២៨-កក្កដា-២០១៣៖ ជំនួយការការិយាល័យបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយ
ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតក្នុងដបទឹកខ្មៅ
ស្របពេលដែលលទ្ធផលបោះឆ្នោតនីតិកាលទី៥ នៅមានភាពចម្រូងចម្រាសនៅឡើយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បានចេញផ្សាយរបាយការណ៍បន្ទាន់មួយ ស្ដីពីការបន្លំសន្លឹកឆ្នោតដែលមានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោតកាលពីថ្ងៃ២៨ កក្កដា ដែលរៀបចំឡើងដោយគណបក្សប្រជាជន សហការជាមួយក្រសួងមហាផ្ទៃ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បានចេញរបាយការណ៍បន្ទាន់មួយនៅថ្ងៃទី៣១ កក្កដា បង្ហាញថា គណបក្សប្រជាជនកម្ពុជា មានពាក់ព័ន្ធនឹងការបង្កើតឲ្យមានភាពមិនប្រក្រតីមានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។របាយការណ៍នេះរៀបរាប់អំពីករណីក្លែងបន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងខេត្តមួយចំនួន ហើយថែមទាំងមានពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនបម្រើការក្នុងជួររដ្ឋាភិបាលទៀតផង។
អង្គការនេះបានស៊ើបអង្កេតឃើញថា មន្ត្រីជាន់ខ្ពស់បម្រើការឲ្យគណបក្សកាន់អំណាច មានការពាក់ព័ន្ធនឹងការចេញឯកសារក្លែងក្លាយ និងបានរៀបចំឲ្យអ្នកបោះឆ្នោតមួយចំនួនអាចបោះឆ្នោតបានច្រើនកន្លែង។
មេភូមិម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានផ្ដល់បទសម្ភាសន៍ដល់អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ ដោយបង្ហាញពីរបៀបដែលអាជ្ញាធរមូលដ្ឋានរបស់គាត់ក្លែងបន្លំឯកសារបញ្ជាក់អត្តសញ្ញាណដល់អ្នកបោះឆ្នោត។ ឯកសារនេះអាចឲ្យអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបោះឆ្នោតបាន ទោះបីជាមិនមានឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ក៏ដោយ។
កិច្ចការនោះមានលក្ខណៈជាប្រព័ន្ធ ដោយក្រុមការងារថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ត្រូវបានគ្រប់គ្រងដោយមេបញ្ជាការយោធាម្នាក់ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សម្នាក់ ហើយមន្ត្រីថ្នាក់មូលដ្ឋានត្រូវធ្វើការក្រោមបង្គាប់របស់ពួកគេ។
កិច្ចការនោះមានលក្ខណៈជាប្រព័ន្ធ ដោយក្រុមការងារថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ត្រូវបានគ្រប់គ្រងដោយមេបញ្ជាការយោធាម្នាក់ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សម្នាក់ ហើយមន្ត្រីថ្នាក់មូលដ្ឋានត្រូវធ្វើការក្រោមបង្គាប់របស់ពួកគេ។
របាយការណ៍របស់អង្គការនោះបានបន្តទៀតថា សមាជិកម្នាក់ក្នុងក្រុមការងារថ្នាក់មជ្ឈិមនោះបានចាត់ចែងប្រមូលទាហានពីបញ្ជាការដ្ឋានមួយក្នុងខេត្ត រួមទាំងភរិយារបស់ពួកគេ ឲ្យមកថតរូប ហើយបន្ទាប់មកសាលាឃុំ និងមន្ត្រីដែលធ្វើការនៅក្រសួងមហាផ្ទៃ ចេញឯកសារទាំងនោះឲ្យពួកគេដើម្បីអាចទៅបោះឆ្នោតបាន។
មានករណីមិនប្រក្រតីមួយទៀត បានកើតឡើងនៅក្នុងឃុំគគីរធំ ខេត្តកណ្ដាល ដែលមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា អាចបោះឆ្នោតបានច្រើនកន្លែង។ នៅថ្ងៃបោះឆ្នោត អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះបានសម្ភាសប្រជាពលរដ្ឋជាច្រើនដែលរស់នៅទីនោះ ហើយអ្នកភូមិទាំងនោះបានឲ្យដឹងថា លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមទាំងលោក ហេង សិក្សា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងសមាជិកដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា បាននាំគ្នាទៅបោះឆ្នោតនៅទីនោះ។
លោក ង៉ោ សុវណ្ណ ត្រូវបានរកឃើញថា មានឈ្មោះបោះឆ្នោតរហូតដល់ទៅ ៣កន្លែង។ ទី១ នៅរាជធានីភ្នំពេញ ទី២ នៅខេត្តកណ្ដាល និងទី៣ នៅខេត្តស្វាយរៀង ហើយលោកក៏ជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តកណ្ដាល ផងដែរ។
ចំណែកលោក ហេង សិក្សា ដែលអមដំណើរលោក ង៉ោ សុវណ្ណ ទៅបោះឆ្នោតនៅឃុំនោះ ក៏មានឈ្មោះបោះឆ្នោតមិនតិចដែរ។ លោកមានឈ្មោះបោះឆ្នោតនៅភ្នំពេញ មួយ និងនៅខេត្តកណ្ដាល មួយ។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់គេហទំព័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អ្នកភូមិដែលមើលឃើញពីភាពមិនប្រក្រតីនោះបានតវ៉ាប្រឆាំងមិនឲ្យពួកគេបោះឆ្នោត ដោយថា អ្នកទាំងនោះមិនមែនជាប្រជាជនដែលរស់នៅទីនោះទេ តែមន្ត្រីមូលដ្ឋានរៀបចំការបោះឆ្នោតនៅតែអនុញ្ញាតឲ្យពួកគេបោះឆ្នោត។ នៅពេលមានការតវ៉ាពីប្រជាពលរដ្ឋ ពួកគេបានគំរាមចាប់ខ្លួនពលរដ្ឋទាំងនោះ។ ក្រោយពេលការបោះឆ្នោតបានបញ្ចប់ មានប៉ូលិសមួយក្រុមដែលគេហៅថា ប៉ូលិសខ្លាហោះ បានទៅដល់តំបន់នោះ ដើម្បីស្វែងរកមេខ្លោងហ៊ានតវ៉ាប្រឆាំងពួកគេមិនឲ្យបោះឆ្នោត។ ក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ សមាជិកមួយចំនួនក្នុងក្រុមនោះ បានបង្ហាញខ្លួនម្ដងទៀត ដោយមានជនស៊ីវិលម្នាក់ប្រដាប់ដោយអាវុធ គំរាមថា នឹងសម្លាប់អ្នកណាដែលព្យាយាមលាក់បាំងមេខ្លោង។
ចំពោះបញ្ហានេះ លោក ប្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បានមានប្រសាសន៍ក្នុងរបាយការណ៍នោះថា ដោយសារគណៈកម្មាធិការជាតិរៀបចម្ការបោះឆ្នោតស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច ប្រទេសជាម្ចាស់ជំនួយរបស់កម្ពុជា គួរទាមទារឲ្យមានការស៊ើបអង្កេតប្រកបដោយភាពឯករាជអំពីបញ្ហានេះ រួមទាំងភាពមិនប្រក្រតីដទៃទៀតដែលទាក់ទងនឹងការបោះឆ្នោត បើមិនដូច្នេះទេ ប្រជាពលរដ្ឋកម្ពុជា ដែលជាម្ចាស់ឆ្នោតមិនអាចផ្ដល់ទំនុកចិត្តចំពោះភាពស្របច្បាប់នៃការបោះឆ្នោត និងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនេះបានទេ។
យូមែន រ៉ៃថ៍ វ៉ច្ឆ ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតី
នៅក្នុងរបាយការណ៍ស៊ើបអង្កេតដែលចេញផ្សាយនៅក្នុងថ្ងៃ៣១ កក្កដា នេះដែរ នាយកប្រតិបត្តិតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លោក ប្រែដ អាដាម បានទាមទារឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានសង្គមស៊ីវិលឯករាជ្យ និងម្ចាស់ជំនួយ ស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីជឿជាក់បានថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមច្បាប់ និងឈានទៅបង្កើតរដ្ឋាភិបាលថ្មីនាពេលខាងមុខ។
ឆ្លើយតបនឹងការលើកឡើងបែបនេះ អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា មានប្រសាសន៍ថា ចំពោះសំណើរៀបចំអង្គភាពស៊ើបអង្កេតឯករាជ្យមួយដើម្បីអង្កេតទៅលើភាពមិនប្រក្រតីណាមួយទាក់ទងនឹងដំណើរការបោះឆ្នោតនោះ គ.ជ.ប នឹងប្រជុំពិភាក្សាសម្រេចនៅល្ងាចថ្ងៃទី៣១ ខែកក្កដា ហើយនឹងប្រកាសឲ្យដឹងនៅថ្ងៃទី១ ខែសីហា។
គ.ជ.ប និង មន្ត្រីរដ្ឋាភិបាលបដិសេធ
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីរដ្ឋាភិបាល ប្រកាសច្រានចោលរបាយការណ៍អង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ នេះ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា គ.ជ.ប មិនអាចទទួលយកបានទេនូវអ្វីដែលបានលើកឡើងថា គ.ជ.ប អាចជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាចក្នុងការបន្លំសន្លឹកឆ្នោតនោះ ហើយរាល់ចំណុចអសកម្មទាំងឡាយ គ.ជ.ប នឹងដោះស្រាយតាមពាក្យបណ្ដឹងពីពលរដ្ឋប៉ុណ្ណោះ មិនមែនដោះស្រាយតាមរបាយការណ៍របស់ យូមែន រ៉ៃថ័ វ៉ច្ឆ ទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ង៉ោ សុវណ្ណ និងលោក ហេង សិក្សា ដើម្បីសុំការបំភ្លឺបានទេ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។
តែទោះជាយ៉ាងណាក្តី មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការដោះស្រាយបណ្ដឹង និងភាពមិនប្រក្រតីផ្សេងៗជាបន្ទុករបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបន្តថា អង្គការអន្តរជាតិគួរទុកឱកាសឲ្យពលរដ្ឋខ្មែរដោះស្រាយបញ្ហាខ្មែរនិងខ្មែរ ដើម្បីធានាឯករាជភាព និងការផ្សះផ្សាជាតិខ្មែរ ហើយបុគ្គល ប្រែដ អាដាម មិនគួរមើលខ្មែរតែផ្លូវអាក្រក់នោះទេ។
លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានជំហរដោះស្រាយបញ្ហាមិនប្រក្រតីទាំងនេះរួមគ្នាជាមួយបក្សប្រឆាំងថែមទៀតផង៖ «គួរតែ ប្រែដ អាដាម ហ្នឹងវាយតម្លៃខ្ពស់ពីបរិយាកាសល្អរវាងគណបក្សប្រឆាំងនិងគណបក្សកាន់អំណាច ជាពិសេសថ្មីៗនេះ សម្រេច ហ៊ុន សែន លោករៀបចំគណៈកម្មការមួយដើម្បីជជែកគ្នាជាមួយគណបក្សប្រឆាំងថែមទៀត។ មានតែគណបក្សនយោបាយដែលជាប់ពាក់ព័ន្ធទេ ដែលអាចប្ដឹងផ្ដល់ ឬតវ៉ាបានដើម្បីឲ្យ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយ។ ការិយាយ ឬអុចអាលរបស់ ប្រែដ អាដាម មិនអាចយកជាការបានទេ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតជាបណ្ដោះអាសន្ននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣។ ក្នុងនោះ គណបក្សកាន់អំណាច និងគណបក្សប្រឆាំងសុទ្ធតែបានបញ្ជាក់ពីជ័យជម្នះរៀងៗខ្លួន។ ប៉ុន្តែក្នុងអំឡុងពេលបោះឆ្នោតនៅមានភាពមិនប្រក្រតីជាច្រើន ដែលពលរដ្ឋធ្វើការតវ៉ាទាក់ទងនឹងការបាត់ឈ្មោះចេញពីបញ្ជីបោះឆ្នោត ឈ្មោះស្ទួន វៀតណាមចូលបោះឆ្នោត ទឹកថ្នាំជ្រលក់ដៃលុបជ្រះជាដើម។
សង្គមស៊ីវិលបញ្ជាក់ថា ការបាត់ឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត និងជនបរទេសចូលបោះឆ្នោតនេះហើយដែលធ្វើឲ្យកើតមានអំពើហិង្សារហូតដល់ពលរដ្ឋខឹងសម្បា ហើយដុតរថយន្តប៉េអឹមនៅការិយាល័យបោះឆ្នោតស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ពលរដ្ឋនៅស្វាយរៀងមិនស្គាល់លោក ង៉ោ សុវណ្ណ
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លើកឡើងថា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ង៉ោ សុវណ្ណ មានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បីកន្លែង គឺនៅភ្នំពេញ ខេត្តកណ្ដាល និងនៅខេត្តស្វាយរៀង។
នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតមួយរបស់ គ.ជ.ប បង្ហាញឈ្មោះលោក ង៉ោ សុវណ្ណ នៅក្នុងការិយាល័យបោះឆ្នោតបឋមសិក្សាក្រោលគោ នៅខេត្តស្វាយរៀង។ ប៉ុន្តែប្រជាពលរដ្ឋរស់នៅភូមិធ្លក ឃុំក្រោលគោ ខេត្តស្វាយរៀង បានឲ្យដឹងថា ពួកគាត់ពុំដែលស្គាល់រូបលោក ង៉ោ សុវណ្ណ នោះឡើយ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ហ៊ុំ ចំរើន ពីខេត្តស្វាយរៀង៖
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លើកឡើងថា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ង៉ោ សុវណ្ណ មានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បីកន្លែង គឺនៅភ្នំពេញ ខេត្តកណ្ដាល និងនៅខេត្តស្វាយរៀង។
នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតមួយរបស់ គ.ជ.ប បង្ហាញឈ្មោះលោក ង៉ោ សុវណ្ណ នៅក្នុងការិយាល័យបោះឆ្នោតបឋមសិក្សាក្រោលគោ នៅខេត្តស្វាយរៀង។ ប៉ុន្តែប្រជាពលរដ្ឋរស់នៅភូមិធ្លក ឃុំក្រោលគោ ខេត្តស្វាយរៀង បានឲ្យដឹងថា ពួកគាត់ពុំដែលស្គាល់រូបលោក ង៉ោ សុវណ្ណ នោះឡើយ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ហ៊ុំ ចំរើន ពីខេត្តស្វាយរៀង៖
No comments:
Post a Comment
yes