សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 28, 2013

រដ្ឋាភិបាល​ព្រមាន​បង្ក្រាប​បាតុកម្ម​របស់​បក្ស​ប្រឆាំង

130828_4
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងពិធីជួបជុំមួយ 
នៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃចន្ទ
មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​​ធ្វើ​ការ​ព្រមាន​​ កាល​ពី​ម្សិល​មិញ​ថា រដ្ឋាភិ​បា​​ល​នឹង​មិន​អត់​ឱនឲ្យ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ឡើយ ក្នុង​ករណី​ដែល​ពួក​គេ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ក្នុង​បំណង​ផ្តួល​រលំ​រដ្ឋាភិបាល​។
ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​កាល​​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេសប្រសិន​បើ​គណបក្ស​ប្រជាជន មិន​ព្រម​សហការ​ ដើម្បី​បង្កើត​គណៈ​កម្មការ​ឯក​រាជ្យ​មួយដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រ​តី​​នៃ​លទ្ធផល​បោះ​ឆ្នោត​បឋម​ដែល​គណ​បក្ស​នេះ​និយាយ​ថា មាន​ការ​លួចបន្លំ​ជា​ទូទៅ​ទេ​នោះ​។
លោក ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញថា រដ្ឋាភិ​បាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បាន​នាំ​មក​នូវ​សមិទ្ធផល​ជា​ច្រើន​ ​រួម​ទាំង​ស្ថិរភាព និង​សន្តិ​ភាព​ជូន​ប្រជា​ជន​។ លោក​បាន​លើក​ឡើង​ថា ​លោក សម រង្ស៊ី និង​លោក កឹម សុខា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​ប្រកាស​​ថា​ និង​ជំរុញ​ប្រជា​ជន​ធ្វើ​មហា​បាតុកម្មដើម្បី​ផ្លាស់ប្តូរ​នៅ​​ក្នុង​ឆ្នាំ ២០១៣ នេះ​ឲ្យ​បាន​ជា​ដាច់​ខាត​។ ​​លោក​ខៀវ សុភ័គ បាន​បញ្ជាក់​ថា រដ្ឋាភិបាល ​​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ បំផ្លាញ​សមិទ្ធផល​ទាំង​អស់​នេះ​ទេ។

លោក​បាន​ថ្លែង​ទៀត​ថា៖ «​ក្នុង​ករណី​គាត់​របូត​មាត់​ដូច​លើក​មុនគាត់​ត្រូវ​តែ​កាត់​​បន្ថយ​​។ គ្រា​ន់​តែ​ធ្វើ​បាតុកម្ម​ធម្មតា​មិន​អី​ទេ តែ​កុំ​ធ្វើ​បាតុកម្ម​ផ្តួល​រលំ​រដ្ឋាភិបា​ល។ គ្មាន​អ្នក​ណា​ចង់​​មាន​បាតុកម្ម​ផ្តួល​រលំ​រដ្ឋាភិបាល​ទេ​ ព្រោះ​វា​ប៉ះពាល់​ដល់​​ការ​រស់​នៅ​របស់​​មនុស្ស​ទាំង​អស់ និង​ប៉ះពាល់​ដល់​សន្តិ​សុខ​​ជាតិ​។ យើង​មិន​​អនុញ្ញាត​ឲ្យ​ជន​ណា​ម្នាក់​​បំផ្លាញ​សមិទ្ធផល​របស់​ជាតិ​ទេ​»។
លោក ខៀវ សុភ័គ​ ​បាន​​លើក​ឡើង​ថា លោក សម រង្ស៊ី ប្រធាន និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស​ដើម្បី​ផ្លាស់​ប្តូរ​ក្នុង​​ឆ្នាំ ២០១៣ នេះ​។
លោក សុភ័គ បាន​​សួរ​ថា​ តើ​លោក សម រង្ស៊ី និង​​លោក កឹម សុខា ចង់​ធ្វើ​របៀប​ណា​? ​​វា​មាន​ចែង​ក្នុង​ច្បាប់ ឬ​អត់? លោក​​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​ មានឯក​សារ​រួច​ហើយ​ ទាក់​ទង​​នឹង​ការ​ប្រកាស​ធ្វើ​​មហា​បាតុកម្ម និង​​ថា ឯក​សារ​ទាំង​នេះ​ បាន​ផ្សព្វផ្សាយ​ទៅ​សាធារណជន​រួច​ហើយ។ លោក សុភ័គ បាន​សួរ​​ទៀត​ថា​៖ «​តើ​​វា​មាន​ន័យ​យ៉ាង​ម៉េច​? ​ខ្ញុំ​ឆ្ងល់​? គាត់​ចង់​​ធ្វើ​ឲ្យ​ជាតិ​ជួប​បញ្ហា ឬ​ចង់​​កាន់​អំណាច តាម​រយៈ​ការ​ធ្វើ​បាតុកម្ម ដូច​ក្នុង​បណ្តា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា? វា​មិន​អាច​ធ្វើ​ទៅ​រួច​​ទេ។ កម្ពុជា​មិន​អនុញ្ញាត​ឡើយ​»។
ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​​នាំ​ពាក្យ​រូបនេះ​ បាន​បញ្ជាក់​ថា ប្រសិន​​បើ​មេ​​ដឹក​​នាំ​​គណបក្ស​សង្គ្រោះជាតិ​​​ ធ្វើមហា​បាតុកម្ម ក្នុង​​ក្រប​ខ័ណ្ឌ​ច្បាប់ ​ច្បាប់​ត្រូវ​តែ​ការ​ពារ​ពួកគេ ហើយ​ប្រសិន​បើ​​ពួក​គេ​ ធ្វើ​មិន​ស្រប​ច្បាប់ រដ្ឋាភិ​បាល​ត្រូវ​ចាត់​វិធាន​ការ​​ច្បាប់​លើ​ពួកគេ​។
ទោះ​ជា​យ៉ាង​ណា លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ បាន​​​ហៅ​ការ​​ថ្លែង​របស់​លោក ខៀវ សុភ័គ​​ ថា​ជា​លេស​ ដើម្បី​បង្ក្រាប​បាតុ​ករ ហើយ​ចំណាត់​​ការ​នេះ​ គឺ​ខុស​ច្បាប់​។
លោក​ថ្លែង​​​ថា​៖ «​ការ​ធ្វើ​បាតុ​កម្ម គឺ​ដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​កើត​​ឡើង​នៅថ្ងៃ​បោះ​ឆ្នោត ហើយ​ធានា​នូវ​សិទិ្ធ និង​យុតិ្ត​ធម៌​ សម្រាប់​ប្រជា​ជន​។​ពុំ​មាន​អ្នក​ណា​​ម្នាក់​ ប្រើ​ពាក្យ​ផ្តួល​រលំ​ឡើយ​។ គាត់​​ប្រើ​ពាក្យ​នេះ​ ជា​លេស​ដើម្បី​បង្ក្រាប​​លើ​បាតុករ​អហិង្សា​ ប៉ុន្តែ​នេះ​​មិន​មែន​ជា​កំហុស​គាត់​ទេ»។
លោក​ សុខ ទូច ​អ្នក​វិភាគ​នយោបាយ​​ឯក​រាជ្យ បានចាត់​ទុក​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ដើម្បី​​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​​ ​ក្នុង​​ការ​បោះ​ឆ្នោត ​ថា ​​មិន​ខុស​ច្បាប់​ទេ​ ដោយ​លោក​សង្កត់​ធ្ងន់​ថា វា​មិនត្រូវ​បាន​​ហៅ​ថា​ ជា​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​​នោះ​ឡើយ​។
លោក​សុខ​ ទូច បាន​ថ្លែង​ថា​៖​«​ប្រសិន​បើ​ធ្វើ​បាតុកម្ម​​មុន​ការ​បោះ​ឆ្នោត វា​ជា​ការ​ផ្តួល​រលំ​រដ្ឋាភិ​បាល​។ ​ប៉ុន្តែ​បាតុកម្ម​ក្រោយ​​ការ​បោះ​ឆ្នោត​ដែល​គ្មាន​យុតិ្ត​ធម៌ ​វា​មិន​មែន​ជា​ការ​ផ្តួល​រលំ​ទេ ដោយ​សារ​តែ​រដ្ឋាភិបាល​ ជា​រដ្ឋាភិបាល​ចាស់»។ ​
លោក​បាន​បន្ថែម​ថា ​អ្នក​នយោ​បាយ​ ត្រូវ​តែ​​អង្គុយនិង​ពិភាក្សា​​គ្នា​រក​ដំណោះ​ស្រាយ​​ និង​ថា ប្រសិន​បើ​​​មេ​ដឹក​នាំ​គណបក្ស​ប្រជា​ជន និង​គណបក្ស​សង្គ្រោះ​ជាតិ ​ពុំ​បាន​ព្យា​យាមពិភាក្សា​​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​ឲ្យ​​​បាន​ពេញលេញ​​ទេ​ ប៉ុន្តែ​បែ​រជា​ធ្វើ​បាតុកម្មវា​គឺ​​ជា​ការ​ខុស​ច្បាប់​។ ​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណ​បក្ស​ប្រជាជន​ត្រូវ​ព្យា​យា​ម​ដោះស្រាយ​បញ្ហា​៕

No comments:

Post a Comment

yes