ការផ្លាស់ប្ដូរតួនាទីតំណាងរាស្ត្រនេះ ដើម្បីទុកឱកាសអោយយុវជនវ័យក្មេងបានបំពេញតួនាទីជាតំណាងរាស្ត្រ បើទោះបីជាពុំស្ថិតនៅក្នុងលេខរៀងដែលអាចទទួលបានអាសនៈក្នុងបញ្ជីឈ្មោះបេក្ខជនបោះឆ្នោតក៏ដោយ។ ការផ្លាស់ប្ដូរនោះ បានធ្វើអោយកូនប្រុសមន្ត្រីជាន់ខ្ពស់បីរូប នឹងទទួលបានតំណែងជាតំណាងរាស្ត្រវ័យក្មេង។
កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី កូនប្រុស លោក ស ខេង និងកូនប្រុស លោក សាយ ឈុំ នឹងទទួលបានអាសនៈក្នុងរដ្ឋសភាអាណត្តិថ្មី បើទោះជាពួកគេស្ថិតនៅក្នុងលេខរៀងក្រោមៗនៅក្នុងបញ្ជីបេក្ខជនបោះឆ្នោត។
ព័ត៌មាននៃការផ្លាស់ប្ដូរសមាសភាពអ្នកតំណាងរាស្ត្រគណបក្សនេះ បានផ្សព្វផ្សាយជាដំបូងដោយសារសារព័ត៌មាន ខេមបូឌា ដេលី នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប អះអាងថា ការសម្រេចផ្លាស់ប្ដូរសមាសភាពអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺដើម្បីផ្ដល់ឱកាសអោយយុវជនដែលមានសមត្ថភាព និងលេចធ្លោក្នុងបក្សបានបញ្ចេញស្នាដៃ ជំនួសអោយមន្ត្រីដែលមានវ័យចំណាស់។
ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បង្ហាញថា អនាគតអ្នកតំណាងរាស្ត្រវ័យក្មេងទាំង ៣រូប មិនបានឈរនៅលេខរៀងដែលអាចទទួលបានអាសនៈសភាឡើយ។ លោក ហ៊ុន ម៉ានី អាយុ ៣០ឆ្នាំ កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរនៅលេខរៀងទី៤ នៅមណ្ឌលកំពង់ស្ពឺ លោក ស សុខា កូនប្រុស លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឈរនៅលេខរៀងទី៦ នៅមណ្ឌលព្រៃវែង និង លោក សាយ សំអាល់ កូនប្រុស លោក សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា ឈរនៅលេខរៀងទី១០ នៅមណ្ឌលកំពង់ចាម។
យ៉ាងណា បើតាមការអះអាងរបស់ លោក ជាម យៀប អ្នកតំណាងរាស្ត្រវ័យចំណាស់ជាង ១០រូប នឹងមិនទទួលយកអាសនៈរបស់ខ្លួន ដើម្បីបើកផ្លូវអោយកូនប្រុសមន្ត្រីជាន់ខ្ពស់ទាំង ៣រូប និងអ្នកតំណាងរាស្ត្រវ័យក្មេងមួយចំនួនទៀត។
នាយកប្រតិបត្តិអង្គការ និកហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ច្បាប់បោះឆ្នោតបានធានាអោយមានការផ្លាស់ប្ដូរអ្នកតំណាងរាស្ត្រ ទៅតាមលំដាប់លេខរៀងក្នុងបញ្ជីបេក្ខជនដែលបានដាក់អោយ គ.ជ.ប។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មើលឃើញថា ការផ្ដល់ឱកាសសម្រាប់អ្នកជំនាន់ក្រោយ គឺជាប្រការដែលត្រូវកោតសរសើរ។ យ៉ាងណា លោក សុខ ទូច ស្នើអោយគណបក្សនយោបាយត្រូវសម្លឹងមើលសក្ដានុពលយុវជនផ្សេងទៀត ដើម្បីចៀសវាងការសម្រេចដែលទំនងអាចធ្វើអោយប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្ស នៅពេលដែលត្រូវពលរដ្ឋមើលឃើញថា មានបក្ខពួកនិយម។
យ៉ាងណាក៏ដោយ លោក ជាម យៀប ពុំបានឆ្លើយតបនឹងការបារម្ភចំពោះប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជា នេះឡើយ ប៉ុន្តែលោកបានអះអាងថា គណបក្សប្រជាជន បានជ្រើសរើសបេក្ខជនតំណាងរាស្ត្រដោយផ្អែកលើការពិនិត្យសមត្ថភាព និងការគាំទ្រពីសមាជិកបក្សគ្រប់ជាន់ថ្នាក់។
ជាទូទៅ អ្នកតំណាងរាស្ត្រគណបក្សប្រជាជន ដែលពុំទទួលយកអាសនៈ ភាគច្រើនបានទៅបំពេញតួនាទីក្នុងគណៈរដ្ឋមន្ត្រី។ ហើយនៅក្នុងការបោះឆ្នោតអាណត្តិទី៤ កន្លងទៅ ការបង្កើនចំនួនមន្ត្រីមានតួនាទីក្នុងគណៈរដ្ឋមន្ត្រី ត្រូវរិះគន់ថា ជារដ្ឋាភិបាលដែលមានក្បាលធំ៕
No comments:
Post a Comment
yes