សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 31, 2013

សញ្ញានៃភាពវឹកវរក្រោយការបោះឆ្នោតកើតឡើងជាថ្មី

គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

ដូច​ដែល​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ជា​ស្រេច​ ភាព​វឹកវរ​ក្រោយ​ការបោះឆ្នោត​ទំនង​ជា​មិន​អាច​ចៀស​រួច​ឡើយ។ ​ទន្ទឹម​នឹង​ការ​ទាមទារ​ឲ្យ​មាន​ការស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​នៅ​ពេល​​បោះឆ្នោត​ គណបក្ស​ប្រឆាំង​អាច​នឹង​ធ្វើ​បាតុកម្ម​ដើម្បី​បង្ខំ​ឲ្យ​គណបក្ស​កាន់អំណាច​ទទួល​យក​​សំណើ​របស់​ខ្លួន។​ ប្រសិន​បើ​មាន​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​កើត​ឡើង​មែន​ ភាព​វឹកវរ​​អាច​នឹង​កើត​ឡើង​ធ្ងន់ធ្ងរ​ដែល​បង្ក​ឲ្យ​មាន​ការភ័យ​ខ្លាច​ជាថ្មី​ដល់​មហាជន​ទូទៅ។ ​តើ​គេអាច​បញ្ចៀស​ស្ថានភាព​វឹកវរ​ក្រោយការ​បោះឆ្នោត​បាន​ដែរ​ឬ​ទេ? ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល​ពេញ​មួយ​ខែ​​ដែល​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​គគ្រឹក​​គគ្រេង​​​បាន​បិទ​បញ្ចប់​​ក្នុង​បរិយាកាស​ល្អ​ប្រសើរ​ជា​ទូទៅ។ ​ចំណែក​ឯ​ថ្ងៃ​បោះឆ្នោត​ក៏​បាន​បញ្ចប់​ទៅ​ក្នុង​បរិយាកាស​សន្តិភាព​ដែរ​បើ​ទោះបី​ជា​មា​ន​បញ្ហា​ខ្លះៗ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នោះ​ក៏ដោយ។​ នេះ​ជា​អ្វី​ដែល​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​​បាន​មើល​ឃើញ​និង​បាន​កោត​សរសើរ​​ដោយ​ចាត់​ទុក​ថា​ជា​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​លើក​ទឹកចិត្ត​សម្រាប់​ដំណើរការ​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​


 
ប៉ុន្តែ ​ចំណោទ​ស្តីពី​ភាព​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នៃ​ដំណើរការ​បោះឆ្នោត​នៅ​តែ​ជា​បញ្ហា​ដ៏ចម្រូង​ចម្រាស​​មួយ​ដែល​ជានិច្ចកាល​តែង​បាន​ក្លាយជា​ដើមចម​នៃ​ភាព​វឹកវរ​​​នៅ​ក្រោយការ​បោះឆ្នោត។ ​ការបដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​ស្ទើរតែ​បាន​ក្លាយ​ជា​វប្បធម៌​មួយ​ទៅ​ហើយ។​ ដូច្នេះ ​ការបោះឆ្នោត​លើក​នេះ​ក៏​មិន​មែន​ជារឿង​ចម្លែក​ដែរ​ដែល​បញ្ហា​ដដែល​នេះ​កើត​ឡើង​។ មូលហេតុ​ដែល​នាំ​ឲ្យ​កើត​បញ្ហា​វឹកវរ​ក្រោយ​បោះឆ្នោត​នៅ​តែ​ដដែល​ទេ​​ គឺ​ការ​​មិន​​ទុក​ចិត្ត​​ទៅលើ​​យន្តការ​​រៀបចំ​​ការបោះឆ្នោត ​និង​ចរិត​​មិន​​ទទួល​​ស្គាល់​​​លទ្ធផល​​ចាញ់​​​របស់​​អ្នក​នយោបាយ​​​ខ្មែរ។​
 
លើកនេះ ប្រសិន​បើ​ភាព​វឹកវរ​កើត​ឡើង​ដោយ​មិន​អាច​ចៀសវាង​បាន ​វា​ប្រហែល​ជា​មាន​ទំហំ​ធំ​ធេង​​ពិបាក​គ្រប់គ្រង​ជាង​​លើក​មុនៗ​ទៅ​ទៀត។ ​ពិបាក​នៅ​ត្រង់​ថា​ ទន្ទឹម​នឹង​សន្ទុះ​នៃ​ការ​គាំទ្របក្ស​ប្រឆាំង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ សន្ទុះ​ទឹក​ចិត្ត​ពុះកញ្ជ្រោល​របស់​ពួកគេ​ជា​ពិសេស​គឺ​ក្រុម​យុវជន​តែម្តង​ងាយ​នឹង​ឈាន​ដល់​អំពើ​ហិង្សា​ណាស់។​ ឧប្បទ្ទវហេតុ​​មួយចំនួន​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ឃោសនា​ និង​ពេល​បោះឆ្នោត​កន្លងទៅ​គឺ​ជា​ឧទាហរណ៍​ស្រាប់។​
 
ក្រុម​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​បាន​មើល​ឃើញ​ថា​ នៅ​ពេល​នេះ​អ្នកគាំទ្រ​គណបក្ស​​ប្រឆាំង​ បន្ទាប់ពី​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ហើយ​ ពួកគេ​ក៏​កំពុង​ដាក់​សម្ពាធ​​ទៅ​លើ​គណបក្ស​នេះ​ឲ្យ​បន្តការ​តវ៉ា​រហូត​ដល់​ទី​បញ្ចប់​ពីព្រោះ​គោលដៅ​របស់​ពួកគេ​គឺ​​ការ​ផ្លាស់ប្តូរ។​ ដូច្នេះ ​ជ័យជំនះ​របស់​​គណបក្ស​កាន់​អំណាច​គឺ​ជា​ការ​ខកចិត្ត​របស់​ពួកគេ ​បើទោះបី​ជា​​គណបក្ស​សង្គ្រោះជាតិ​បាន​ទទួល​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​ក៏ដោយ។ ​ភាព​ពុះកញ្ជ្រោល​នៃ​អ្នកគាំទ្រ​​គណបក្ស​សង្គ្រោះជាតិ​គឺជា​សម្ពាធ​ដាក់​ទៅលើ​មេដឹកនាំ​គណបក្ស​នេះ​មិន​ឲ្យ​បន្ថយ​ដៃ​​ក្នុង​ការ​តវ៉ា​នោះ​ឡើយ។​
 
ងាក​ទៅ​មើល​គណបក្ស​កាន់អំណាច​វិញ​ ការ​បាត់បង់​កៅអី​ដល់​ទៅ​ជាង​ ២០​ នៅ​ក្នុង​រដ្ឋសភា​គឺជា​បរាជ័យ​ដ៏​ធំធេង​មួយ​បើទោះបី​ជា​គណបក្ស​នេះ​នៅ​តែ​អាច​បន្ត​ការគ្រប់គ្រង​អំណាច​ដដែល​​ក៏ដោយ។​ នៅ​ចំពោះ​មុខ​ស្ថានភាព​បែប​នេះ​ ប្រាកដ​ណាស់​ថា​ ការ​ធ្វើ​សម្បទាន​ណាមួយ​ជាមួយ​បក្ស​ប្រឆាំង​​ទំនង​​​ជារឿង​ដែល​ពិបាក​សង្ឃឹម​ណាស់។
 
​ដូច្នេះ​ នៅ​ពេល​ដែល​ភាគី​ម្ខាង​ៗ​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រពុល​មុខ​រៀងៗ​ខ្លួន​ បញ្ហា​មិន​ងាយ​នឹង​ដោះស្រាយ​បាន​ឡើយ​ ផ្ទុយ​ទៅ​វិញ ​ជម្លោះ​បែក​ផ្សែង​ដែល​នាំដល់​អំពើ​ហិង្សា​ងាយ​នឹង​កើត​មាន​គ្រប់​ពេល​វេលា។ ​សូម​កុំ​ភ្លេច​ថា​អំណឹះ​តទៅ ​មាន​គណបក្ស​តែ​ពីរ​គត់​ដែល​ត្រូវ​តទល់​គ្នា​មួយ​ទល់​នឹង​មួយ​នៅ​ក្នុង​រដ្ឋសភា។​
 
ដូច្នេះ​ នេះ​ពិត​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ​ក្នុង​ការសាកល្បង​អំពី​ភាព​ចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​របស់​អ្នកនយោបាយ​ខ្មែរ។​ ភាព​ចាស់ទុំ​ដែល​ជា​កត្តាកំណត់​​អំពី​ជោគវាសនា​របស់​​ប្រទេស​​កម្ពុជា​ទាំងមូល។ ​ឥឡូវ​នេះ​ អ្វី​ដែល​ជា​សញ្ញា​ល្អ​នោះ​គឺ​ តុល្យភាព​អំណាច​​​នៅក្នុង​សភា ​ពោលគឺ​គណបក្ស​កាន់អំណាច​ និង​បក្ស​ប្រឆាំង​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​ដែល​អាច​ធ្វើ​ឲ្យ​​រដ្ឋសភា​មាន​លំនឹង​នយោបាយ។​
 
ប៉ុន្តែ ​តុល្យភាព​ក្នុង​សភា​នឹង​មាន​ប្រយោជន៍​ប្រសិន​បើ​គណបក្ស​​នីមួយៗ​ប្រើប្រាស់​វា​ឲ្យ​ចំគោលដៅ​ពោលគឺ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ។ ​ផ្ទុយ​ទៅ​វិញ ​តុល្យភាព​អំណាច​នៅ​ក្នុង​រដ្ឋសភា​ងាយ​នឹង​បង្ក​ឲ្យ​មាន​ការជាប់​គាំងនយោបាយ​ដោះស្រាយ​មិន​ចេញ​ប្រសិន​បើ​គេ​ប្រើ​វា​ដើម្បី​តែ​ការពារ​ផលប្រយោជន៍​គណបក្សរៀងៗ​ខ្លួន។​
 
ឥឡូវ​នេះ ​កុំថា​ឡើយ​ដល់​ទៅ​រដ្ឋសភា​ សូម្បី​តែ​លទ្ធផល​បោះឆ្នោត​ក៏​បង្ក​បញ្ហា​បាត់​ទៅ​ហើយ។​ បក្ស​ប្រឆាំង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ និង​សុំ​ឲ្យ​មាន​ការស៊ើប​អង្កេត​ដោយ​គណៈកម្មការ​​ចម្រុះ​ឯករាជ្យ​មួយ។ ​ប្រសិន​បើ​បក្ស​កាន់អំណាច​បដិសេធ​ ហើយ​បាតុកម្ម​នឹង​ផ្ទុះឡើង​មែន​នោះ​​គេ​ពិបាក​នឹង​ស្រមៃ​ណាស់​ថា ​នឹង​មាន​អ្វី​កើត​ឡើង។ ​ដូច្នេះ ​ពេល​នេះ​មិន​មែន​ជា​ពេលដែល​​ភាគី​នីមួយៗ​ត្រូវ​ពាក់មុខ​យក្ស​ដាក់​គ្នា​ឡើយ​ តែ​ជា​ពេល​វេលា​ដែល​ត្រូវ​ជជែក​ពិភាក្សា​គ្នារក​ដំណោះស្រាយ​និង​ត្រូវ​ប្រើ​ភាព​ទន់ភ្លន់​ដាក់​គ្នា​ឲ្យ​បាន​ច្រើន​បំផុត។​
 
ពិត​ណាស់​ថា​ នេះ​ជា​ស្ថានភាព​ដ៏​លំបាក​ពីព្រោះ​​ថា​ភាគី​នីមួយៗ​កំពុង​ក្រពុល​មុខ​ ប៉ុន្តែ​ សម្រាប់​អ្នកនយោបាយ​ បញ្ហា​ប៉ុណ្ណោះវា​មិន​មែន​​ធំដុំ​ពេក​រហូត​ដល់​ដោះស្រាយ​មិន​ចេញ​នោះ​ឡើយ។​ ផ្ទុយ​ទៅ​វិញ ​ការបណ្តែត​បណ្តោយ​ឲ្យ​ភាព​វឹកវរ​កើត​ឡើង​ វា​នឹង​បង្ក​ផលវិបាក​ធំធេង​ជាង​នេះ​ឆ្ងាយណាស់៕​​ 

No comments:

Post a Comment

yes