សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 4, 2013

ពន្លឺយុត្តិធម៌​នឹង​កើតមាន​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​ជំនាន់​ដែល​រងគ្រោះ​ដោយសារ​អំពើ​ផ្តាច់ការ​


ការដឹកនាំ​មិន​ត្រឹមត្រូវ​តាមរបៀប​ផ្តាច់ការ មិន​គោរព​សិទ្ធិមនុស្ស​ផ្ទុយ​​ពី​​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ក្រុងប៉ារីស និង​ដើរ​ខុស​​គន្លង​​នៃ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​បានធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​រងទុក្ខវេទនា​ការជិះជាន់​សង្កត់សង្កិន​ការកាប់សម្លាប់ វាយ​ធ្វើបាប​គួរ​ឲ្យ​អា​ណោច​អា​ធ័ម​​បំផុត ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន បានធ្វើ​ពលិកម្ម​ធំធេង​ដើម្បី​បុព្វហេតុ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​បុព្វហេតុ​សង្គ្រោះ​ប្រ​ទេស​ជាតិ​ឲ្យ​រួច​ផុតពី គ្រោះមហន្តរាយ​។ សម្រាប់​ទិវា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​នៅពេល​នេះ លោក​ប្រធាន សម រង្ស៊ី នៅតែ​ចងចាំ​ជានិច្ច​នូវ​ពលិកម្ម​ដ៏​ធំធេង​របស់​បងប្អូន​ជន​រួម​ឈាម​ខ្មែរ បើទោះបីជា​បងប្អូន​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ទៅហើយ​ក៏ ដោយ ក៏​វិញ្ញាណក្ខន្ធ​របស់​បងប្អូន​ជា​វីរបុរស​ស្នេហា​ជាតិ នៅតែ​សណ្ឋិត​ជាមួយ​យើងទាំងអស់គ្នា និង​ជួយ​ឲ្យ​យើង​ទទួលបាន​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី ហើយ​ជា មួយ​ការ​ប្តេជ្ញាចិត្ត​ដ៏​មោះមុត​លោក ប្រធាន សម រង្ស៊ី បាន​បញ្ជាក់ថា ពន្លឺយុត្តិធម៌​នឹង​កើតមាន​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​រងគ្រោះ​។

ក្នុង​ទឹកមុខ​ស្រងូតស្រងាត់​រលី​ងរ​លោង​ទឹកភ្នែក លោក​ប្រធាន សម រង្ស៊ី បានរៀបចំ​ពិធី​តាមបែប​សាសនា​មួយ បង្សុកូល​ជូន​ដល់​វិញ្ញា​ណក្ខន្ធ​នៃ​ជនរងគ្រោះ​ដោយសារ​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ​យ៉ាង​សាហាវឃោរឃៅ​ដែល​មកដល់ពេលនេះ​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​និង​រងគ្រោះ​មិនទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ​ទេ​។ លោក ប្រធាន សម រង្ស៊ី បានរៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ ក្ខ​ន្ធ​ជនរងគ្រោះ​នៅមុខ​ស្តូប​អ្នកស្នេហាជាតិ​នៅ​ខាងត្បូង​ព្រះបរមរាជវាំង កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា នេះ​មានតម្លៃ​ខ្លាំងណាស់​ក្រៅពី​រំលឹក​នូវ​គុណបំណាច់​ដ៏​ធំធេង​របស់​វីរជន​ស្នេហា​ជាតិ​ដែល​បាន​លះបង់​អាយុជីវិត​ក្នុង​បុព្វហេតុ​ការពារ​យុត្តិធម៌ និង​សិទ្ធិសេរីភាព ក៏​ចង់​បញ្ជាក់​ពី​ភាព​អង់អាច​ក្លាហាន​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែល​មិន​ចាញ់​ការ​សម្លុត ការ​គំ រាម​កំហែង ឬ​ការសម្លាប់​នោះទេ​។​
​លោក​ប្រធាន សម រង្ស៊ី បាន​មានប្រសាសន៍ថា ”​យើង​សូម​គោរព​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​របស់​វីរ​បាតុករ​ដែល​បាន​លះបង់​អាយុជីវិត​កាល​ពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ ១៩៩៧ ហើយ​វត្តមាន​យើង​នៅថ្ងៃនេះ​បង្ហាញ​សាជាថ្មី​ម្តងទៀត ថា​យើង​មិន​ភ្លេច​អ្នកស្នេហាជាតិ​ដែល​បាន​បូជាជីវិត​សម្រាប់​ជាតិ​មាតុភូមិ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​និង​សម្រាប់​សិទ្ធិសេរីភាព យុត្តិធម៌​របស់​ជន​រួម​ឈាម​ខ្មែរ​ទាំងអស់​។​អ្វីៗ​ដែល​យើង​ធ្វើ​កំពុងតែ​ធ្វើ និង​ត្រូវ​បន្តធ្វើ​តទៅ​ថ្ងៃមុខ​ទៀត គឺ​ដើម្បី​បញ្ចប់​ទម្លាប់​អាក្រក់ ដែល​អ្នកមានអំណាច​ប្រើ​អំណាច​ផ្តាច់ការ​របស់ខ្លួន​ធ្វើបាប​ប្រជារាស្ត្រ​ស្លូតត្រង់ ប្រជារាស្ត្រ​ទន់ខ្សោយ រហូតដល់​សម្លាប់​ខ្មែរ​គ្នាឯង​ជា​អំពើ​អយុត្តិធម៌​បំផុត​នៅលើ​លោក​”​។​
​លោក​ប្រធាន សម រង្ស៊ី បានបញ្ជាក់​ទៀតថា ”​ការ​គប់​គ្រាប់បែក​ទៅលើ​ក្រុមបាតុករ​អហិង្សា កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ នោះ​គឺជា​អំពើ​សាហាវឃោរឃៅ​បំផុត​យើង​មិនអាច​បំភ្លេច​បានទេ ហើយ​ជា​រៀងរាល់ឆ្នាំ​ស មា​ជិ​ក​គណបក្ស​ជាតិខ្មែរ បន្ត​មកទៀត​គណបក្ស សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​យើង​តែងតែ​មកជួប​ជុំគ្នា​នៅទីនេះ​ដើម្បី​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​បុណ្យ​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ ហើយ​ដើម្បី​ឲ្យ​បងប្អូន​យើង​នៅ​ទូទាំងប្រទេស​ទូទាំង​ពិភពលោក​នៅទីណា​មាន​ជនជាតិខ្មែរ​ត្រូវតែ នឹក​គុណ​ដល់​អ្នកស្នេហាជាតិ​ដែល បាន​បូជាជីវិត​សម្រាប់​យើងទាំងអស់គ្នា សម្រាប់​កូនចៅ​យើង​”​។ ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាណ ក្ខ​ន្ធ​វីរ​បាតុករ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អយុត្តិធម៌​គេ​សង្កេត ឃើញ​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ចូលរួម​ហើយ​សម្តែង​នូវ​ភាព​ក្តុ្ក​ក​ក្តួល​រលីងរលោង​ទឹកភ្នែក សូម្បី តែ​លោក​ប្រធាន សម រង្ស៊ី ដែល​បាន​ថ្លែង​ទៅកាន់​អង្គពិធី​បាន​អួលណែន​ដើម​.​ក និយាយ​អ្វី​សឹង​មិន​ចេញ​ដោយសារ​ស្រណោះ​អាឡោះ អាល័យ​និង​សោកស្តាយ​ចំពោះ​ការកាប់សម្លាប់​ខ្មែរ​គ្នាឯង ក្នុង​បុព្វហេតុ​តោង​អំណាច​ដែល​ត្រង់ចំណុច​នេះ ប្រវត្តិសាស្ត្រ​នឹង​ចាត់ទុក​នូវ​អំពើ​សាហាវឃោរឃៅ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង​បានឃើញ​គ្រប់ៗ​គ្នា​។​
​លោក​ប្រធាន សម រង្ស៊ី បាន​បន្តទៀតថា ”​ទោះជា​ខ្ញុំ សម រង្ស៊ី​បាន​ចាក​ឆ្ងាយ​ពី​មាតុភូមិ​អស់​រយៈ ពេល​ជិត​៤​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​គ្មាន​ថ្ងៃ​ណា​មួយ គ្មាន​វិនាទី​ណាមួយ​ដែល​ខ្ញុំ​ភ្លេច​ទឹកដី​កំណើត​របស់ខ្ញុំ គ្មាន​ពេលវេលា​ណាមួយ​ដែល​ខ្ញុំ​ភ្លេច​ជនជាតិខ្មែរ​សាច់ឈាមរ​បស់បង​ប្អូន​ជន​រួម​ជាតិ​ទាំងអស់ ហើយក៏​គ្មាន​ថ្ងៃ​ណាមួយ​ដែល​ខ្ញុំ​ភ្លេច​អ្នកតស៊ូ ដែល​អ្នក​បាន​តស៊ូ​មិន​ខ្លាច​លះបង់​អាយុជីវិត ជា​ពិ សេស​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង មកនេះ​។ ការបូជា​ជីវិត​ដើម្បី​បុព្វ ហេតុ​ជាតិ របស់​បងប្អូន​ទាំងអស់​មានតម្លៃ ខ្លាំងណាស់ ដូច្នេះ​ការងារ​ដែល​យើង​ត្រូវធ្វើ​បន្តទៀត​នេះ គឺ​ស្រោចស្រង់​សង្គ្រោះ​ប្រ ទេស​ជាតិ​យើង ដើម្បី​រៀបចំ​ប្រ ទេស​ជាតិ​យើង ឲ្យ​មាន​ភាព​ស្អាតស្អំ​ឲ្យ​មាន​សេរីភាព​យុត្តិធម៌​ហើយ ខ្ញុំ​ជឿថា​ជោគជ័យ​យើង​បានមក​ដល់​ហើយ​”​។
​ជាមួយនឹង​ភាព​អួលណែន​ដើម​.​ក អាណិតអាសូរ​ចំពោះ​ឈាម​ខ្មែរ​ស្នេហា​ជាតិ​ដែល​បាន​ហូរ​ស្រក់​ពេញ​ព្រះធរណី​ក្នុង​បុព្វហេតុ​ការ​ពារ​ជាតិ ការពារ​លទ្ធិប្រជាធិបតេយ្យ លោក​ប្រធាន សម រង្ស៊ី បានបញ្ជាក់​ដោយ​ភាពក្លាហាន​ថា ”​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ព្រលឹង​វីរ​បាតុករ​ដែល​បាន​លះបង់​បូជា​អាយុជីវិត​ដើម្បី​សង្គ្រោះ​ជាតិ ដើម្បី​បុព្វហេតុ​នៃ​លទ្ធិប្រជាធិបតេយ្យ លោក​នឹង​បែរមក​ឃើញ​យើង​សម្រេច​ជោគជ័យ​មក​អបអរសាទរ​អ្នកតស៊ូ​ដែល​កំពុង​បន្ត​បេសកកម្ម​ដ៏​អង់អាច​ក្លាហាន​ធ្វើការ​សង្គ្រោះ​ជាតិ ស្វែងរក​ការពិត​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំងអស់​គ្រប់​ជំនាន់​ដើម្បី​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ជា​វីរជន​ស្នេហា​ជាតិ​ទាំងអស់​បាន​ទៅកាន់​សុ​គតិ​ភព​​និង​ទៅកាន់​ឋាន​ស្ងប់​សុខ​”​។ ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​របស់​វីរ​បាតុករ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អយុត្តិធម៌​នៅពេលនេះ​ធ្វើឡើង​ក្រោម​បរិយាកាស​ក្តុកក្តួល​អួលណែន​ដើម​.​ក សោកសៅ​យ៉ាង​ក្រៃលែង​ខុសពី​ពេលណាៗ​ទាំងអស់​ព្រោះ​នៅពេល​អ្នក​ដែល​ស្នេហា​ជាតិ អ្នកប្រជាធិបតេយ្យ​ទទួលបាន​ជ័យជំនះ បងប្អូន​ជនរងគ្រោះ​ទាំងអស់ បាន​ស្លាប់​បាត់បង់​អាយុជីវិត​ទៅហើយ​។ ដូច្នេះ​អ្នក​បន្តវេន​ក្នុង​បេសកកម្ម​ដើម្បី​បុព្វហេតុ​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​ដើម្បី​រំដោះប្រទេស​ជាតិ​ឲ្យ​រួច​ផុតពី​អំពើ​ផ្តាច់ការ សូម​ប្តេជ្ញា​យ៉ាង​មោះមុត​ធ្វើ​ការងារ​ដើម្បី​ជាតិ​មាតុភូមិ​យ៉ាង​អង់អាច​ក្លាហាន​តទៅទៀត​។​
​គេ​នៅ​ចាំបាន​ថា កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៣ អំឡុង​ពេលដែល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នាំគ្នា​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជូន​វីរ​បាតុករ​ទាំងអស់ លោក​ប្រធាន សម រង្ស៊ី បាន​ប្តេជ្ញា​រួចហើយ​ថា ចាប់ពី​ឆ្នាំ​២០១៤​នេះ​តទៅ គឺ​ក្រោយពេល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត នឹង​រៀបចំ​ប្រព័ន្ធតុលាការ​ឲ្យ​ឯករាជ្យ ដើម្បី​លុបបំបាត់​ទម្លាប់​ដ៏​អាក្រក់​នៃ​ការកាប់សម្លាប់​ជាតិ​សាសន៍​ឯង​យ៉ាង សាហាវឃោរឃៅ​និង​សំដៅ​បញ្ចប់ វប្បធម៌​និ​រ​ទណ្ឌ​ភាព​ទាំងអស់​តាមរយៈ​ការនាំយក​ឃាត​កដៃ​ឆៅ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ទៅ​ផ្តន្ទាទោស​និង​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​កម្ម​ដែល​ពួកគេ​បាន​សាង​ឡើង​។ ជាមួយនឹង​ការ​ប្តេ​ជ្ញា​ចិត្ត​ស្វែងរក​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ​រងគ្រោះ​គ្រប់​ជំនាន់​ឲ្យ​ទទួលបាន​ពន្លឺយុត្តិធម៌​ឡើងវិញ គេ​សង្កេតឃើញ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​បាន​អបអរ​ស្វាគមន៍​និង​តាំងចិត្ត​រួមចំណែក​ជាមួយ លោក​ប្រធាន សម រង្ស៊ី ក្នុងការ​បំពេញ​បេស ក​កម្ម​បម្រើ​ជាតិ​មាតុភូមិ​យ៉ាង​អង់អាច​ក្លា​ហាន​​ទប់ស្កាត់​កុំ​ឲ្យ​អំណាច ផ្តាច់ការ​និង​ការកាប់សម្លាប់​ជាតិ​សាសន៍​ឯង​វិលត្រឡប់​មកវិញ​លើទឹក​ដី​ប្រទេស​កម្ពុជា​៕​

No comments:

Post a Comment

yes