គណបក្សសង្គ្រោះជាតិក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
ដូចដែលក្រុមអ្នកវិភាគបានមើលឃើញជាស្រេច ភាពវឹកវរក្រោយការបោះឆ្នោតទំនងជាមិនអាចចៀសរួចឡើយ។ ទន្ទឹមនឹងការទាមទារឲ្យមានការស៊ើបអង្កេតអំពីភាពមិនប្រក្រតីនៅពេលបោះឆ្នោត គណបក្សប្រឆាំងអាចនឹងធ្វើបាតុកម្មដើម្បីបង្ខំឲ្យគណបក្សកាន់អំណាចទទួលយកសំណើរបស់ខ្លួន។ ប្រសិនបើមានបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតកើតឡើងមែន ភាពវឹកវរអាចនឹងកើតឡើងធ្ងន់ធ្ងរដែលបង្កឲ្យមានការភ័យខ្លាចជាថ្មីដល់មហាជនទូទៅ។ តើគេអាចបញ្ចៀសស្ថានភាពវឹកវរក្រោយការបោះឆ្នោតបានដែរឬទេ?
យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលពេញមួយខែដែលបានប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេងបានបិទបញ្ចប់ក្នុងបរិយាកាសល្អប្រសើរជាទូទៅ។ ចំណែកឯថ្ងៃបោះឆ្នោតក៏បានបញ្ចប់ទៅក្នុងបរិយាកាសសន្តិភាពដែរបើទោះបីជាមានបញ្ហាខ្លះៗបានកើតឡើងក្នុងអំឡុងពេលនោះក៏ដោយ។ នេះជាអ្វីដែលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានមើលឃើញនិងបានកោតសរសើរដោយចាត់ទុកថាជាសញ្ញាវិជ្ជមានគួរឲ្យលើកទឹកចិត្តសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប៉ុន្តែ ចំណោទស្តីពីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃដំណើរការបោះឆ្នោតនៅតែជាបញ្ហាដ៏ចម្រូងចម្រាសមួយដែលជានិច្ចកាលតែងបានក្លាយជាដើមចមនៃភាពវឹកវរនៅក្រោយការបោះឆ្នោត។ ការបដិសេធលទ្ធផលនៃការបោះឆ្នោតស្ទើរតែបានក្លាយជាវប្បធម៌មួយទៅហើយ។ ដូច្នេះ ការបោះឆ្នោតលើកនេះក៏មិនមែនជារឿងចម្លែកដែរដែលបញ្ហាដដែលនេះកើតឡើង។ មូលហេតុដែលនាំឲ្យកើតបញ្ហាវឹកវរក្រោយបោះឆ្នោតនៅតែដដែលទេ គឺការមិនទុកចិត្តទៅលើយន្តការរៀបចំការបោះឆ្នោត និងចរិតមិនទទួលស្គាល់លទ្ធផលចាញ់របស់អ្នកនយោបាយខ្មែរ។
លើកនេះ ប្រសិនបើភាពវឹកវរកើតឡើងដោយមិនអាចចៀសវាងបាន វាប្រហែលជាមានទំហំធំធេងពិបាកគ្រប់គ្រងជាងលើកមុនៗទៅទៀត។ ពិបាកនៅត្រង់ថា ទន្ទឹមនឹងសន្ទុះនៃការគាំទ្របក្សប្រឆាំងបានកើនឡើងយ៉ាងខ្លាំង សន្ទុះទឹកចិត្តពុះកញ្ជ្រោលរបស់ពួកគេជាពិសេសគឺក្រុមយុវជនតែម្តងងាយនឹងឈានដល់អំពើហិង្សាណាស់។ ឧប្បទ្ទវហេតុមួយចំនួនដែលបានកើតឡើងក្នុងពេលឃោសនា និងពេលបោះឆ្នោតកន្លងទៅគឺជាឧទាហរណ៍ស្រាប់។
ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយបានមើលឃើញថា នៅពេលនេះអ្នកគាំទ្រគណបក្សប្រឆាំង បន្ទាប់ពីបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិហើយ ពួកគេក៏កំពុងដាក់សម្ពាធទៅលើគណបក្សនេះឲ្យបន្តការតវ៉ារហូតដល់ទីបញ្ចប់ពីព្រោះគោលដៅរបស់ពួកគេគឺការផ្លាស់ប្តូរ។ ដូច្នេះ ជ័យជំនះរបស់គណបក្សកាន់អំណាចគឺជាការខកចិត្តរបស់ពួកគេ បើទោះបីជាគណបក្សសង្គ្រោះជាតិបានទទួលសំឡេងគាំទ្រយ៉ាងច្រើនក៏ដោយ។ ភាពពុះកញ្ជ្រោលនៃអ្នកគាំទ្រគណបក្សសង្គ្រោះជាតិគឺជាសម្ពាធដាក់ទៅលើមេដឹកនាំគណបក្សនេះមិនឲ្យបន្ថយដៃក្នុងការតវ៉ានោះឡើយ។
ងាកទៅមើលគណបក្សកាន់អំណាចវិញ ការបាត់បង់កៅអីដល់ទៅជាង ២០ នៅក្នុងរដ្ឋសភាគឺជាបរាជ័យដ៏ធំធេងមួយបើទោះបីជាគណបក្សនេះនៅតែអាចបន្តការគ្រប់គ្រងអំណាចដដែលក៏ដោយ។ នៅចំពោះមុខស្ថានភាពបែបនេះ ប្រាកដណាស់ថា ការធ្វើសម្បទានណាមួយជាមួយបក្សប្រឆាំងទំនងជារឿងដែលពិបាកសង្ឃឹមណាស់។
ដូច្នេះ នៅពេលដែលភាគីម្ខាងៗស្ថិតនៅក្នុងស្ថានភាពក្រពុលមុខរៀងៗខ្លួន បញ្ហាមិនងាយនឹងដោះស្រាយបានឡើយ ផ្ទុយទៅវិញ ជម្លោះបែកផ្សែងដែលនាំដល់អំពើហិង្សាងាយនឹងកើតមានគ្រប់ពេលវេលា។ សូមកុំភ្លេចថាអំណឹះតទៅ មានគណបក្សតែពីរគត់ដែលត្រូវតទល់គ្នាមួយទល់នឹងមួយនៅក្នុងរដ្ឋសភា។
ដូច្នេះ នេះពិតជាដំណាក់កាលដ៏សំខាន់មួយក្នុងការសាកល្បងអំពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់អ្នកនយោបាយខ្មែរ។ ភាពចាស់ទុំដែលជាកត្តាកំណត់អំពីជោគវាសនារបស់ប្រទេសកម្ពុជាទាំងមូល។ ឥឡូវនេះ អ្វីដែលជាសញ្ញាល្អនោះគឺ តុល្យភាពអំណាចនៅក្នុងសភា ពោលគឺគណបក្សកាន់អំណាច និងបក្សប្រឆាំងមានកម្លាំងប្រហាក់ប្រហែលគ្នាដែលអាចធ្វើឲ្យរដ្ឋសភាមានលំនឹងនយោបាយ។
ប៉ុន្តែ តុល្យភាពក្នុងសភានឹងមានប្រយោជន៍ប្រសិនបើគណបក្សនីមួយៗប្រើប្រាស់វាឲ្យចំគោលដៅពោលគឺដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ តុល្យភាពអំណាចនៅក្នុងរដ្ឋសភាងាយនឹងបង្កឲ្យមានការជាប់គាំងនយោបាយដោះស្រាយមិនចេញប្រសិនបើគេប្រើវាដើម្បីតែការពារផលប្រយោជន៍គណបក្សរៀងៗខ្លួន។
ឥឡូវនេះ កុំថាឡើយដល់ទៅរដ្ឋសភា សូម្បីតែលទ្ធផលបោះឆ្នោតក៏បង្កបញ្ហាបាត់ទៅហើយ។ បក្សប្រឆាំងបដិសេធមិនទទួលស្គាល់លទ្ធផល និងសុំឲ្យមានការស៊ើបអង្កេតដោយគណៈកម្មការចម្រុះឯករាជ្យមួយ។ ប្រសិនបើបក្សកាន់អំណាចបដិសេធ ហើយបាតុកម្មនឹងផ្ទុះឡើងមែននោះគេពិបាកនឹងស្រមៃណាស់ថា នឹងមានអ្វីកើតឡើង។ ដូច្នេះ ពេលនេះមិនមែនជាពេលដែលភាគីនីមួយៗត្រូវពាក់មុខយក្សដាក់គ្នាឡើយ តែជាពេលវេលាដែលត្រូវជជែកពិភាក្សាគ្នារកដំណោះស្រាយនិងត្រូវប្រើភាពទន់ភ្លន់ដាក់គ្នាឲ្យបានច្រើនបំផុត។
ពិតណាស់ថា នេះជាស្ថានភាពដ៏លំបាកពីព្រោះថាភាគីនីមួយៗកំពុងក្រពុលមុខ ប៉ុន្តែ សម្រាប់អ្នកនយោបាយ បញ្ហាប៉ុណ្ណោះវាមិនមែនធំដុំពេករហូតដល់ដោះស្រាយមិនចេញនោះឡើយ។ ផ្ទុយទៅវិញ ការបណ្តែតបណ្តោយឲ្យភាពវឹកវរកើតឡើង វានឹងបង្កផលវិបាកធំធេងជាងនេះឆ្ងាយណាស់៕
No comments:
Post a Comment
yes