវ គឺ​លោក គឹម លី ដែល​រង​ការ​ចោទ​ប្រកាន់​បាន​ទេ ហើយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ លោក ពេជ ប៉ូរាន ដែល​បាន​ចុះ​ទៅ​អន្តរាគមន៍​ទំនាស់​នេះ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​នេះ​ទី​១៧ កក្កដា ដោយ​ទូរស័ព្ទ​មិន​ចូល។
អ្នក​សង្កេតការណ៍​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៃ​សមាគម​អរុណរះ លោក អ៊ូច វុទ្ធី ដែល​បាន​តាម​ដាន​ករណី​នេះ បាន​ហៅ​ការ​រារាំង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ឃោសនា​នៅ​តាម​មូលដ្ឋាន​នេះ​គឺ​ជា​ការ​បំពាន​ច្បាប់​បោះឆ្នោត៖ «ខាង​ស្មៀន​រង​ឃុំ​ហ្នឹង គាត់​ប្រើ​អំពើ​ហិង្សា​មក​លើ​សង្គ្រោះ​ជាតិ​តែម្ដង យក​សោ​ច្រវាក់​សោ​ដែក​ណា។ អា​ហ្នឹង​វ៉ាត់​មក​ត្រូវ​ក្បាល​ឈាម​ហើយ​ដែក។ ខ្ញុំ​ជាមួយ​ខាង​តំណាង​គណបក្ស​ស្រុក​នេះ ឃាត់​អត់​ឲ្យ​គាត់​ប្រើ​អំពើ​ហិង្សា ឲ្យ​គាត់​ស្ងាត់ស្ងៀម​វិញ គាត់​អត់​ព្រម​ស្ដាប់។ សង្គ្រោះ​ជាតិ​សុខ​ចិត្ត​ចាញ់​គេ​ទៅ​ហើយ ដើរ​តាម​ផ្លូវ​ធំ​វិញ​ទៅ»
ចំណែក​ឯ​នៅ​រាជធានី​ភ្នំពេញ វិញ ក៏​មាន​សេចក្ដី​រាយការណ៍​ពី​គណៈកម្មការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឡាក់ សុភាព ដូច​គ្នា​ទៅ​នឹង​បញ្ហា​នៅ​ខេត្ត​កណ្ដាល​ដែរ។ អ្នកស្រី​បន្ត​ថា សមត្ថកិច្ច​គ្រប់គ្រង​ផ្សារ​ច្បារ​អំពៅ​បាន​រារាំង​ក្រុម​ការងារ​ហែ​ក្បួន​ឃោសនា​បក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ចូល​ចែក​លិខិត​ប័ណ្ណ​ដល់​អាជីវករ​ផ្សារ​ឡើយ។
ទាក់ទង​ទៅ​នឹង​បណ្ដឹង​វិញ គិត​ត្រឹម​ថ្ងៃ​ទី​១៦ កក្កដា មន្ត្រី គ.ជ.ប បាន​ទទួល​ពាក្យ​ប្ដឹង​នៅ​ថ្នាក់​ឃុំ​ចំនួន ២១៥​ករណី នៅ​ថ្នាក់​ខេត្ត​ចំនួន ៤៥​ករណី និង​នៅ​ថ្នាក់​ជាតិ​មាន​ចំនួន ១២​ករណី។
ជន​មិន​ស្គាល់​មុខ​គប់​ដុំ​ថ្ម​ដាក់​រថយន្ត​ប្រធាន​ក្រុម​ការងារ​បក្ស​សង្គ្រោះ
ខេត្ត​កំពង់ចាម៖ ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​គប់​ដុំ​ថ្ម​ដាក់​រថយន្ត​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​កំពង់ចាម និង​ជា​អតីត​ប្រធាន​ចលនា​យុវជន​ខេត្ត​កំពង់ចាម គណបក្ស សម រង្ស៉ី លោក ថាន សូរិទ្ទ កាល​ពី​យប់​ថ្ងៃ​ទី​១៦ កក្កដា ២០១៣ ក្នុង​ភូមិ​បឹងបាសាក់ សង្កាត់​សំបូរមាស ក្រុង​កំពង់ចាម។
ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក ថាន សូរិទ្ទ កំពុង​ដឹកនាំ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ចុះ​បញ្ចាំង​កុន​ឯកសារ​ដែល​បាន​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ រថយន្ត​ដែល​ជន​មិន​ស្គាល់​មុខ​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​នោះ គឺ​ជា​រថយន្ត​ផ្ទាល់​ខ្លួន​របស់​លោក ថាន សូរិទ្ទ ដែល​មាន​ផ្ទុក​ទៅ​ដោយ​សម្ភារៈ​បញ្ចាំង​កុន និង​កំពុង​ប្រើប្រាស់​សម្រាប់​បញ្ចាំង​កុន។
លោក ថាន សូរិទ្ទ៖ «ខ្ញុំ​បាទ​បាន​ទៅ​បញ្ចាំង​កុន​ស្ដីពី​ការ​ឈ្លានពាន​យក​ទឹក​ដី​ពី​ប្រទេស​ជិត​ខាង ជា​ពិសេស​គឺ​ប្រទេស​វៀតណាម ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​របស់​គាត់ ដើម្បី​យក​ដី​ទៅ​លក់​អោយ​ក្រុមហ៊ុន ការ​វាយ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ ការ​វាយ​ធ្វើ​បាប​ព្រះសង្ឃ មាន​ការ​ចាប់​ដាក់​គុក និង​មាន​ការ​បាញ់​សម្លាប់​ជាដើម»
បើ​ទោះ​បី​ជា​ការ​គប់​លើ​រថយន្ត​របស់​លោក​វា​ជា​រឿង​បុគ្គល ឬ​ជា​រឿង​នយោបាយ​ក្តី ក៏​លោក ថាន សូរិទ្ទ សម្រេច​ចិត្ត​ថា នឹង​មិន​ប្ដឹងផ្ដល់​ដើម្បី​រក​មុខ​ជន​នោះ​ទេ តែ​លោក​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ពិចារណា​ពី​ទង្វើ​របស់​ជន​មិន​ស្គាល់​មុខ​នេះ។ ហើយ​លោក​ក៏​បាន​អោយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទូទាំង​ក្រុង​កំពង់ចាម ពី​ហេតុការណ៍​នេះ៕

No comments:

Post a Comment

yes