នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣នេះ ឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងសហការីមួយចំនួនមានកិត្ដិយស បានចូលគាល់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រះបរមរាជវាំង ។
នេះគឺជាលើកដំបូងហើយដែលឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាព បានជួបព្រះភក្ដ្រសម្ដេចម៉ែ និងសម្ដេចព្រះមហាក្សត្រនៅព្រះបរមរាជវាំង បន្ទាប់ពីឯកឧត្ដមបានធ្វើមាតុភូមិនិវត្ដន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ។
ក្រៅពីបានចូលគាល់សម្ដេចម៉ែ និងសម្ដេចព្រះមហាក្សត្រនៅព្រះបរមរាជវាំងនោះ ឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម កឹម សុខា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ព្រមទាំងសហការី ក៏បានអញ្ជើញចូលគោរព ព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋផងដែរ ដែលការចូលគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរម រតនកោដ្ឋនេះ ឯកឧត្ដម សម រង្ស៊ី បានស្នើសុំតាំងពីឯកឧត្ដមនិរទេសខ្លួននៅឯបរទេស ខណៈព្រះបរមសព ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានដង្ហែមកដល់ព្រះបរមរាជវាំង បន្ទាប់ពីព្រះអង្គបានយាងចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងមកម្ល៉េះ ប៉ុន្ដែត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខមិនអនុញ្ញាត ៕
No comments:
Post a Comment
yes