សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 7, 2013

អាមេរិក​គាំទ្រ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត

វីល្លៀម ថត ៣០៥
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង] 
ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១២

ខណៈ​ដែល​ប្រទេស​ជា​មិត្ត និង​ជា​ម្ចាស់​ជំនួយ​មួយ​ចំនួន បាន​ផ្ញើ​លិខិត​អបអរសាទរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី ៥​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មិន​ត្រឹម​តែ​មិន​ផ្ញើ​សារ​អបអរសាទរ​លទ្ធផល​ឆ្នោត​ដូច​ប្រទេស​ឯ​ទៀត​ទេ ថែម​ទាំង​សង្ស័យ​ថា ដំណើរ​ការ​បោះ​ឆ្នោត​នេះ​មិន​ប្រក្រតី​ច្រើន ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ លើ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ និង​សុំ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ និង​បាន​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់ គ.ជ.ប។ ការ​គាំទ្រ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដោយ​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ និង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ។

ក្នុង​បទ​អត្ថាធិប្បាយ​ប្រចាំ​សប្ដាហ៍​របស់ លោក លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស ក្នុង​គេហទំព័រ​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៤ សីហា និង​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​ចុះ​ផ្សាយ​បន្ត​នៅ​ក្នុង​កាសែត​រស្មី​កម្ពុជា និង​គេហទំព័រ​ព័ត៌មាន​របស់​ខ្លួន បង្ហាញ​ពី​អារម្មណ៍​របស់​លោក និង​ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។
លោក​បាន​សរសេរ​ថា លោក​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រជាជន​កម្ពុជា ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម និង​ប្រកប​ដោយ​សន្តិភាព ក្នុង​ការ​ជ្រើស​តំណាង​ដែល​ខ្លួន​ពេញ​ចិត្ត។ ហើយ​បាន​បន្ត​ថា ក្នុង​ថ្ងៃ​បោះ​ឆ្នោត គណបក្ស​ទាំងអស់​បាន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អំពាវនាវ​ឲ្យ​ប្រជាជន និង​អ្នក​គាំទ្រ​គណបក្ស​ទាំងអស់​នោះ ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​បរិយាកាស​សន្តិសុខ​មួយ។ តែ​លោក​បាន​បញ្ជាក់​ថា មាន​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត និង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​លើ​ភាព​មិន​ប្រក្រតី​ទាំង​នោះ។
លោក វីល្លៀម ថត៖ «ប្រជាពលរដ្ឋ​គួរ​តែ​មាន​មោទនភាព​ចំពោះ​ការ​បោះ​ឆ្នោត​ជាតិ ដែល​បង្ហាញ​ដល់​ពិភពលោក ស្ដីពី​ការ​ប្រើប្រាស់​សិទ្ធិ​របស់​គេ ក្នុង​ការ​ជ្រើស​រើស​ដោយ​សេរី​នូវ​មន្ត្រី​ដែល​ជាប់​ឆ្នោត​របស់​គេ។ ប៉ុន្តែ ទន្ទឹម​នឹង​នេះ ក៏​មាន​សេចក្តី​រាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​បោះ​ឆ្នោត​ដែរ។ អាស្រ័យ​ហេតុ​នេះ សហរដ្ឋ​អាមេរិក គាំទ្រ​នូវ​ការ​ស៊ើប​អង្កេត​មួយ​ដោយ​ពេញ​លេញ និង​មាន​តម្លាភាព​ស្ដីពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នោះ។ ជាមួយ​នេះ​ផង​ដែរ ដើម្បី​ផ្តល់​ជំនឿ​ចិត្ត​ដល់​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ទៅ​មុខ វា​មាន​សារសំខាន់​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​ការ​កែទម្រង់​ជា​បន្ទាន់ ដើម្បី​កែប្រែ​នូវ​កំហុស​ឆ្គង​ផ្សេងៗ»
ឯកអគ្គរដ្ឋទូត​រូប​នេះ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ស្នើ​កាល​ពី​ឆ្នាំ​ទៅ ដូច​ជា​ការ​កែ​តម្រូវ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ការ​ធ្វើ​ឲ្យ​សកម្មភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មាន​ភាព​ឯករាជ្យ និង​មាន​តម្លាភាព​ជាដើម៖ «ចំណុច​ចាប់​ផ្ដើម​ដ៏​ល្អ រដ្ឋាភិបាល​កម្ពុជា អនុវត្ត​នូវ​អនុសាសន៍​សំខាន់ៗ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស ដូច​ជា​ការ​កែប្រែ​បញ្ជី​អ្នក​បោះ​ឆ្នោត និង​ឲ្យ​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​គ្មាន​ភាព​លម្អៀង និង​មាន​តម្លាភាព​ជាដើម។ គ្រប់​ប្រជាធិបតេយ្យ ត្រូវ​មាន​ការ​វិវឌ្ឍន៍​បន្ត និង​មាន​ការ​លើក​កម្ពស់ ហើយ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​លក្ខណៈ​ដូច​គ្នា​ដែរ»
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តែង​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា មិន​ទាន់​បាន​បំពេញ​ការ​ងារ​ខ្លួន​ដោយ​ឯករាជ្យ និង​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច។ តែ​ការ​ចោទ​ប្រកាន់​ទាំង​នេះ តែង​តែ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បដិសេធ​ថា​ជា​រឿង​មិន​ពិត។
បន្ថែម​ពី​នេះ លោក វីល្លៀម ថត ថា​ការ​បោះ​ឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា នា​ពេល​នេះ បាន​ផ្តល់​នូវ​ឱកាស​ដ៏​ពិសេស និង​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ការ​សម្រេច​បាន​ការ​កែទម្រង់​នយោបាយ​វិជ្ជមាន​ដ៏​សំខាន់។ ក្តី​សង្ឃឹម​របស់​លោក គឺ​ថា អ្នក​ដឹក​នាំ​ដែល​បាន​ជាប់​ឆ្នោត​ថ្មី​របស់​កម្ពុជា នឹង​ឆក់​យក​ឱកាស​នេះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស ធ្វើ​អោយ​ច្បាប់​មាន​លក្ខណៈ​ត្រឹមត្រូវ និង​តម្លាភាព និង​គ្រប់គ្រង​ដើម្បី​ផល​ប្រយោជន៍​ជា​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។
លោក វីល្លៀម ថត៖ «នៅ​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​គ្រប់​គណបក្ស​ទាំងអស់​ដើរ​តួនាទី​ក្នុង​ន័យ​ស្ថាបនា ពេល​នោះ​ប្រទេស​កម្ពុជា នឹង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ប្រសើរ​ជាង​ពេល​ណាៗ​ទាំងអស់ ក្នុង​ការ​បន្ត​ដំណើរ​លើ​ផ្លូវ​របស់​ខ្លួន​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ សន្តិសុខ និង​វិបុល​ភាព»
ដំណើរ​ការ​នៃ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល ដែល​នេះ​ខុស​ពី​ការ​ចង់​បាន​របស់ គ.ជ.ប និង​គណបក្ស​ប្រជាជន ដែល​ចង់​បាន​ត្រឹម​តែ​ភាគី​ខាង គ.ជ.ប ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ខាង​គណបក្ស​ប្រជាជន តែ​ប៉ុណ្ណោះ។
លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ យល់​ថា ការ​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ ព្រោះ​នេះ​ជា​យន្តការ​មួយ​បង្កើត​ឡើង​ដោយ​ច្បាប់៖ «ខ្ញុំ​យល់​ថា ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ ការ​បដិសេធ​ចោល​តួនាទី គ.ជ.ប ព្រោះ​ជា​យន្តការ​មួយ​បង្កើត​ឡើង​ដោយ​ច្បាប់ ហើយ​ត្រូវ​បាន​រដ្ឋសភា​ផ្តល់​សេចក្តី​ទុក​ចិត្ត។ អ៊ីចឹង​ហើយ ធ្វើ​អី​ក៏ដោយ ក៏​តោង​តែ​ធ្វើ​ការ​ជាមួយ គ.ជ.ប។ ប៉ុន្តែ យើង​យក​បញ្ហា​ទាំងអស់​មក​ដាក់​លើ​តុ​ជាមួយ​គ្នា ជជែក​ជាមួយ​គ្នា ដោះស្រាយ​ជាមួយ​គ្នា ប្រកប​ដោយ​តម្លាភាព ហើយ​មាន​ការ​ទទួល​ខុស​ត្រូវ។ នេះ គឺ​យ៉ាង​ដូច្នេះ​ឯង ហើយ​យើង​ក៏​នៅ​តែ​សង្ឃឹម​ដែរ សង្ឃឹម​ថា បញ្ហា​នេះ​នឹង​ត្រូវ​បាន ទោះ​បី​បច្ចុប្បន្ន​នេះ គាត់​បាន​បដិសេធ ប៉ុន្តែ​សង្ឃឹម​ថា គាត់​នឹង​ត្រឡប់​មក​វិញ​ចូល​រួម​ដោះស្រាយ​បញ្ហា​នេះ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ទាំងអស់​គ្នា»
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ជំនឿ​លើ​សមាសភាព​ដែល​មាន​ត្រឹម​តែ​បី​ភាគី​ចូល​រួម​តាម​ការ​ស្នើ​ពី គ.ជ.ប ដោយ​លើក​ឡើង​ថា សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់ តែ​សិទ្ធិ​ពួក​គេ​ត្រូវ​បំបាត់​ដោយ​មិន​មាន​ការ​ធានា។
លោក យឹម សុវណ្ណ៖ «សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ ក៏​បង្កើត​ឡើង​ដោយ​ច្បាប់ ដោយ​ធានា​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់។ ចុះ​អ្នក​ដែល​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ តើ​អ្នក​ណា​ជា​អ្នក​ដោះស្រាយ? ប្រជាពលរដ្ឋ​ជា​ប្រជាពលរដ្ឋ​ខ្មែរ យើង​មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ទៅ​បោះ​ឆ្នោត។ ក៏ប៉ុន្តែ សិទ្ធិ​របស់​គាត់​ត្រូវ​គេ​លួច សិទ្ធិ​របស់​គាត់​ត្រូវ​បាន​គេ​បំបាត់ ហើយ​ការ​បំបាត់​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដែល​មាន​ភស្តុតាង​ស្ទើរ​តែ​គ្រប់​ខេត្ត​ទាំងអស់ ហើយ​កំហុស​ពី គ.ជ.ប។ សួរ​ថា តើ គ.ជ.ប បាន​ទទួល​ខុស​ត្រូវ​អ្វី​ខ្លះ​ចំពោះ​ការ​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ ចំពោះ​ឈ្មោះ​ស្ទួន​ដែល​យើង​មាន​ភស្តុតាង ចំពោះ​ឈ្មោះ​ដែល​ត្រូវ​គេ​បោះ​ជំនួស ចំពោះ​ការ​ក្លែង​បន្លំ​លិខិត​បញ្ជាក់​អត្តសញ្ញាណ និង​ការ​បាត់​លិខិត​បញ្ជាក់​អត្តសញ្ញាណ​រាប់​ម៉ឺន​ច្បាប់ តើ គ.ជ.ប បាន​ទទួល​ខុស​ត្រូវ ឬ​ក៏​អត់?»
គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​គណៈកម្មការ​ចម្រុះ ចំពោះ​កិច្ច​ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ត្រូវ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ គឺ​មាន​ន័យ​ថា មាន​សមាសភាព​ចូល​រួម​ឲ្យ​បាន​ច្រើន រួម​មាន​សមាសភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ដោយ​មាន គ.ជ.ប ជា​អ្នក​សម្រប​សម្រួល និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។
លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​ការ​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ ហើយ​ថា បើ​សិន​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មែន គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​អ្វី​ត្រូវ​ខ្លាច​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ភាគី​អង្គការ​សហប្រជាជាតិ​ធ្វើ​អាជ្ញា​កណ្ដាល​នេះ​ទេ៖ «យើង​ចង់​បាន​សមាសភាព​មួយ​ដែល​មាន​ឯករាជ្យ ហើយ​មាន​អព្យាក្រិត​ភាព​ដោះស្រាយ​បញ្ហា ព្រោះ​តែ​យើង​ចង់​បាន​ដំណោះស្រាយ​សន្តិវិធី។ ប្រសិន​ជា គ.ជ.ប គណបក្ស​កាន់​អំណាច​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហេតុ​អ្វី​បាន​ជា​មិន​បញ្ចូល យូ.អិន (UN) ទៅ​ក្នុង​គណៈកម្មការ​ដើម្បី​ធ្វើ​អាជ្ញា​កណ្ដាល។ ក្រែង​ពី​មុន​មក យើង​ធ្លាប់​បាន យូ.អិន ប្រទេស​មហា​អំណាច​ធំៗ គេ​ជួយ​ដោះស្រាយ​រហូត​ដល់​បាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ ហើយ​បើ​សិន​យើង​និយាយ​រឿង​ច្បាប់ ចុះ​អ្នក​ដែល​រំលោភ​ច្បាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ឈ្មោះ។ តើ​អ្នក​ហ្នឹង​បាន​ទទួល​ខុស​ត្រូវ​ប៉ុណ្ណា​ហើយ»
យ៉ាង​ណា​ក៏ដោយ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ចង់​ឃើញ​កម្ពុជា មាន​ការ​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​ឯករាជ្យ សន្តិវិធី និង​មាន​តម្លាភាព ដែល​អាច​ទទួល​យក​បាន​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ពី​គ្រប់​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​លោក​នឹង​ទន្ទឹង​រង់ចាំ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ដោយ​ផ្អែក​លើ​ការ​បោះ​ឆ្នោត​នេះ ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​យូរ​អង្វែង និង​ប្រកប​ដោយ​វិបុល​ភាព៕

No comments:

Post a Comment

yes