ប៉ូលិសប្រើគ្រាប់បែកផ្សែង និងឡានទឹកដើម្បីវាយបំបែកហ្វូងបាតុករ
នៅថ្ងៃអាទិត្យ ទី ១៥កញ្ញា
វិទ្យុ បារាំងអន្តរជាតិ
យុវជនម្នាក់បានស្លាប់ដោយគ្រាប់កាំភ្លើងរបស់ប៉ូលិស និងបីនាក់ផ្សេងទៀតរងរបួស នៅក្នុងការប្រឈមមុខដាក់គ្នាដាច់ដោយឡែកគ្នាមួយ រវាងក្រុមយុវជនមួយក្រុម ជាមួយប៉ូលិស នៅម្តុំស្ពានក្បាលថ្នល់។ នេះបើតាមព័ត៌មានពីលោកចាន់ សាវ៉េត មន្រ្តីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក ដែលវត្តមាននៅកន្លែងកន្លែងកើតហេតុ នៅយប់ថ្ងៃអាទិត្យទី ១៥ កញ្ញានេះ។
តាមលោកចាន់ សាវ៉េត ប៉ូលិសបានប្រើគា្រប់កាំភ្លើងពិត គ្រាប់បែកផ្សែង និងឡានទឹកបាញ់លើក្រុមយុវជនជាង៣០នាក់ ដែលបានប្រឈមមុខតទល់ជាមួយជាមួយប៉ូលិស ដែលមានប្រមាណ៣ពាន់នាក់។ តាមលោកចាន់ សាវ៉េត យុវជនមួយក្រុមនោះមិនស្ថិតនៅក្នុងចំណោមក្រុមបាតុករដឹកនាំដោយគណបក្សសង្រ្គោះជាតិទេ ដោយសារគណបក្សសង្រ្គោះជាតិបានរំសាយបាតុកម្មតាំងតែពីរសៀលម្ល៉េះ។ គេមិនដឹងថា តើយុវជនមួយក្រុមនោះមានប្រភពមកពីណាទេ ប៉ុន្តែ តាមលោកចាន់ សាវ៉េត ពួកយុវជនខឹង តវ៉ាចំពោះការបិទផ្លូវ ដែលធ្វើឡើងដោយអាជ្ញាធរចាប់តាំង ពីម៉ោង បីព្រឹកភ្លឺ នៅថ្ងៃ អាទិត្យ។ ការបិទផ្លូវដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ខ្លាំងនៅម្តុំស្ពានមុនីវង្ស។
បើតាមលោកចាន់ សាវ៉េតដដែល យុវជនដែលត្រូវស្លាប់ដោយគ្រាប់ប៉ូលិស មិនមែនជាមនុស្សក្នុងចំណោមយុវជនទាំងជាង៣០នាក់នោះទេ ប៉ុន្តែ គឺគ្រាន់តែអ្នកមើល។ ចំណែកមនុស្សបីនាក់ផ្សេងទៀត បានរងរបួសដោយគ្រាប់កំាភ្លើង ឬភ្លើងដែលចេញពីគ្រាប់បែកផ្សែងរបស់ប៉ូលិស។ លោកចាន់សាវ៉េត ដែលនៅកន្លែងកើតហេតុ រហូតដល់ម៉ោង១០កន្លះយប់ ថ្ងៃអាទិត្យ បាននិយាយថា លោកឃើញគេចាប់មនុស្សយ៉ាងតិច ១០នាក់ នៅក្នុងការប្រឈមមុខមួយប្រាវរវាងក្រុមយុវជន និងប៉ូលិស៕
No comments:
Post a Comment
yes