ឡានទាហានដឹកមនុស្សជាច្រើន ដែលសុទ្ធតែបុរស ចេញពីភូមិរលំរុនថ្មី
នៃឃុំស្រែណូយ ខេត្តសៀមរាប បន្ទាប់ពីមនុស្សទាំងនោះបានបោះឆ្នោតរួច
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
នៅឯខេត្តសៀមរាប គ្រាន់តែការបោះឆ្នោតចាប់ផ្ដើមឡើងភ្លាម ភាពមិនប្រក្រតីជាច្រើនបានកើតមានដូចជាជនជាតិវៀតណាម ជាច្រើនទៅបោះឆ្នោតនៅតំបន់បឹងទន្លេសាប សង្កាត់ចុងឃ្នៀស និងមានអ្នកបោះឆ្នោតមួយចំនួនឈ្មោះស្ទួនជាន់គ្នា ព្រមទាំងទឹកខ្មៅជ្រលក់ដៃអ្នកបោះឆ្នោតមានគុណភាពមិនសូវល្អជាដើម។
បន្ថែមលើនេះ នៅតាមការិយាល័យបោះឆ្នោតខ្លះនាតំបន់ដាច់ស្រយាល គឺមានការចល័តកម្លាំងទាហានមកពីខេត្តផ្សេងៗ ដើម្បីជួយគាំទ្រគណបក្សកាន់អំណាច។
ប្រភពពីប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំស្រែណូយ និងឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានអះអាងថា មានកងទាហានរាប់ពាន់នាក់ដែលគេពុំធ្លាប់ស្គាល់ ត្រូវបានគេដឹកជញ្ជូនតាមរថយន្តយោធាធំៗជាច្រើនគ្រឿង ចូលទៅបោះឆ្នោតតាមការិយាល័យដែលស្ថិតនៅក្នុងតំបន់ព្រៃដាច់ស្រយាល កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា។
ហេតុការណ៍ទាំងនេះបានកើតឡើងនៅភូមិត្រពាំងក្រសាំង និងភូមិរលំរុនថ្មី នៃឃុំស្រែណូយ និងនៅឃុំល្វាក្រាំង ស្រុកវ៉ារិន ចម្ងាយជាង ៩០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប។
បុរសម្នាក់ជាអ្នកភូមិត្រពាំងក្រសាំង ដែលមិនហ៊ានប្រាប់ឈ្មោះ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា នៅក្រៅការិយាល័យបោះឆ្នោតថា អ្នកភូមិរបស់គាត់ដែលមានឈ្មោះបោះឆ្នោតប្រមាណជាង ៤០០នាក់ ក៏ប៉ុន្តែមានការដឹកជញ្ជូនកងទាហានជាង ១.០០០នាក់ ចូលមកជួយបោះឆ្នោតនៅតំបន់របស់គាត់៖ «ក្នុងរយៈពេលប្រហែលជាបីថ្ងៃហើយ គេដឹកមកហ្នឹង។ ប្រហែលជា ១អាទិត្យមុនហ្នឹង គេចេះតែដឹកបណ្ដើរៗមកតិចៗ ព្រោះកន្លែងហ្នឹងជាកន្លែងចាញ់ ហេតុដូច្នេះ វាជួយទប់គ្នា។ គេមកពីព្រំដែនមក កន្លែងសមរភូមិខាងមុខមក ដូចនៅខាងប្រាសាទតាក្របី ប្រាសាទតាមាន់ អី។ គេខ្សឹបប្រាប់ថា គេមកបោះឆ្នោត»។
នៅភូមិត្រពាំងក្រសាំង នោះ មានការិយាល័យបោះឆ្នោតលេខ ១១៤៣ លេខ ១១៧៣ និងលេខ ១១០៣ គឺមានមនុស្សប្រុសជាច្រើន បានឈរតម្រៀបជួរគ្នារង់ចាំចូលបោះឆ្នោត។ ក្នុងចំណោមបុរសដែលឈរចាំបោះឆ្នោតខ្លះ បានប្រាប់ថា ពួកគេជាទាហានដែលមកពីព្រំដែនកម្ពុជា-ថៃ នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទោះយ៉ាងណា នៅក្នុងចំណោមអ្នកបោះឆ្នោតជាច្រើនដែលជាបុរសនោះ គឺមានមនុស្សខ្លះចាំឃ្លាំមើលមិនឱ្យនិយាយផ្ដេសផ្ដាសទៅកាន់ក្រុមអ្នកយកព័ត៌មាន និងអ្នកសង្កេតការណ៍របស់អង្គការក្រៅរដ្ឋាភិបាលទេ។
ចំណែកនៅឯការិយាល័យបោះឆ្នោតលេខ ១១៤២ និងលេខ ០៨៧៧ ក្នុងភូមិរលំរុនថ្មី វិញ គឺមានស្ថានភាពដូចគ្នាដែរ។ នៅតាមផ្លូវចូលទៅកាន់ការិយាល័យបោះឆ្នោត គេឃើញមានឡានទាហានធំៗចំនួន ៤គ្រឿង ចតនៅឆ្ងាយពីការិយាល័យបោះឆ្នោត និង ២គ្រឿងទៀត បានដឹកមនុស្សចេញទៅវិញ។
ប្រជាពលរដ្ឋម្នាក់នៅក្នុងភូមិរលំរុនថ្មី បានឱ្យដឹងថា ឡានដឹកទាហានជាច្រើនចូលមកដល់ភូមិរបស់គាត់ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ហើយកាលពីព្រឹកថ្ងៃទី២៨ ពួកគេបានចូលបោះឆ្នោតនៅការិយាល័យក្នុងភូមិរបស់គាត់៖ «ទាំងអស់ហ្នឹងអត់មានអ្នកភូមិទេ សុទ្ធតែអ្នកមកពីខេត្តព្រះវិហារ ទាំងអស់។ ហើយខ្ញុំសួរថា តើចុះឈ្មោះពីថ្ងៃណាមក បានជាបានមកបោះឆ្នោត? គេថា គេចុះឈ្មោះកាលពីមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ចុះនៅផ្ទះយាយ ណម។ ៧ឡានធំ ឡានហុកឡកូរ៉េ ១ទៀត ៨។ ដល់ធ្វើអីចឹង វាអត់សុក្រឹត ហើយមនុស្សនៅឯណាណោះមានការិយាល័យ (គ.ជ.ប) នៅឯណោះដែរ គួរតែថតបោះឆ្នោតនៅទីនោះ»។
ដូចគ្នានេះដែរ នៅការិយាល័យបោះឆ្នោតលេខ ១១១៥ ក្នុងសាលាបឋមសិក្សា ច័ន្ទគីរី នៃភូមិគោកកណ្ដាល ឃុំល្វាក្រាំង ក្នុងចំណោមអ្នកបោះឆ្នោតចំនួន ៦៩២នាក់ គឺសុទ្ធតែបុរស ដោយមានតែស្ត្រី ២នាក់ប៉ុណ្ណោះ។ ទាំងមន្ត្រីការិយាល័យបោះឆ្នោត និងអ្នកសង្កេតការណ៍របស់អង្គការក្រៅរដ្ឋាភិបាល និងអ្នកសង្កេតការណ៍របស់គណបក្សនយោបាយ បានអះអាងដូចគ្នាថា ការិយាល័យបោះឆ្នោតនេះ គឺទើបតែបង្កើតថ្មី ហើយអ្នកដែលទៅបោះឆ្នោតមិនមែនជាប្រជាពលរដ្ឋក្នុងភូមិគោកកណ្ដាល ទេ គឺសុទ្ធតែជាទាហានដែលគេដឹកជញ្ជូនមកពីខេត្តព្រះវិហារ៕
No comments:
Post a Comment
yes